​បញ្ចប់​វគ្គជម្រុះ​​១៦នាក់ មាស សុជាតិ ​​​ដណ្ដើមបានដំណែងទៅកាន់វគ្គបន្ត

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:23 AM | កំសាន្ដកីឡា | 0 | 2024

ការប្រកួត ​ដែលបានធ្វើឡើងយ៉ាង​ស្វិតស្វាញ ​នៅប៉ុស្ដិ៍លេខ​​​៥ កាលពីថ្ងៃទី​​​២២តុលា គឺការប្រកួត​​​​​​​​​សប្ដាហ៍ចុងក្រោយ ​​ក្នុងវគ្គជម្រុះ​​​៣២រូប ​មកពីក្លិប​ផ្សេង​​​យក​​១៦​នាក់​​​ ដើម្បី​​​បន្តការប្រកួតជម្រុះ​​ក្នុង​ជុំទី​២​​បន្ត​​ទៀតដែល​​ដំណាក់កាល​​​​ប្រកួតជម្រុះ​​​​​​ពី​​១៦នាក់យកតែ​​​៨នាក់​​​។ ​កីឡាករ ​​​មាស សុជាតិ គឺ​ជើងខ្លាំង​ចុងក្រោយ ​​សម្រាប់​​​​វគ្គជម្រុះ​​​១៦នាក់ ​​​​បើទោះជា​ជ័យជម្នះរបស់គេ ​​បានឡើង​​​​យ៉ាង​​​​លំបាក​ដោយសារតែគូប្រកួតគឺ ​​​​ម៉ន ចាន់​ដារ៉ា ក៏​មានពិន្ទុ​​​ប្រផិតប្រផើយ​មិន​​​​​ចាញ់គ្នានៅ​ក្នុង​​​ពេលនោះ។

យោងតាម​​ការប្រកាស​​ដែលបានធ្វើឡើងនៅ​​ប៉ុស្ដិ៍លេខ​​៥ ការប្រកួត​ជម្រុះជើងឯក​​​ប្រចាំឆ្នាំ​២០១៧​​ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម​​ត្រូវកំណត់អោយដំណើរការ​​​ចំនួន​​៨សប្ដាហ៍ ដើម្បីបើករេញអោយ​កីឡាករមកពីក្លិបផ្សេងគ្នាចំនួន​​៣២​រូប នៅទូទាំងប្រទេស​​​ចាប់គូគ្នា​​ឡើងប្រកួតម្ដងមួយគូៗ ដោយកំណត់លក្ខណ្ឌអ្នកណា​ឈ្នះបានឡើង​ទៅប្រកួត​វគ្គ​​​បន្ត ហើយអ្នកចាញ់​​ហាលអាវ​​។

​ការប្រកួតមួយនេះ​ បានដំណើរ​​ការប្រមាណជា​​​​​២ខែមកហើយ ដោយ​​​ក្នុងមួយសប្ដាហ៍ មានការប្រកួត​ជម្រុះចំនួន​​​៤​នាក់ស្មើនឹង​​​២គូ ទើបគេឃើញ​​រៀងរាល់សប្ដាហ៍​តាំង​ពី​​​កម្មវិធីប្រកួត​នេះ​​​​​​ លេចចេញរូបរាងនៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស គឺមានកីឡាករ​​២រូប​ ត្រូវបានទម្លាក់ ហើយកីឡាករ​​២រូប​បានឡើងបន្ត។ កីឡាករ​ ដែលបានឡើងប្រកួតនៅក្នុងកម្មវិធីនេះ ត្រូវគេឃើញ​ចម្រុះដោយ​កីឡាករជើងចាស់ និងជើងថ្មីដែលមានថ្វីដៃ​ល្អៗ ​ហើយ​អ្វីដែល​​គេកត់សម្គាល់​​​​​​គឺកីឡាករម្នាក់ៗ​អត់​មានទម្លាក់ដៃគ្នាក្នុងពេលប៉ះគ្នានោះទេ ​គឺសុទ្ធតែ​​​ខំបញ្ចេញថ្វីដៃ​​រៀងខ្លួន បើទោះជា​​លទ្ធផលចុង​ក្រោយគឺមិនអាច​មានស្មើពិន្ទុ ​​ឬ ឈ្នះ​ទាំង​ពីរក៏ដោយ។ ​​​​​

ការប្រកួតមួយនេះ ​សឹងមិនមានគូណា​ដែល​ចាញ់ឈ្នះគ្នាហើយ ​មិន​​​​​​​​​​​រងរបួស​​​បែកមុខបែកមាត់នោះទេ ​​ដោយសារតែ​កីឡាករ ដែលមានឈ្មោះប្រកួតនៅក្នុងកម្មវិធី​ត្រូវការឱកាស​ឈានឡើង​​​​​​ដើម្បី​​ពង្រីកក្រេឌីត និង​ឥទ្ធិពលរបស់ខ្លួនផង​​​នៅក្នុងពិភព​ប្រដាល់។ កាលពី​​ល្ងាចថ្ងៃទី​​​​​២១តុលា គឺ​សប្ដាហ៍ចុងក្រោយ​ ដែលកីឡាករ​​មកពី​ទូទាំងប្រទេសក្នុងប្រភេទ​ទម្ងន់​ ដែលបានកំណត់ត្រូវ​ឡើងប៉ះគ្នា ​ខណៈដែលកីឡាករ​​​មួយរូប គឺ​​ជើងខ្លាំង មាស សុជាតិ គឺជា​​​អ្នកមានសំណាង​​​បានឡើងទៅអង្គុយ​​​​​​​ទី១៦ក្រោយគេ ​​ដើម្បី​​ឈានឡើងទៅប្រកួតក្នុងវគ្គ​​​​ជម្រុះ​​​ជុំទី​២បន្ត​ទៀត។ ​

ការប្រកួតក្នុងវគ្គ​បន្ត​​​គឺ​ជាការកំណត់អោយ​អ្នកឈ្នះទាំង​​​១៦​នាក់ ​បន្ត​ចាប់គូ​គ្នា​ប្រកួត​ចាញ់ធ្លាក់​​ៗ​​ដដូច​​​ក្នុងជុំទី​១ទៀត ​ដោយ​​តម្រូវអោយ​កីឡាករ​​​​​២នាក់ ​​​ប្រកួត​គ្នា​​​​​​​​​​​​​​ហើយអ្នកឈ្នះ​​ នឹង​​​​បន្តឡើងអង្គុយកៅអី៨នាក់​​​​​ឆ្ពោះ ទៅរក​​ការប្រកួតជម្រុះ​​​​​ដដែលជាដដែល ​ដើម្បីកំណត់អោយកីឡាករ ​​ដែល​​បន្ត​​បានឈ្នះប្រកួត​​គ្នា​​​​​ជម្រុះ​​​​​​​បែបហ្នឹង រហូត​នៅដល់តែ​ម្នាក់ចុងក្រោយ ដើម្បីអោយក្លាយជាម្ចាស់ពាន។ ​ការប្រកួត​មួយនេះ ​សម្រាប់​អ្នក​ក្លាយជាម្ចាស់ជើងឯក គឺមានន័យថា​ជាកីឡាករដែលមិនធ្លាប់ចាញ់ទាល់តែសោះក្នុងចំណោមការប្រកួត​ដែលបានធ្វើ​ឡើងក្នុងវគ្គជម្រុះ​ពីមួយដំណាក់​ទៅដំណាក់​កាល អ៊ីចឹងហើយ​​​​ទើប​​អ្នកដែលមាន​សំណាងបានឡើងទៅកាន់​វគ្គ​បន្តរមែងទទួលបានការ​សរសើរ ប៉ុន្តែក៏មាន​អ្នកខ្លះ​ចោទ​ថា​​​បានឡើងដោយ​សារតែមានការ​​​កាន់ជើងពី​​លោកអាជ្ញាកណ្ដាល និង​ការ​ផ្ដល់ពិន្ទុ​​បែប​​​យិតយោងបន្តិចបន្តួច នៅពេលការប្រកួតរយៈពេល​​៣​ទឹក​​​មាន​ពិន្ទុប្រហាក់ប្រហែលគ្នានោះផងដែរ។

​អ្នក​​​​ទស្សនា​ខ្លះរមែង​យល់ថា អ្នក​​​​​ទទួល​បានពិន្ទុឈ្នះ​ក្នុងពេល​​​​ការប្រកួតមិនស៊ីសងគ្នា គឺ​ដោយសារតែ​កីឡាករ​​រូបនោះមានសំណាង​​​​​​ ឬមាន​គ្រូបង្វឹក​របស់ខ្លួន​​​​​មានទំនាក់ទំនង​​នៅពីក្រោយ​​​​ជាមួយ​​ចៅក្រមផ្ដល់​​ពិន្ទុ​។ យ៉ាងណា​មិញ គេនៅតែ​ចាត់ទុកថា​​អ្នកដែលបាន​​​​បន្តឡើង​ទៅកាន់វគ្គ​បន្ទាប់​​​គឺ​​​​ផ្ដើម​ចេញពីសមត្ថភាព​​ ដោយសារតែភាពជាក់ស្ដែង​គឺ​ការប្រកួតរបស់កីឡាករនីមួយៗ គឺមានការ​​វិនិច្ឆ័យពីអ្នកទស្សនា​​ដែល​ចេះ​​​​មើលពីការកំណត់​ពិន្ទុ​ភាគច្រើន​ ដែល​​សឹងតែអាចនិយាយបានថា​មិនមានការ​ផ្ដល់ពិន្ទុ​ចំពោះ​អ្នកឈ្នះណាម្នាក់​​​​​មាន​​​​​លទ្ធផល​មិនត្រូវ​ចិត្ត​​​អ្នកគាំទ្រនោះទេ។

ជាក់ស្ដែងការប្រកួតក្នុងសប្ដាហ៍ចុងក្រោយ​​​សម្រាប់ការជម្រុះ​ដណ្ដើម​កៅអី​​១៦នាក់​​​ដែលបានធ្វើឡើងគឺ​មាន​ការ​​ចម្រូងចម្រាស់ពីភាគី​អ្នកគាំទ្រម្ខាង​​​គួរ​សម ដោយសារតែអ្នកកាន់ជើង​ម៉ន ចាន់ដារ៉ា និង​​​មាស សុជាតិ ដែល​បាន​​ឡើងអង្គុយ​កៅអី​ទី១៦ក្រោយគេ សុទ្ធតែមាន​អំណះអំណាងរៀងខ្លួន​ថាគួរតែ​អោយអ្នកចាញ់ឈ្នះល្អ​ជាង និង​​ម្ខាង​ទៀតថាអោយមាស សុជាតិ ឈ្នះគឺត្រឹមត្រូវហើយ។

លោក ​សេង កដិកា និយាយថា ក្នុងចំណោមគូប្រកួតទាំង​​​៣២​នាក់​ដែល​បានប្រកួតគ្នា លោកចាត់ទុកថា ​រវាង​បង្គោលក្រហម ​មាស សុជាតិ និងបង្គោលខៀវ ម៉ន ចាន់ដារ៉ា គឺស្ទើតែបែងចែក​​រកអ្នកណា​​​​គួរឈ្នះ​មិន​បានតែម្ដង​​ ដោយសារតែការប្រកួត​​​៣ទឹកដែលបានធ្វើឡើងសុទ្ធតែល្អ​មិនចាញ់គ្នា​ ព្រោះតែភាគីម្ខាង​​​​​​ៗប្រកួតអស់ពីសមត្ថភាព។ លោកថាអ្នកទាំង​ពីរ​ត្រូវបាន​គណកម្មការ​​ផ្ដល់​​​ពិន្ទុមិនឯកច្ឆ័ន្ទនោះទេ ដោយសារតែ​​មាស សុជាតិ បង្គោលក្រហម ដ្បិតថា​ត្រូវបាន​ចៅក្រម​​​៣នាក់​អោយឈ្នះពិន្ទុក្នុងចំណោម​​ចៅក្រម​​ទាំង​​៥មែន ប៉ុន្តែបើនិយាយពី​ពិន្ទុគឺ​​​ចាញ់ឈ្នះ​គ្នា​តិចតួច​ប៉ុណ្ណោះ​​ដែលលោកបានចាត់ទុកថា​នេះជាលទ្ធផលលំបាក​មួយរបស់​​គណកម្មការ និង​​​​​​​​​សម្រាប់អ្នករៀបចំ​កម្មវិធី​ដូចលោក។​ ​​

លោក នៅតែមានអារម្មណ៍សោកស្ដាយ​នៅពេល​ទម្លាក់​​កីឡាករ ​ម៉ន ចាន់​ដារ៉ា ​​​​​ដោយលោកប្រកាសថា​​កីឡាករមកពីក្លិប​​​​​​ការិយាល័យ​​​​កងទ័ពជើងគោករូបនេះ ​​​គឺជា​​ជើងខ្លាំង​​​វ័យក្មេង​និង​​​​​កំពុងឡើងកូដ​​ដោយលោក​ប្រកាសថា​បើបាន​​​បន្តទៅកាន់វគ្គ​​​ជម្រុះ​​១៦នាក់ ​យក​​៨នាក់ គឺពិតជា​វាយបែកផ្សេង។ លោកថា​​សរសើរសំណាងរបស់កីឡាករ មាស សុជាតិ ដែលបានឡើងអង្គុយកៅអី​​១៦នាក់ចុងក្រោយ ក្នុងពេលដែលគូប្រកួតរបស់លោកគឺជាកីឡាកររជើងខ្លាំង​មួយ​​ និងមានថ្វីដៃមិនធម្មតាផងដែរ។ យ៉ាងណាមិញ លោកថា​​​កីឡាករមាស សុជាតិ មិនទាន់ប្រកាសថា​នឹងអាច​ឆ្លងផុតការជម្រុះពី​​​១៦នាក់យក​​៨នាក់​​​ទៅកាន់វគ្គ​បន្តនោះទេ ​ដោយសារតែកីឡាករដែលបាន​​ឡើងអង្គុយ​កៅអី​​​ក្នុងវគ្គ​១៦នាក់ គឺសុទ្ធតែ​ជាជើងខ្លាំង។

លោកថា ​ការប្រកួត​ក្រោយបញ្ចប់​វគ្គ​​​​ជម្រុះ​​៣២យក​​១៦នាក់ គឺមាន​ន័យថាការប្រកួតកាន់តែ​​តឹងមួយកម្រិតទៀតហើយ ដោយសារតែ​​​​​ក្នុងចំណោម​​អ្នកបាន​​​​​​ទៅកាន់វគ្គ​បន្តគឺមិនទាន់ស្គាល់ចាញ់នៅឡើយ ដែលទាមទារអោយកីឡាករ​​ម្នាក់ៗត្រូវបន្ត​​​​​បញ្ចេញ​​ថ្វីដៃកាន់តែច្រើនបន្ថែមទៀត​​ដើម្បី​​​​យកឈ្នះលើគូប្រកួត​​​​​ជៀសវាងការធ្លាក់​​​ហាលអាវ។ ​​លោក​​​ថា​ការប្រកួត​តាមរូបមន្តបែបនេះ ទទួលបាន​លទ្ធផលវិជ្ជមានល្អ​ណាស់ ហើយ​​ក៏មិនភ័យរឿងកីឡាករ​​​​​​ណាម្នាក់​លក់​ដូរ​​លទ្ធផលនោះដែរ ដោយសារតែការបរាជ័យ​ក្រៅពី​​រងការរិះគន់ ក៏​​ត្រូវបាត់ឱកាស​​​សម្រាប់ការប្រកួត​នៅក្នុង​វគ្គ​បន្ទាប់ ដែល​ផ្ទុយពីកា​រ​ប្រកួត​​​​ជើងឯកតាមរូបមន្ត​សន្សំពិន្ទុ ដែល​​មានកីឡាករខ្លះ​​​​វាយ​​​​​​​​ប្ដូរ​លទ្ធផល​​​​​ក្រោយពេលទទួលបានពិន្ទុ​ដាច់គេ​ដឹង​តែបានឡើង​​បើទោះជាសល់មួយប្រកួតចុងក្រោយ ឬ​កីឡាករដែលដឹងថា​ខ្លួនធ្លាក់​ស្វ័យប្រវត្តិ​ដែល​មិនចាំបាច់​​ប្រឹង​ប្រកួតអោយអស់​ពីសមត្ថភាព៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required