បក្សប្រឆាំងបង្ហាញជំហរព្រង្រឹងអំណាចថ្នាក់ក្រោមជាតិ ខណៈការបោះឆ្នោតឃុំ​សង្កាត់ជិតមកដល់

គណបក្សប្រឆាំង អះអាងថា មន្ត្រីនៅថ្នាក់ក្រោមជាតិ បានដើតួនាទីសំខាន់ ក្នុងការជំរុញយន្តការប្រជាធិបតេយ្យ បើពួកគេមានថវិកាគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍឃុំ សង្កាត់ ឆ្លើយតមទៅនឹងតម្រូវការរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

ការអះអាងរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងចំពេលដែលការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ជិតចូលមកដល់។

ប្រាប់អ្នកគាំទ្រនៅស្នាក់ការបណ្តាលគណបក្ស នាព្រឹកថ្ងៃទី២៣ខែកញ្ញានេះ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ អះអាងថា មន្ត្រីឃុំសង្កាត់បច្ចុប្បន្ននេះ ពួកគេគ្មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើមន្ទីរពេទ្យ សាលារៀន ឬធ្វើប្រឡាយទឹក ដើម្បីបំពេញតម្រូវការ របស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានទេ។

លោក ហូរ វ៉ាន់ ឲ្យដឹងទៀតថា ការគ្មានថវិកាគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍ ឃុំ សង្កាត់ ដោយខ្លួនឯង លោកថា ធ្វើអាជ្ញាធរថ្នាក់ក្រោមជាតិបាត់បង់អំណាច ហើយពឹងផ្អែកតែថ្នាក់ជាតិ ឬរដ្ឋាភិបាល។

បើតាម លោក ហូរ វ៉ាន ការបាត់បង់អំណាចនៅថ្នាក់ក្រោយជាតិ នេះ លោកថា ជាការបាត់បង់អំណាចមួយ ក្នុងការជំរុញល្បឿន ប្រជាធិតបេយ្យមួយនៅថ្នាក់មូលដ្ឋាន ឬហៅថាវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។

លោកថា៖«វិមជ្ឈការវាគូគ្នានឹងប្រជាធិបតេយ្យ ស្រុកប្តេចការអត់ធ្វើទេ វិមជ្ឈការ យល់ទេ មានតែស្រុកប្រជាធិបតេយ្យទេដែលធ្វើវិមជ្ឈការ ព្រោះអាហ្នឹងផ្ទេរអំណាចទៅក្រោម  ហើយចុះបើស្រុកប្តេចការផ្ទេរអំណាចទៅក្រោម វាមិនទម្លាក់អាលើហើយ។ហើយយើង[រដ្ឋាភិបាល]មិនអញ្ចឹងដែរ បើឲ្យទាំងអស់មិនធ្លាក់អាលើហើយ ។

តែយើងប្រជាធិបតេ្យ ត្រូវការប្តូរទៅវិញទៅមក មិនមែនយើងចង់ធ្វើនាយករដ្ឋមន្ត្រីអមតៈទេ នាយករដ្ឋមន្ត្រីរហូតទេ វិមជ្ឈការនឹងវាគូគ្នានិងប្រជាធិបតេយ្យអញ្ចឹង»។

បើតាមលោក ហូរ វ៉ាន់ ការដែលថ្នាក់ក្រោមជាតិ គ្មានអំណាច ការអភិវឌ្ឍន៍នានា ថ្នាក់ជាតិ ឬរដ្ឋាភិបាល មិនសូវស្តាប់អាជ្ញាធរមូលដ្ឋានទេ ដែលលោកថា នាំឲ្យគម្រោងអភិវឌ្ឍន៍មួយចំនួនមានការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។

តំណាងរាស្ត្រមួយរូបទៀត គឺលោកឡុង ប៊ុន្នី អះអាងថា ថវិកាជាតិដែលរដ្ឋាភិបាលទម្លាក់ឲ្យក្នុងមួយឃុំ សង្កាត់ គិតជាមធ្យមប្រមាណជា២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ស្មើនឹង២ភាគរយនៃថវិកាជាតិប៉ុណ្ណោះ។

សមាជិកក្រុមប្រឹក្សាឃុំមួយរូប របស់គណបក្សសង្គ្រោះជាតិ លោក ទេព ប៊ុនលី អាយុ៦៦ឆ្នាំ លើកឡើងដែរថាការគ្មានថវិកាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍឃុំសង្កាត់នេះ លោកថា ធ្វើឲ្យអាជ្ញាធរ បំពេញតួនាទីតម្រូវចិត្ត តែថ្នាក់លើ មិនសូវអើពើបញ្ហារបស់ពលរដ្ឋ។

លោកថា៖«ខ្ញុំបានសំណូមពរទៅលោកមេឃុំថា ថវិការ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សូមលោកមេឃុំចែករំលែក មួយភាគទៅស្តាប្រឡាយ ព្រោះប្រឡាយវារីញអស់ហើយទាន លោកមេឃុំថា វាសំខាន់ទៅលើថ្នាក់លើដាក់ចុះ ឥឡូវធ្វើផ្លូវប៉េតុងសិន ដើម្បីសម្ព័ន្ធភាពមូលដ្ឋាន ចាក់ប៉េតុង អញ្ចឹងអាប្រឡាយរីញៗទៅ អ្នកស្រែអត់អង្កអត់ទៅ គាត់អត់ខ្វល់»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា អះអាងថា ថវិកាឃុំសង្កាត់នេះ រដ្ឋាភិបាលបានបង្កើនជារៀងរាល់ឆ្នាំ ។លោកថាពិសេសនៅឆ្នាំ២០១៦នេះបានបង្កើនជាង១០ភាគរយ។

បើតាម លោក សក់ សេថា បញ្ហាថវិកាជារឿងមួយ ប៉ុន្តែលោកថា អ្វីដែលសំខាន់ជាងនេះ គឺន្ត្រីនៅថ្នាក់ឃុំសង្កាត់នោះ ត្រូវចេះពន្យល់ពលរដ្ឋឲ្យចូលរួមពង្រឹងអំណាចនៅថ្នាក់ក្រោមជាតិ ។

លោកថា៖«វាមិនចំណុះតែលើប្រាក់មួយមុខទេ ។ប៉ុន្តែបើយើងមានប្រាក់ច្រើនតែយើងគ្មានសមត្ថភាពចាត់ចែង យើងមិនមានការចូលរួមពីប្រជាជន អត់មានភាពជាម្ចាស់ក៏ប្រសិទ្ធិភាពវា មានកម្រិតដែរ»។

កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជាមាន១៦៣៣ឃុំ សង្កាត់ ប៉ុន្តែនៅឆ្នាំ២០១៦នេះ ចំនួនឃុំសង្កាត់នេះអាចឡើងជាង១០ឃុំសង្កាត់ បន្ថែមដោយរដ្ឋាភិបាលពុះបំបែកជាពីរឬបំបែកជាបី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ