តុលាការ​ថៃ​ចោទ​ប្រកាន់​សង្ឃ​មាន​ឥទ្ធិពល​ជុំ​វិញ​ការ​លាង​លុយ​កខ្វក់

អយ្យការប្រទេសថៃ បាននិយាយថា ខ្លួននឹងចោទប្រកាន់ព្រះសង្ឃមានឥទ្ធិពលមួយអង្គ និងជនសង្ស័យ ៤នាក់ផ្សេងទៀត ពីបទលាងលុយកខ្វក់ នៅក្នុងរឿងអាស្រូវមួយ ដែលបានបំបែកបំបាក់សហគមន៍ពុទ្ធសាសនិកថៃ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បន្តថា តម្រួតថៃបានព្យាយាមចាប់ព្រះកាយព្រះសង្ឃ ព្រះធម្មជយោ ចៅអធិការវត្តព្រះធម្មកាយ ជាច្រើនលើកច្រើនសារហើយ។ វត្តព្រះធម្មកាយ គឺជាអារ៉ាមដ៏ល្អវិចត្រមួយ ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាងកក។

អ្នកនាំពាក្យការិយាល័យអយ្យការថៃ លោក សំនឹក សៀងកុង បានប្រាប់ Reuters ថា ព្រះរាជអាជ្ញាបានយល់ព្រមចោទប្រកាន់ព្រះធម្មជយោ វត្តធម្មកាយហើយ ដោយចោទពីបទលាងលុយកខ្វក់ និងទទួលផលចោរកម្ម។

នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃ កាលពីឆ្នាំ២០១៥កន្លងមក បានកោះហៅព្រះសង្ឃ ព្រះធម្មជយោ មកបំភ្លឺ បន្ទាប់វត្តអារ៉ាមរបស់ព្រះអង្គរងការចោទប្រកាន់ថា បានទទួលប្រាក់ជាង ១ពាន់លានបាត ឬស្មើនឹង ២៨លានដុល្លារ។

ព្រះរាជអាជ្ញាទទួលបន្ទុកករណីនេះ បានផ្អាកសេចក្ដីសម្រេចចិត្តចោទប្រកាន់ទៅលើព្រះសង្ឃអង្គនេះចំនួន ៤លើករួចមកហើយ ខណៈដែលព្រះតេជគុណ ព្រះធម្មជយោ ពុំបានចូលបំភ្លឺទៅតាមការកោះហៅរបស់តម្រួតថៃនោះឡើយ ដោយលើកហេតុផលបញ្ហាសុខភាព។

រឿងរ៉ាវជុំវិញព្រះសង្ឃអង្គនេះ បានបញ្ឆេះឲ្យមានជម្លោះរវាងក្រុមអភិរក្សនិយមក្នុងពុទ្ធសាសនាថៃ និងពុទ្ធសាសនិកទាំងឡាយដែលគាំទ្រនិកាយទំនើបជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ