ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង ដែលលោក ហ៊ុនសែន ប្តឹងសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ជំនុំជម្រះ។
លោក លី សុផាណា ព្រះរាជអាជ្ញារងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញ ទំនាក់ទំនងសង្គម Telegram នៅថ្ងៃទី២២ខែកញ្ញាថា លោក បានបញ្ជូនសំណុំរឿងលោក ហ៊ុន សែនប្តឹង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី១ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្តឹងលោកស្រី ថាក់ ឡានី ដោយចោទថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ មូលបង្កាច់រូបលោកថា នៅពីក្រោយការសម្លាប់លោកកែម ឡី។ ប៉ុន្តែលោកស្រី ថាក់ ឡានី ធ្លាប់បានបកស្រាយថា លោកស្រី មិនបានចោទលោក ហ៊ុន សែន ដូចការលើកឡើងនោះទេ។