សហគមន៍ព្រៃឈើសុំសិទ្ធិអំណាចពីរដ្ឋាភិបាលក្នុងការគ្រប់គ្រងព្រៃសហគមន៍ផ្ទាល់

នាយកប្រតិ​បត្តិ​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់(NGO forum)លោក តឹក វណ្ណារ៉ា

សហគមន៍ព្រៃឈើបានទាមទារឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការសម្រេចលើការគ្រប់គ្រងព្រៃឈើនៅសហគមន៍មូលដ្ឋានផ្ទាល់ដោយថា ដើម្បីធានាការការពារព្រៃឈើមានប្រសិទ្ធិភាព។

ក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងក្រុមធនធានធម្មជាតិ និងបរិស្ថាន នៅថ្ងៃទី២៣វិច្ឆិកាឆាំ្ន២០១៦នេះ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ព្រៃឈើ បានស្នើឲ្យរដ្ឋាភិបាលបញ្ចូលសិទ្ធិស្វ័យសម្រេចឬសិទ្ធិអំណាចរបស់សហគមន៍ទៅក្នុងច្បាប់ដោយឲ្យ ពួកគេមានសិទ្ធិសម្រេចនិងប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការពារបរិស្ថាននៅថ្នាក់មូលដ្ឋាន។

ប្រធានល្បាតព្រៃនៃសហគមន៍រតនរុក្ខាក្នុងខេត្តឧត្តមានជ័យលោក ស្មិន តិ មានប្រសាសន៍ថា ដោយសារតែសហគមន៍មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសម្រេចលើការគ្រប់គ្រងព្រៃឈើនេះធ្វើឲ្យពួកគាត់មិនអាចការពារព្រៃឈើបានមានប្រសិទ្ធិភាពនោះទេ។

លោកថាសហគមន៍បានជួបការលំបាកជាច្រើនដោយពុំមានថវិកា ឬសម្ភារសម្រាប់ធ្វើសកម្ម ភាពចុះល្បាតព្រៃ និងតែងរងការគំរាមកំហែងពីជនល្មើសជាដើម។

លោកបន្ថែមថា៖ «បើយើងមានសិទ្ធិអំណាចគ្រប់គ្រាន់យើងអាចចាប់បញ្ជូនជនល្មើសផ្ទាល់ទៅ តុលាការ យើងអាចកោះហៅអ្នកនោះមកសួរនាំតាមផ្លូវច្បាប់បាន ព្រោះរាល់ថ្ងៃនេះយើងរងចាំ អាជ្ញាធរ ឬក៍សមត្ថកិច្ច ដោយសារបទល្មើសធំៗយើងមិនមានសិទ្ធិសម្រេចអ្វីនោះទេ ដល់អញ្ចឹងទំរាំគេមកដល់ជនល្មើសរើសរត់បាត់ហើយ បើយើងចូលចាប់ គេគំរាម គេប្រមាណ យើងសប់បែបយ៉ាង និយាយទៅពិបាកធ្វើការណាស់»

ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត និយាយថាដើម្បីគ្រប់គ្រងព្រៃ ឈើមានប្រសិទ្ធិភាពរដ្ឋាភិបាលមិនត្រឹមតែប្រើសិទ្ធិអំណាចនោះទេ ត្រូវមានការលើកទឹកចិត្តដល់ សហគមន៍ថែមទៀតដូចជា ថវិកា សម្ភារៈ និងជម្រុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវសកម្មក្នុងការ សហការជាមួយសហគមន៍ចុះទប់ស្កាត់បទល្មើស។

លោកបន្ថែមថា៖ «បញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយជាមួយសហគមន៍គឺត្រូវផ្តល់សិទ្ធិ អំណាចឲ្យពួកគាត់ឲ្យបានគ្រប់គ្រាន់ដើម្បីនៅពេលគាត់ចាប់បទល្មើសហើយគាត់អត់មានទោស ទី២គួរផ្តល់កញ្ចប់ថវិការណាមួយទៅដល់ពួកគាត់ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការចុះល្បាតព្រៃ ហើយត្រូវផ្តល់កំលាំងបន្ថែម ដែលមានការចូលរួមពីប្រជាពលរដ្ឋ សកម្មជនបរិស្ថាន និងអាជ្ញាធរដែនដីដើម្បីការពារពួកគាត់ ងាយកុំឲ្យជនល្មើសទាំងនោះវាយបកមកលើពួកគាត់វិញ»

ប្រធានក្រុមបច្ចេកទេសតាក់តែងក្រមធនធានធម្មជាតិ និងបរិស្ថាននៃក្រសួងបរិស្ថានលោក ឯ វុទ្ធី មានប្រសាសន៍ថាក្រសួងនឹងទទួលយកសំណើរនេះទៅពិភាក្សាជាមួយក្រុមបច្ចេកទេសរបស់ក្រសួងបន្ថែមទៀតថាគួរដាក់បញ្ចូលក្នុងច្បាប់ឬយ៉ាងណា។

លោកបន្ថែមថា៖ «ជាកង្វល់ក្តី ជាដំណោះស្រាយក្តី សុំណូមពរក្តី លើកមកទាំអស់មក ហើយក្រុមការងារនឹងយកទៅមើលជាក់ស្តែងទៀតថា តើវាអាចដាក់ចូលត្រឹមកំរិតណាយើង ដាក់ចូលរបៀបម៉េច»

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា មានសហគមន៍ព្រៃឈើមួយចំនួនដែលបានចុះបញ្ជីរួចហើយត្រូវលុបចោលវិញដោយសារ ពួកគេមិនអាចការពារព្រៃសហគមន៍របស់ពួកគេបាន។

លោក តឹក វណ្ណារ៉ា មានសុទ្ធិនិយមថា ប្រសិនបើសហគមន៍ព្រៃឈើទាំងនោះមានសិទ្ធិ អំណាចគ្រប់គ្រាន់ក្នុងការសម្រេចលើការគ្រប់គ្រង នោះសហគមន៍នឹងអាចការពារព្រៃឈើបានដោយប្រសិទ្ធិភាព។

លោកបន្ថែមថា៖ «ក្រោយពីគាត់[សហគមន៍ព្រៃឈើ]ទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេរសាទ ក្រោយពីគាត់ចុះបញ្ជីហ្នឹងគាត់អត់មានលុយ ហើយបើអត់មានលុយគាត់មានតែសិទ្ធិគាត់ធ្វើអ្វីចេញ គាត់ធ្វើសកម្មភាពម៉េចកើត អញ្ចឹងហើយដែលយើងចង់ឲ្យមានការបែងចែកថវិកាទៅសហគមន៍ព្រៃឈើ ហើយឲ្យមានសិទ្ធិស្វ័យសម្រេចក្នុងការប្រមូលពន្ធ ហើយមានសិទ្ធិស្វ័យសម្រេចទៅលើបទល្មើសមួយចំនួនដែលស្ថាប័នពាក់ព័ន្ធគួរពិនិត្យផ្តល់សិទ្ធិឲ្យ ពួកគាត់បានគ្រប់គ្រាន់ និងផ្តល់លទ្ធិភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិក្នុងសហគមន៍របស់គាត់»

គួរបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងរៀបចំបង្កើតក្រមធនធានធម្មជាតិ និងបរិស្ថានក្នុងគោលបំណងដើម្បីបង្កើត ក្របខ័ណ្ឌច្បាប់តែមួយសម្រាប់ដោះស្រាយបញ្ហាទាំងឡាយដែលទាក់ទងនឹងបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការពារបរិស្ថាននិងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញថា បច្ចុប្បន្នមានសហគមន៍ការពារព្រៃឈើ៤៩៩ កំពុងធ្វើសកម្មភាពការពារព្រៃឈើទូទាំងប្រទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ