មេបក្សប្រឆាំងស្នើសហគមន៍អន្តរជាតិជួយស្តារស្ថានការណ៍នយោបាយកម្ពុជា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

មេបក្សប្រឆាំង លោក កឹម សុខា អំពាវនាវសុំឲ្យសហគមន៍អន្តរជាតិ ​ជាពិសេស ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយស្តារស្ថានការណ៍នយោបាយកម្ពុជាជាបន្ទាន់ ដោយថា កម្ពុជាពេលនេះ​កំពុងតែរងគ្រោះផ្នែកនយោបាយ និងសិទ្ធិមនុស្ស។

តាមរយៈសារលិខិតអានដោយមន្រ្តីគណបក្សសង្គ្រោះជាតិ ក្នុងពិធីរំលឹកខួប​លើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៣តុលាឆ្នាំ២០១៧នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំបណ្តោះអាសន្ន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងដើរផ្លូវផ្ទុយស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយថា បក្សប្រឆាំងដ៏ធំនៅកម្ពុជា កំពុងតែរងការលាបពណ៌ ដែលនេះជាលេស ដើម្បីទប់ស្កាត់មិនឲ្យចូលរួមបោះឆ្នោតដោយពេញលក្ខណៈ។

លោកបន្ថែមថា «ខ្ញុំយល់ថា ប្រសិនសហគមន៍អន្តរជាតិ ក៏ដូចជាភាគីខ្មែរទាំងអស់ មិនរកដំណោះស្រាយឲ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជានឹងវិលថយក្រោយវិញ ដែលនាំឲ្យកម្ពុជាកម្ពុជា បាត់បង់ប្រយោជន៍ និងយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ ដូចដែលយើងធ្លាប់បាត់បង់ពេលវេលា ជាងពីរទសវត្ស នៃសង្គ្រោមមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះ»

ទោះយ៉ាងណា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែងនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានស្លាប់ទៅហើយ បន្ទាប់ពីកម្ពុជាបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយថា បានច្របាច់ខ្លឹមសារនោះបញ្ចូលគ្នា ទៅក្នុងរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យសហគមន៍អន្តរជាតិ ពិបាកក្នុងកោះប្រជុំសើរើរឿងនេះឡើងវិញ។

លោកបន្ថែមថា «ដូច្នេះ របស់ដែលហៅថា ការអំពាវនាវឲ្យបណ្តាប្រទេសហត្ថលេខី នៃកិច្ចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំឡើងវិញ វាហួសសម័យ ហើយវាធ្វើមិនកើតផង វាត្រូវតែបង្កើតភាគីកម្ពុជា៤ភាគីឡើងវិញ ទើបវាត្រឹមត្រូវ ឥលូវភាគីកម្ពុជាមានតែមួយទេ គឺរាជរដ្ឋាភិបាលស្របច្បាប់នៅទីនេះដើម្បីតំណាងដោយព្រះមហាក្សត្យ ដែលព្រះអង្គគង់ជាព្រះប្រមុខរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា»

ចំពោះ អ្នកវិ​ភាគនយោបាយ លោក ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនទាន់ស្លាប់នោះទេ ដោយលោកពន្យល់ថា កម្ពុជាមិនដែលផ្ញើលិខិតណាមួយទៅភាគីហត្ថលេខី​ ឬ អតីតសហប្រធានសន្និសីទក្រុងប៉ារីស ដើម្បីបញ្ជាក់ថា ខ្លួននឹងឈប់គោរពតាមកិច្ចព្រមព្រៀងហើយនោះដែរ និងថា កិច្ចព្រមព្រៀងនេះ ក៏មិនបានបញ្ជាក់ថេរវេលា ថាតើនឹងអស់សុពលភាពនៅពេលណាដែរ។

លោកបន្ថែមថា «ក្នុងករណី មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រទេសទាំងឡា​យហ្នឹង អាចសុំ​ឲ្យអង្គកា​រពាក់ព័​ន្ធ អង្គការសហប្រជា​ជាតិហ្នឹង ធ្វើអ​ន្តរាគមន៍ ដើម្បីទប់ស្កា​ត់ទៅនឹងការរំលោភបែបហ្នឹង»

គួររំលឹកថា បន្ទាប់ពីចាប់ខ្លួនមេបក្សប្រឆាំង និងបក្សកាន់អំណាចកំពុងជំរុញយន្តការរឹបអូសយកអាសនៈទាំង៥៥របស់គណបក្ស​ប្រឆាំងឲ្យទៅគណបក្សផ្សេងនោះ គឺបានធ្វើឲ្យមតិជាតិ និងអន្តរជាតិ សម្តែងការព្រួយបារម្ភចំពោះស្ថា​នភាព​ន​យោបាយ និង​សិទ្ធិមនុស្សនៅកម្ពុជា។

អង្គការអន្តរសភា IPU មានសមាជិក​១៧៣ប្រទេស កាលពីថ្ងៃទី១៨តុលាឆ្នាំ២០១៧ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា​ដោះលែង លោក កឹម សុខា ដោយថា ការចាប់ខ្លួននោះ ធ្វើឡើ​ងដោ​យខុ​ស​ច្បាប់ និងកំពុង រំលោភសិទ្ធិមនុស្ស។

កន្លងមក សហ​គ​ម​ន៍​​​​​អន្តរជាតិ រួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ស​ហគមន៍​អឺរុប បារាំង អាល្លឺម៉ង់ សហ​រដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួនលោក កឹម សុខា ​ថា ជា​​ការ​គំរាមកំហែង​ផ្នែកន​យោ​​បា​​​យ និងទទូចឲ្យដោះ​លែង​ លោក កឹម សុខា ជា​បន្ទាន់​ ដោយថា ដើម្បីធានាដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​ត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ