តុលាការអន្តរជាតិ​កាត់ទោសអតីតមេបញ្ជាការបូស្នីឲ្យជាប់ពន្ធនាគារមួយជីវិត

អតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នី-ហឺសេហ្គោវីន លោក​ Ratko MIaldic

តុលាការអន្តរជាតិនៅទីក្រុងឡាអេកាលពីថ្ងៃពុធម្សិលមិញ បានប្រកាសសេចក្តីសម្រេចឲ្យអតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នីឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង បទឧក្រិដ្ឋផ្សេងៗ១០ទៀត។​

អតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នី-ហឺសេហ្គោវីន លោក​ Ratko MIaldic ត្រូវគេឲ្យងារថា ជាស្តេចសង្គ្រាមរបស់ប្រទេសបូស្នីនោះត្រូវតុលាការចោទប្រកាន់ទាក់ទងនឹងការសម្លាប់រង្គាលនៅចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ ១៩៩៥។ លោកត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយសារក្រោមបញ្ជារបស់លោកមានការសម្លាប់មនុស្សជាង១០ ០០០នាក់(ជាងមួយម៉ឺននាក់​) ដែលក្នុងនោះមាន​​អ្នកកាន់សាសនាឥស្លាម និងជនជាតិភាគតិច​ Croats ជាបុរសនិងក្មេងប្រុសជាង៨០០០នាក់​។​

ក្រុមគ្រួសារគោរពសាកសពដែលស្លាប់ក្នុងសង្គ្រាមឆ្នាំ១៩៩២ដល់១៩៩៥

ក្រៅពីបទឧក្រិដ្ឋប្រល័យពូជសាសន៍មានការចោទប្រកាន់លើបទឧក្រិដ្ឋផ្សេងទៀតមានដូចជា ការរំលោភផ្លូវភេទជាច្រើនករណី​លើជនជាតិបូស្នីកាន់សាសនាឥស្លាមជាស្ត្រីនិងក្មេងស្រី ការឃុំឃាំងមនុស្សនៅកន្លែងរងទុក្ខវេទនា ការបណ្តេញអ្នកកាន់សាសនាឥស្លាម ចេញពីព្រះវិហារ និងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋជាដើម។

​តុលាការអន្តរជាតិនៅទីក្រុងឡាអេដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបំណងកាត់ទោសករណី​បទឧក្រិដ្ឋធំៗនៅក្នុងប្រទេសបូស្នី (ICTY) ដែលតុលាការនេះ​មានទីតាំងនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់។​

លោក Ratko MIaldic​ វ័យ៧៤ បានស្រែកខ្លាំងៗរំខានដល់ប្រកាសសេចក្តីសម្រេចរបស់តុលាការកាលពីម្សិលមិញ ហើយចៅក្រមបានបញ្ជាឲ្យកម្លាំងសន្តិសុខនាំខ្លួន​អតីតមេបញ្ជាការរូបនេះចេញពីបន្ទប់សវនាការដោយសារលោកមានការខឹងសម្បារ ហើយឡើងសម្ពាធឈាមយ៉ាងខ្លាំង។​

ក្រុមគ្រួសារជនរងគ្រោះតាមដានសវនាកា

ក្រុមគ្រួសារជនរងគ្រោះដែលតាមដានសវនាការបានសាទរចំពោះការសម្រេចនេះ ចំណែកអ្នកខ្លះទៀតចង់ឲ្យតុលាការកាត់ទោសប្រហារជីវិត។​

ក្រោយសង្គ្រាម​បានបញ្ជប់នៅឆ្នាំ១៩៩៥ មេបញ្ជាការឬគេហៅថា ជាស្តេចល្មោភសង្គ្រាម​ Ratko MIaldic បានលាក់ខ្លួនពីមហាជនទៅរស់នៅក្នុងសភាពមិនច្បាស់លាស់ជាមួយគ្រួសារ ដោយមានការការពារពីកម្លាំងប្រដាប់អាវុធខ្លះនៅក្នុងប្រទេសស៊ែប៊ី។ ជាចុងក្រោយត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោកនៅតំបន់ដាច់ស្រយាលមួយនៅភាគខាងជើងនៃប្រទេសស៊ែប៊ីកាលពីឆ្នាំ២០១១ បន្ទាប់ពីការរត់គេចខ្លួនរយៈពេល​១៦ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ