អាមេរិកស្វាគមន៍សេចក្តីសម្រេចរបស់ អ.វ.ត.ក ដាក់គុក នួន ជា និង ខៀវ សំផន មួយជីវិត

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 4:05 PM | ខែ្មរក្រហម | 0 | 3262 លោកខៀវ សំផន និង នួន ជា (ECCC)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះបានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក សូមស្វាគមន៍សាលក្រមចុងក្រោយរបស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយដំកល់សាលក្រមដាក់ទោសទៅលើពួកគេពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសារហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ១៩៧៥។

តុលាការកូនកាត់មួយនេះ ថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះ ដែលបានលើកឡើងពី “បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ”

សេចក្តីថ្លែងការណ៍បន្តថា សម័យខ្មែរក្រហមកាន់អំណាច គឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះ ធានាថាមេដឹកនាំកំពូលពីររូបក្នុងចំណោមមេដឹកនាំកំពូលៗនៃរបបនេះ ត្រូវបានចាប់ឲ្យទទួលខុសត្រូវ។

សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិតសំរាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរឲ្យភ័យខ្លាចរបស់ពួកខ្មែរក្រហម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

លោក នួន ជា និងខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រកាសសាលក្រមក្នុងសំណុំរឿង ០០២/០១ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។

អតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនេះ ត្រូវបានគេដាក់ឲ្យទទួលខុសត្រូវចំពោះការស្លាប់មនុស្សជាង ២លាននាក់ នៅក្រោមរបបគ្រប់គ្រងរបស់ពួកគេ។ លោក នួន ជា ឬដែលគេស្គាល់ថា បងធំទី២ នោះ គឺជាមនុស្សជំនិតដៃស្ដាំរបស់ ប៉ុល ពត បងធំទី១ រីឯ លោក ខៀវ សំផន ជាអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required