រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​សម្រុក​ចូល​ស្នាក់ការ​ក្រុមហ៊ុន Samsung

ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានសម្រុកចូលក្នុងទីស្នាក់ការក្រុមហ៊ុន Samsung Group នៅថ្ងៃនេះ ជុំវិញការចោទថា មានទំនាក់ទំនងជាមួយអ្នកស្រី ឆយ ស៊ុនស៊ីល មិត្តភក្តិជិតស្និទ្ធប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។

បើតាម Reuters អ្នកស្រី ឆយ ស៊ុនស៊ីល ត្រូវបានតុលាការចោទប្រកាន់រួចហើយ នៅក្នុងរឿងអាស្រូវលូកលាន់កិច្ចការរដ្ឋ។

Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យបេឡាជាតិសោធននិវត្តន៍ ដែលបាននិយាយថា ក្រុមរដ្ឋអាជ្ញា ក៏បានសម្រុកចូលការិយាល័យស្ថាប័ននេះផងដែរ។

ទីភ្នាក់ងារយ៉ុនហាប់ បានផ្សាយថា ក្រុមស៊ើបអង្កេត កំពុងតែស្រាវជ្រាវថា តើស្ថាប័នមួយនេះបានទទួលទឹកប្រាក់ ៨ពាន់លានដុល្លារពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Cheil Industries កាលពីឆ្នាំមុនដែរឬយ៉ាងណា។

អ្នកនាំពាក្យក្រុមហ៊ុន Samsung Group បានបញ្ជាក់ថា ក្រុមមន្ត្រីតុលាការពិតជាបានធ្វើដំណើរទៅកាន់ការិយាល័យរបស់ក្រុមហ៊ុន ប៉ុន្តែ មិនបានបញ្ជាក់លម្អិតបន្ថែមនោះឡើយ។

ចំណែករដ្ឋអាជ្ញានៅទីក្រុងសេអ៊ូល មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការបកស្រាយបាននោះទេ។

អ្នកស្រី ផាក និងអ្នកស្រី ឆយ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការចោទថា បានដាក់សម្ពាធមិនសមរម្យទៅលើក្រុមហ៊ុនធំៗ ក្នុងនោះមានក្រុមហ៊ុន Samsung Group ផងដែរ ដើម្បីរៃអង្គាសថវិកាចូលមូលនិធិនានា ដែលគាំទ្រដល់គោលនយោបាយរបស់អ្នកស្រី ផាក ក្នុងការជំរុញសហគមន៍វប្បធម៌ និងកីឡា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ