វិភាគ៖ តើការប្រកាស“បទឈប់បាញ់”នយោបាយមានប្រសិទ្ធិភាពកម្រិតណា?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស “បទឈប់បាញ់” នយោបាយមួយ ដែលសំដៅដល់ការឈប់បង្កើតសង្រ្គាមពាក្យសំដីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅក្នុងរដូវកាលធ្វើបុណ្យទានឬអំឡុងពេលភ្ជុំបិណ្ឌនេះ។

សង្រ្គាមពាក្យសំដីរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សសង្រ្គោះជាតិ បានកើតឡើងប្រហែលមួយឆ្នាំហើយ ពោលចាប់តាំងពីលោក សម រង្ស៊ី ចេញទៅក្រៅប្រទេស។

កាលពីព្រមចូលសភាឆ្នាំ២០១៤ បន្ទាប់ពីធ្វើពហិកាជាងមួយឆ្នាំក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អះអាងថា ឥស្សរជននយោបាយកំពូលទាំងពីរនេះគឺជាស្ថាបនិកនៃវប្បធម៌សន្ទនា។ ជាវប្បធម៌មួយដែលមេដឹកនាំនយោបាយទាំងពីរ អះអាងថា បង្កើតឡើងដើម្បីជជែកគ្នាក្នុងផលប្រយោជន៍ជាតិ និងប្រើភាសាថ្លៃថ្នូរជាជាងវាយប្រហារដោយពាក្យសំដី។

ប៉ុន្តែមកដល់ពេលនេះ អ្នកវិភាគថា វប្បធម៌សន្ទនាត្រូវបានអ្នកនយោបាយទាំងពីរទទួលស្គាល់ថាបាន”ស្លាប់បាត់ទៅហើយ”។ ស្លាប់បាត់ដោយសារតែគណបក្សប្រឆាំងទាមទារឲ្យយកវប្បធម៌សន្ទនាទៅជជែកពី ដំណោះស្រាយនយោបាយ ពោលឲ្យមានការដោះលែងអ្នកនយោបាយដែលជាប់ឃុំ ប៉ុន្តែគណបក្សកាន់អំណាចបានទាត់ចោលសំណើរនោះ។

នៅពេលដែលគណបក្សធំៗទាំងពីរនេះ បែរខ្នងដាក់គ្នាប្រហែលមួយឆ្នាំ ហើយមេដឹកនាំគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោស និងអ្នកតំណាងរាស្ត្រត្រូវបានចាប់ឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិនោះ ប្រទេសមហាអំណាចទាំងសេដ្ឋកិច្ច និងប្រជាធិបតេយ្យចំនួន៣៦ បានចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យរដ្ឋាភិបាលកម្ពុជា ធានាការតួនាទីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជា។

ក្រុមអ្នកវិភាគយល់ថា សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិលើកចុងក្រោយនេះ គឺជាសម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុបព្រមានផ្តាច់ជំនួយ ដោយសារតែមានការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំងកន្លងមក។

យ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចេញកម្លាំងទ័ពទាំងជើងគោក ជើងទឹក និងជើងអាកាសនៅក្រវែលជុំវិញស្នាក់គណបក្សប្រឆាំងនោះ លោក ហ៊ុន សែន បានប្រកាសថា “បទឈប់បាញ់” នយោបាយមួយហាក់បីដូចជាបានត្រូវរ៉ូវគ្នាកាលពីថ្ងៃអង្គារ។

តើការប្រកាស“បទឈប់បាញ់”នយោបាយមានប្រសិទ្ធិភាពកម្រិតណា?

លោក សូ ចន្ថា អ្នកវិភាគនយោបាយមានប្រសាសន៍ថា បទឈប់បាញ់”នយោបាយមានប្រសិទ្ធិភាពឬមិនមានប្រសិទ្ធិភាពអាស្រ័យលើអារម្មណ៍អ្នកនយោបាយ ។ លោកមានប្រសាសន៍ថា

“ឯកភាពនិងមានការគាំទ្រទៅនិងលើការលើកឡើងថាឲ្យមានបទឈប់បាញ់នយោបាយប្រើវោហារសព្ទនយោបាយគ្រោធគ្រាធដែលជាគំរូមិនល្អដល់ប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយក៍ប៉ុន្តែខ្ញុំមានហាក់ដូចជាមានជំនឿរឹងមាំថាការឈប់រិះគន់គ្នាដល់អ្នកនយោបាយនៅកម្ពុជាអាចនឹងត្រូវបញ្ចាប់ចាប់ពីពេលនេះតទៅទេ។ ការលើឡើងបែបនេះហាក់ដូចជាចង់បន្ធូរស្ថានភាពនយោបាយឬស្ថានការណ៍នៅកម្ពុជានាពេលបច្ចុប្បន្នតែប៉ុណ្ណោះ”។

អ្នកនយោបាយនៅប្រទេសប្រជាធិបតេយ្យមួយចំនួនដូចជានៅអាមេរិក គេវាយប្រហារពាក្យសំដីតែក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតប៉ុណ្ណោះ ។ តែក្រោយពីនោះ គេនាំគ្នាពង្រឹងការអនុវត្តច្បាប់និងជំរុញកំណើនសេដ្ឋកិច្ច។

លោក សូ ចន្ថា កត់សំគាល់ពីភាពខុសគ្នារវាងយុទ្ធសាស្ត្ររបស់អ្នកនយោបាយនៅកម្ពុជា និងយុទ្ធសាស្ត្ររបស់អ្នកនយោបាយនៅប្រទេសប្រជាធិបតេយ្យធំៗ ។ លោកមើលឃើញថា

“មានន័យថាបុគ្គលិកលក្ខណ:អាកប្បកិរិយារបស់គាត់បែបហ្នឹងចឹងអី្វដែលជាការធើ្វនយោបាយ គាត់ធើ្វបែបនេះប្រើហិង្សានិយមប្រើការវាយប្រហារជាមូលដ្ឋានដើម្បីទាក់ទាញសន្លឹកឆោ្នត ឬដើម្បីធ្វើឲ្យដៃគូប្រជែងចុះខ្សោយ។ ចំណុចទី២ យើងមើលទៅពាក់ព័ន្ធទៅនឹងរបៀបធើ្វនយោបាយបែបចាស់គំរិលរបស់អ្នកនយោបាយនៅកម្ពុជា មានន័យថាអ្នកនយោបាយនៅកម្ពុជាហាក់ដូចជាមិនបានទទួលយកនូវអី្វដែលគេហៅថាជាវប្បធម៌នយោបាយបែបប្រជាធិបតេយ្យដែលមានការអត់ឱនមានការយោគយល់ចាត់ទុកការប្រកួតប្រជែងគ្នាក្នុងទីលាននយោបាយគឺការប្រកួតប្រជែងគោលនយោបាយ ការប្រកួតប្រជែងគំនិត ជាជាងការវាយប្រហារគ្នា”។

គណបក្សប្រឆាំងបានប្រកាសថានឹងប្រើកម្លាំងមហាជនធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើបាបគណបក្សខ្លួន និងអ្នកការពារសិទ្ធិមនុស្ស។ ប៉ុន្តែជាការឆ្លើយតបវិញ គណបក្សកាន់អំណាចព្រមានប្រើកម្លាំងប្រដាប់អាវុធវាយបង្រ្កាប។

អ្នកប្រឹក្សាយោបល់ឯករាជ្យ ដែលមានជំនាញខាងអភិបាលកិច្ច និងប្រជាធិបតេយ្យ លោកបណ្ឌិត ចាន់ វិបុល វិភាគថា ការប្រកាសបទឈប់បាញ់របស់លោកនាយករដ្ឋមន្រ្តី ដោយសារតែដើរចំណុចទាល់ច្រករៀងៗខ្លួន ។ លោកយល់ថា”អី្វដែលខ្ញុំអាចយល់បានគឺ គាត់ប្រហែលអាចបញ្ជាក់ថាវាដល់ពេលវេលាមួយដែលការសង្រឺ្កតមាត់ដាក់គ្នាការបង្ហាញពីកម្លាំងបាយរៀងៗខ្លួនដោយមិនចូលទៅជជែកគ្នាក្នុងសភាដែលជាកន្លែងទីតាំងស្របច្បាប់របស់រដ្ឋាភិបាលដែលកើតឡើងដោយការបោះឆោ្នតវាមិនមានប្រសិទិ្ធភាពទេ

លោកបណ្ឌិត ចាន់ វិបុល ចាត់ទុកថា ការវិលទៅរកតុចរចាគឺជាជំរើសល្អមួយដែលមានការសាទរ។

ទោះជាយ៉ាងណា លោកកត់សង្កត់ធ្ងន់ថា បើគ្រាន់តែការចរចាដោះស្រាយភាពទាល់ច្រកមួយគ្រាៗ ហើយមិនពង្រឹងយន្តការអនុវត្តច្បាប់ឲ្យប្រសិទ្ធិភាព ដោយប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយនោះ លោកថា បញ្ហានឹងមិនអាចបញ្ចប់បានឡើយ ។ លោកមានប្រសាសន៍ថាយើងឃើញថាប្រសិនបើវាមានប្រសិទ្ធិភាពបានលុះត្រាតែលោកនាយករដ្ឋមន្រី្តនិងមេដឹកនាំគណបក្សទាំងពីរទៅចូលរួមជជែកគ្នានៅក្នុងសភាហើយចាប់ផ្ដើមពិនិត្យទៅលើប្រព័ន្ធគ្រប់គ្រងច្បាប់មានន័យថាពិនិត្យទៅលើប្រព័ន្ធតុលាការ មើលទៅលើកងកម្លាំងប្រដាប់អាវុធ និងមន្រី្តសាធារណៈអត់ឯករាជ្យ។ ពេលជជែកគ្នានៅលើប្រធានបទលើកនេះ យើងជជែកគ្នារឿងនយោបាយដូចពីមុន  បើមិនចឹងទេខ្ញុំយល់ឃើញថាសេចកី្ដប្រកាសរាប់រយដងទៀតក៍មិនមានប្រសិទ្ធិភាពដែរ។ យើងពិនិត្យមើលឃើញចឹងមែននៅក្នុងអតីតកាល

កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល ពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។ ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ