បណ្តាញកសិករចាប់ផ្តើមធ្វើយុទ្ធនាការដើម្បីរកទីផ្សារលក់កសិផល

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 10:08 AM | កសិកម្ម | 0 | 1521

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) នឹងចាប់ផ្តើមធ្វើយុទ្ធនាការដែលមានឈ្មោះថា «គ្មានដី! គ្មានទីផ្សារ គ្មានជីវិត» ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅដល់ដាច់ឆ្នាំ ដើម្បីឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់កសិករ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥មកនេះ កសិករប្រឈមបញ្ហាជាច្រើនដូចជា ផលិតផលដែលផលិតបានគ្មានទីផ្សារសំរាប់លក់ ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមដែលខ្ចីពីធនាគារ។

សេចក្តីប្រកាសព័ត៌មានបន្តថា ដីធ្លីរបស់ពួកគេកំពុងរងការរំលោភបំពាន និងរងផលប៉ះពាល់ពីសំណាក់គោលនយោបាយផ្តល់ដីសប្បទានសេដ្ឋកិច្ច។ ធនធានធម្មជាតិបាននិងកំពុងទទួលរងនូវការទន្ទ្រាន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងបរិស្ថាន។

យុទ្ធនាការនេះ នឹងមានការជជែកជាមួយកសិករ ដើម្បីប្រមូលបញ្ហា ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែនដី នគររោបនីយកម្ម និង សំណង់ និង រដ្ឋសភា។ យុទ្ធនាការនេះស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហាជូនដល់កសិករដូចជា ធ្វើការរៀបចំផែនការថវិកាជាតិដើម្បីជួយទិញផលិតផលកសិកម្មរបស់កសិករ ស្នើរដ្ឋាភិបាល និងរដ្ឋសភាជាតិ ផ្តល់ឥណទានសំរាប់កសិករខ្ចីធ្វើជាទុនប្រកបមុខរបរក្នុងមួយឆ្នាំចំនួន ៤០០ លានដុល្លារ ហើយសុំឲ្យរដ្ឋាភិបាលជម្រុញអាជ្ញាធរខេត្ត និងក្រសួង ពន្លឿនការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់។

សូមរំលឹកថា កាលពីខែកញ្ញាកន្លងទៅ ប្រជាកសិករប្រហែល៥០០នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង នាំគ្នាចាក់ស្រូវប្រហែល៣០០គីឡូក្រាម ដាក់របាំងឈើ និងគោយន្តនៅលើផ្លូវ បិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required