រុស្ស៊ី​ហៅ​ត្រាំ​ និង​ គីមជុងអ៊ុន​ដូច​ក្មេង​នៅ​ថ្នាក់​មត្តេយ្យ​

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ី បានហៅការវាយប្រហារគ្នាដោយពាក្យសម្តីទៅវិញទៅមករបស់ មេដឹកនាំសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ និង មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុនថា កំពុងតែធ្វើឡើងដូចក្មេងនៅរៀនថ្នាក់មត្តេយ្យសិក្សា។​

ថ្មីៗនេះ មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅលោក ដូណល ត្រាំថា ជាមនុស្សរោគចិត្តឆ្កួតលីលា និង ជាមនុស្សឆោតល្ងង់ម្នាក់ បន្ទាប់ពីមេដឹកនាំអាមេរិករូបនោះព្រមាន​វាយកម្ចេចប្រទេសកូរ៉េខាងជើង​ទាំងមូល។​

ជាការឆ្លើយតបវិញ​លោក ដូណល ត្រាំ បានហៅ​លោក គីម ជុងអ៊ុនថា ជាមនុស្សឆ្កួតដែលមិន​គិតពីភាពអត់ឃ្លាននៅក្នុងប្រទេស  ហើយបានប្រព្រឹត្តអំពើឃោរឃៅសម្លាប់ពលរដ្ឋខ្លួនឯង។

រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីលោក​ Sergei Lavrov ថ្លែងថា ក្នុងស្ថានភាពបច្ចុប្បន្ន​ភាគីទាំងពីរត្រូវរក្សាភាព​ស្ងប់ស្ងាត់​ដើម្បីស្វែងរកដំណោះស្រាយ។​ លោក​បន្តថា មិនអាចនៅស្ងៀមឲ្យកូរ៉េខាងជើងដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែទេ ហើយក៏មិនអាចឲ្យមានការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េបានដែរ។​

រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​ លោក​បន្ត​ថា​ ទាំង​ចិន​​ផង​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​ទាំង​អស់​គ្នា​ ហើយ​ថា​ ភាគី​ជម្លោះ​មិន​ត្រូវ​ប្រើ​អារម្មណ៍​ចង់​ច្បាំង​គ្នា​ដូច​កូន​ក្មេង​រៀន​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា​នោះ​ទេ​។​

លោក​ គីម ជុងអ៊ុន​ ​ថ្លែង​ថា​ ពាក្យ​គំរាម​ឆ្កួត​លីលារ​បស់លោក​ ត្រាំ ​កាន់​តែ​ជំរុញ​ឲ្យ​លោក​​បង្កើន​ការ​ផលិត​អាវុធ​នុយក្លេអ៊ែ​ដើម្បី​ការពារ​ប្រទេស​។​

រដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងជើង​លោក​ Ri Yong-ho បានព្រមានថា កូរ៉េខាងជើង​នឹងរៀបចំ​សាកល្បងគ្រាប់បែកអ៊ីឌ្រូសែន​នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាការឆ្លើយតបនិងការព្រមានគំរាមកំហែងរបស់មេដឹកនាំសហរដ្ឋអាមេរិក។

ប្រែសម្រួលដោយ ពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ