ខៀវ សានសាណា ​​​​ប្រកាស​រៀប​ការអោយ​ផ្អើល ​

មកទល់ពេលនេះពិធីការិនីល្បីឈ្មោះអ្នកនាង ខៀវ សានសាណា នៅមិនទាន់បង្ហើបអោយដឹងពីថ្ងៃមង្គលការនៅឡើយទេ ប៉ុន្តែតារាស្រីរូបនេះ បានប្រកាសថាខ្លួននឹងរៀបការអោយផ្អើល បើទោះជាអាពាហ៍ពិពាហ៍នោះមិនធ្វើដល់រាប់រយតុដូចតារាសិល្បៈល្បីឈ្មោះផ្សេងទៀត។ អ្នកនាងថារវាងនាង និងលោក Seraj Satton  គឺមិនស្ថិតក្នុងសភាពរស់នៅជាមួយគ្នាដោយដើរគន្លងប្រពៃណីបែបនេះរហូតទេ ដោយគ្រាន់តែការកំណត់ពេលវេលានៅមិនទាន់បានកំណត់ប៉ុណ្ណោះទើបចេះតែពន្យាពេល។

អ្នកនាងខៀវ សានសាណា បញ្ជាក់ថា ការពិតអ្នកនាងត្រូវកំណត់ថ្ងៃអាពាហ៍ពិពាហ៍នៅពាក់កណ្ដាលខែតុលាខាងមុខ ប៉ុន្តែមកពីការគ្រោងទុកចេះតែមានការរំខានទើបនាង និងអនាគតស្វាមីសម្រេចលើកពេល។ អ្នកនាងគ្រោងនឹងរៀបការក្នុងពេលឆាប់ៗ ប៉ុន្តែបដិសេធបង្ហើបអោយដឹងពីការកំណត់ជាថ្មី ដោយអះអាងថាចាំអោយកៀកនឹងដល់ពេលគិតឃើញ ទើបធ្វើការប្រកាសតែម្ដង។ អ្នកនាងនិយាយថា«ខ្ញុំការឆ្នាំហ្នឹងតែអត់ដឹងថាពេលណាទេ សុំលាក់សិន ចាំដល់ពេលខ្ញុំនឹងប្រាប់មុនគេ អត់លាក់ទេ!»។ អ្នកនាងថាហេតុផលដែលនាំអោយមានការលាក់បាំងគឺដោយសារតែអ្នកនាង និងគូស្នេហ៍មិនទាន់កំណត់នៅឡើយពាក់ព័ន្ធនឹងមង្គលការនោះ។ អ្នកនាងនិយាយថាការងារមុខជំនួញ និងភាពរវល់ក្នុងការចាត់ចែងគឺការរាំងស្ទះ ដែលនាំអោយអ្នកនាងកំណត់ថ្ងៃការអោយពិតប្រាកដមិនទាន់បាន ហើយដោយសារតែការជ្រើសថ្ងៃនៅមិនទាន់ឯកភាពនៅឡើយ។ អ្នកនាងនិយាយថា«លូវហ្នឹងមិនមែនថាខ្ញុំមិនចង់ប្រាប់ទេ ប៉ុន្តែអត់ទាន់កំណត់ម្មង ព្រោះអាងថាខ្ញុំការអត់ធ្វើអីធំដុំទេ ប៉ុន្តែខ្ញុំធានានឹងធ្វើអោយផ្អើល!»។ អ្នកនាងថាមកទល់ពេលនេះ អ្នកនាងមិនទាន់ជ្រើសរើសកន្លែងរៀបការ និងបោះសំបុត្រការនៅឡើយទេ ដោយសារតែរង់ចាំអោយមានការឯកភាពគ្នាសិន។ យ៉ាងណាក៏ដោយ អ្នកនាងថាអាពាហ៍ពិពាហ៍របស់ខ្លួនមិនពិបាកក្នុងការរៀបចំនោះទេ ដោយសារតែអ្នកនាងប្រកាសថាមិនធ្វើច្រើនតុ ប៉ុន្តែនឹងរៀបចំអោយល្អឥតខ្ចោះជាពិសេសគឺផ្នែកដេគ័រ និងការផ្សព្វផ្សាយ។ អ្នកនាងនិយាយថា«ការខ្ញុំភ្ញៀវអត់ច្រើនទេ ប៉ុន្តែខ្ញុំធានានឹងធ្វើអោយផ្អើល ហើយអត់យូរទេនឹងឃើញ តិចទៀតដឹងហើយ»។

អ្នកនាងសានសាណា ប្រកាសថារវាងអ្នកនាង និងលោក Seraj Satton ជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia  បានស្គាល់ទាក់ទងគ្នាប្រមាណ៥ឆ្នាំមកហើយ ដោយលោកគឺជាជនជាតិអូស្រ្តាលី និងជាបុរសពោះម៉ាយកូនមួយដោយមានការអះអាងថាកូនស្រីរបស់លោក ក៏ចុះចម្រុងជាមួយអ្នកនាងមិនខុសពីម្ដាយ និងកូនណាស់ដែរ។ អ្នកនាង និងលោក Seraj បានបើកចំហរគូស្នេហ៍ បន្ទាប់ពីអ្នកទាំងពីរបានក្លាយជាថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុនដែលធ្វើការចែកចាយផលិតផលផ្នែកឱសថសុខភាព។ អ្នកនាងសានសាណា បញ្ជាក់ថា បើកុំតែគូស្នេហ៍របស់ខ្លួន មានបេសកកម្មបើកក្រុមហ៊ុនអចលនទ្រព្យ ហើយបានចាប់ដៃគូជាមួយក្រុមហ៊ុនធំមួយរបស់ម៉ាឡេស៊ី នោះប្រហែលជានាងមិនរាំងមង្គលការមកដល់ពេលនេះនោះទេ។ ប៉ុន្តែអ្នកនាងថាយ៉ាងណាក៏មិនហួសពីឆ្នាំ២០១៦នេះដែរ ដោយគ្រាន់តែរង់ចាំអោយការងាររួចរាល់ជាងនេះបន្តិចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ