លោក ហ៊ុន សែន ថា កំពុងកាត់ទោសអ្នកក្បត់នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស

លោក ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សកាន់អំណាច ថ្លែងថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួចហើយ និងថា បានកាត់ទោសអ្នកក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ស្របពេលមានការរិះគន់ថា រដ្ឋាភិបាលកំពុងដើរផ្ទុយពីគោលការណ៍ នៃកិច្ចព្រមព្រៀងនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា យ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្ដែលោកថា កិច្ចព្រមព្រៀងនេះ បានស្លាប់ទៅហើយ បន្ទាប់ពីកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយថា បានច្របាច់ខ្លឹមសារបញ្ចូលគ្នាទៅក្នុងរដ្ឋធម្មនុញ្ញ។

លោក ហ៊ុន សែន ថ្លែងទៀតថា ដោយសារគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ រដ្ឋាភិបាលរបស់លោក បានផ្តន្ទាទោស អ្នកដែលលោកចោទថា ក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ហើយដែលទំនងជាសំដៅដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ក្នុងពន្ធនាគារ។

លោកថា «យើងកំពុងតែគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសហើយតើ ព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ រលាយធាតុរបស់វា ទៅក្នុងរដ្ឋធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ […] អាឡូវ បើចង់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសរស់ឡើងវិញ ឲ្យ ហ្វ៊ុន ស៊ិចប៉ិច រស់ឡើងវិញ ឲ្យតា សឺន សាន បង្កើតទ័ពឡើងវិញ ឲ្យខ្មែរក្រហមបង្កើតអង្គការចាត់តាំងខាងនយោបាយ និងយោធាឡើងវិញ ត្រូវយល់ឲ្យច្បាស់ ធាតុផ្សំរបស់វា បានប្រមូលផ្ដុំ ក្នុងរដ្ឋធម្មនុញ្ញទៅហើយ […] ដោយសារ តែគេមិនបានគោរពកិច្ចព្រមព្រៀងប៉ារីសហ្នឹងហើយ បានជាមានគណបក្សនយោបាយមួយ នឹងអាចត្រូវរំលាយនៅពេលខាងមុខ ហើយត្រូវកាត់ទោស អ្នកដែលបានក្បត់កិច្ចព្រមព្រៀងប៉ារីសនេះ»

ក្នុងពិធីរំលឹកខួបលើកទី២៦ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃនេះដែរ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ សំដែងការខកចិត្ត ដែលគណបក្សកាន់អំណាច បានបង្វែរករណីចាប់ខ្លួន លោក កឹម សុខា ថា ជាការអនុវត្តតាមកិច្ចព្រមព្រៀងប៉ារីស និងដើម្បីរក្សាសន្ដិភាពទៅវិញ។

លោកថា «ពេលរកដំណោះស្រាយនយោបាយ គាត់សោកស្ដាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានតែ៥០ភាគរយ ច្រើនពេកហើយ អត់ទាន់អនុវត្តពេញលេញទេ រដ្ឋធម្មនុញ អត់ប្រទេសប្រជាធិបតេយ្យ ដែលយកឆន្ទៈប្រជាពលរដ្ឋ ៣លាននាក់ ទៅអ្នកសូន្យ អត់កៅអីសោះ គេនិយាយថា ប្លន់ ថាឆក់ ឆន្ទៈប្រជាពលរដ្ឋ វាអត់ខុស។ ជជែកអំពីមេដឹកនាំខ្មែរក្រហម ខ្ញុំថា កាត់ទោសមនុស្សឲ្យច្រើនតិចទៅ គេថា អត់ទេ កាត់តែមេដឹកនាំកំពូលបានហើយ ហើយដល់ កឹម សុខា និងសង្គ្រោះជាតិនេះ កាត់ទាល់តែដល់បាត»

លោកបន្ថែមថា រដ្ឋាភិបាល មិនទាន់គោរពបាន តាមកិច្ចព្រមព្រៀងនេះទេ និងថា រដ្ឋាភិបាល ថែមទាំងបានធ្វើច្បាប់ ដែលផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យទៀតផង។

បន្ថែមលើសនេះ ក្នុងសារលិខិតចុះថ្ងៃទី២៣តុលា ដែលផ្ញើជូនក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ លោក កឹម​ សុខា ចាត់ទុកសកម្មភាពគំរាមកំហែងថ្មីៗ មកលើបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ថា បំពាន់ធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

លោក កឹម​ សុខា អំពាវនាវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាត់វិធានការលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយថា ដើម្បីស្រោចស្រង់ស្ថានការណ៍នយោបាយ ឲ្យប្រសើរឡើងវិញ។

ក្នុងលិខិតនោះ លោក កឹម សុខា សរសេរថា «ខ្ញុំយល់ថា ប្រសិនសហគមន៍អន្តរជាតិ ក៏ដូចជាភាគីខ្មែរទាំងអស់ មិនរក ដំណោះស្រាយឲ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជានឹងវិលថយក្រោយវិញ ដែលនាំឲ្យកម្ពុជាបាត់បង់ប្រយោជន៍ និងយឺយ៉ាវក្នុងការអភិវឌ្ឍ ដូចដែលយើងធ្លាប់បាត់បង់ពេល វេលាជាងពីរទសវត្ស នៃសង្គ្រាម មុនកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះ»

ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីសប្ដាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលយល់ថា កម្ពុជា ហាក់ប្រាស់ចាកពីគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងការគំរាមកំហែងជាបន្ដបន្ទាប់ លើសង្គមស៊ីវិល នៅមុនការបោះឆ្នោតឆ្នាំ២០១៨។

ពួកគេក៏អំពាវនាវ ដល់ម្ចាស់ហត្ថលេខី និងអតីតសហប្រធានសន្និសីទក្រុងប៉ារីស រួមមាន បារាំង និងឥណ្ឌូនេស៊ី ឲ្យកោះប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហារំលោភសិទ្ធិមនុស្ស​នៅកម្ពុជា។

អស់រយៈពេល២៦ឆ្នាំហើយ ចាប់ពីតាំងពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលមានភាគីហត្ថលេខីចំនួន១៨ប្រទេស រួមទាំងប្រទេសមហាអំណាចចំនួន៥ផង បានទទួលដឹងឮ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងកសាងសន្ដិភាពពិតប្រាដកនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកតាមដានសង្គម និងអង្គការអន្ដរជាតិ យល់ថា កម្ពុជា ហាក់មិនសូវអើពើ និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ឲ្យបានពេលលេញនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ