តុលាការកោះហៅគណៈកម្មការ៣រូបនៃបុណ្យសពលោក កែម ឡី

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:52 PM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 22379 ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី នៅវត្តចាស់ (រូបភាពដោយ លោក លី វេហា)

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅគណៈកម្មការរៀបចំបុណ្យលោក កែម ឡី ចំនួន​៣រូបឲ្យចូលបំភ្លឺនៅខែ ក្រោយជុំវិញ បច្ច័យចូលបុណ្យ​សព ដែលការកោះហៅឲ្យចូលបំភ្លឺនេះធ្វើឡើងតាមបណ្តឹងរបស់ គណបក្សយុវជន កម្ពុជា។​

ក្នុងដីកាកោះចំនួន ៣ ផ្សេងគ្នារបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ២២ ខែ កញ្ញានេះ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងបានកោះហៅលោក ប៉ា ងួនទៀង និង លោក មឿន តុលា ចូលបំភ្លឺនៅថ្ងៃទី ០៩ ខែតុលា វេលាម៉ោង ០៩ ព្រឹកដើម្បីសាកសួរបំភ្លឺពីដំណើររឿង ពាក់ព័ន្ធនិងបច្ច័យ​បុណ្យសពលោក បណ្ឌិត កែម ឡី និង បទរំលោភលើ ទំនុកចិត្តតាមពាក្យបណ្ដឹងរបស់ឈ្មោះពេជ្រ ស្រស់។

ចំណែកឯព្រះតេជគុណ ប៊ុត ប៊ុនតិញ​ ត្រូវបានកោះហៅចូលបំភ្លឺនៅថ្ងៃទី ១១ ខែ តុលាវេលាម៉ោង ៩ ព្រឹកដើម្បី សាកសួរ​ករណីដូចគ្នា។​

លោក មឿន តុលា  ប្រាប់ថា លោកមិនទាន់ទទួលបាន​ដីកាកោះហៅនោះទេ តែលោកថានឹងពិភាក្សាជាមួយមេធាវី របស់លោកក្នុងការពិចារណាថាចូលបំភ្លឺតាមដីកា ឬយ៉ាងណា។

លោកមឿន តុលា ក៏បានរិៈគន់ និងងឿងឆ្ងល់ចំពោះចំណាត់ការរបស់តុលាការលើករណីនេះ ដោយសារដើម​បណ្ដឹង​មិនមែន​ជាសាច់ញាតិនៃសពលោក បណ្ឌិត កែម ឡី នោះទេ។

លោក តុលា បន្តថាគណៈកម្មការបុណ្យបានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ រាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និង បញ្ចូលផ្ទាល់ទៅកាន់​គណនេយ្យ​ធនាគាររបស់ភរិយានៃសពលោកបណ្ឌិត កែម ឡី។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជំហរពីលោក ប៉ា ងួនទៀង និង ព្រះតេជគុណ ប៊ុត ប៊ុនតិញបានទេ នៅរសៀលនេះ។ ប៉ុន្តែកន្លងទៅ​ព្រះតេជគុណប៊ុត​ ប៊ុនតិញ សមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ធ្លាប់បញ្ជាក់ជំហរថាព្រះអង្គនឹងមិន​ចូល​​​បំភ្លឺនៅតុលាការតាម បណ្តឹងរបស់របស់លោក ពេជ្រ ស្រស់ទេ ព្រោះព្រះអង្គជាសង្ឃ ដូច្នេះបើមាន​បញ្ហាអី​អាច​ប្តឹង​ទៅស្ថាប័នសង្ឃដើម្បីរកដំណោះស្រាយ។

ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានច្រានចោលការចោទលើភាពមិនច្បាស់លាស់ ឬ កិបកេងលុយបុណ្យ  ហើយព្រះ​អង្គបន្តថា ការប្តឹងធ្វើឡើងនេះគឺគ្រាន់តែជាការស៊ីឈ្នួលផ្នែកនយោបាយ​។

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ​កាល​ពីថ្ងៃទី ០៨ ខែ កញ្ញា ស្នើឲ្យមានការស៊ើបអង្កេតលើគណកម្មការបុណ្យសព លោក កែម ឡី ដោយលោកថា​ដើម្បី តម្លាភាព​សង្គម កុំឲ្យមានការលួចបន្លំលុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង រកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក​ កែម ឡី ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required