បទស៊ើបអង្កេត៖ ពលរដ្ឋខេត្តក្រចេះប៉ះពាល់សុខភាព រឿងទឹកស្អុយហូរពីគំនរសំរាម

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:22 PM | របាយការណ៍ស៊ើបអង្កេត | 0 | 2143 គំនរ​សំរាម​

មានអ្វី​កើតឡើង​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិផ្សារ និង​ឃុំ​ផ្សេងទៀត​នៅ​ស្រុក​ចិត្រ​បូរី?

អ្នកស្រី អំាង​ ស៊ីវលីម មានរាងកាយ​ស្លេកស្លាំង។​ គាត់​មាន​ប្រសាសន៍​ប្រាប់​អ្នក​យកព័ត៌មាន VOD ថា គាត់​​ចាប់​ផ្តើម​មាន​ជម្ងឺក្រពះ ពោះវៀន​ព្យាបាល​មិនជា​អស់​រយៈ​ពេល​ពីរ​ឆ្នាំមកហើយ៖ «ពីរឆ្នាំអត់បានទៅ ដោយសារតែសុខភាព[ឈឺ]តែទៅត្រូវ​ការហត់ណាស់ ទីមួយយើង​អនាម័យកន្លែងរស់នៅកុំឲ្យមានសំរាម ហើយ​សំអាតកន្លែងរស់នៅ រុយវាចេះតែមក​ច្រើនតំាងពីកន្លែងហូប​បាយ​​ យើងហូប​ យើងប្រោះទឹក យើងជូតសំអាតហើយ រុយវារោមឡើងខ្មៅ​ ដ៏យើងសុំសីល នឹកឃើញថាដាច់សីលខ្លះវៃម៉ង ដាក់ទុំស្អិតក៏ដាក់​មិនឈ្នះយកទៅដុតចោល»។

អ្នក​ស្រី ​ស៊ីវលីម និង​អ្នក​ភូមិ​ផ្សារ ស្ថិតនៅ​ម្តុំ​អូរកន្ទួតយល់ថា​ពួកគេ​​កើត​ជម្ងឺដោយ​សារតែ​ទីលានចាក់សម្រាម​​ដែល​ស្ថិតនៅក្បែរនោះ។​

អ្នកស្រី ស៊ីវលីម មានប្រសាសន៍ថា ពលរដ្ឋនៅភូមិរបស់គាត់ភាគច្រើន​មានដីចំការ នៅម្តុំអូរកន្ទួត ដោយថា ដីនោះ ​ពល​រដ្ឋ​​​ ​ដំា​ដំណាំ សណ្តែកគួ សណ្តែកបាយ ត្រសក់ និង​ត្រឡាចជាដើម។

​​ទឹកស្អុយ​ហូរ​ពី​គំនរ​សំរាម​ចូល​អាង​រក្សា​ទឹក​

ពលរដ្ឋនិយាយថា រយៈពេល​ជាង៤​ឆ្នាំ​ហើយ គំនរ​សំរាម ក្បែរ​អូរកន្ទួត ស្ថិតនៅ​ភូមិ​ផ្សារ ខេត្ត​ក្រចេះ ​ដែលមាន​ផ្ទៃដី​៥​ហិកតា បានភាយ​ក្លិន​ស្អុយ និង​មាន​ទឹក​ជ្រាប​ចេញពី​គំនរ​សំរាម ហូរ​ចូល​ទៅក្នុង​អាង​​​រក្សា​ទឹក ដែល​អ្នក​ភូមិ​ប្រើប្រាស់​តាំងពី​សម័យ​ ប៉ុល ពត​។​

ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​នោះ ​អះអាងថា បញ្ហា​ប្រឈម​ធំ គឺ​រដូវវស្សា​នៅពេល​ភ្លៀង​ធ្លាក់ ទឹកស្អុយ​ពី​គំនរ​​​សំរាម​នោះ ក៏​បាន​ហូរ​លាយឡំ​ជាមួយ​ទឹកភ្លៀង ចូល​ក្នុង​អាង​ផ្ទុក​ទឹក​មួយ​កន្លែង​ មានឈ្មោះ​ថា “​ទំនប់ស្តុក​​ទឹកអូរកន្ទួត​” ដែល​បន្សល់ទុក​តាំងពី​សម័យ ប៉ុល ពត​។ អាង​ស្តុក​ទឹក​នោះ​ មាន​ចំងាយ​ពី​គំនរ​សំរាម​ប្រហែល​​២​គីឡូម៉ែត្រ​។ ពលរដ្ឋ​ថា ពួក​គេ​រាប់​រយ​គ្រួសារ​ក្នុង​​ឃុំ២ រង​ផលប៉ះពាល់​សុខភាព ដោយ​សារ ​​ពួកគេ​ប្រើប្រាស់​ទឹក​អូរ​​នោះ​។

អង្គុយលើកៅអី ក្រោមផ្ទះ លោក ហេង សុខ ដែលអះអាងថា ​មានជំងឺ​សួតប្រចំាកាយ ​(​ប៉ះពាល់​ផ្លូវដង្ហើម​) ប្រាប់​ថាពេលខ្លះ គាត់រាក ក្អក និង​ក្តៅខ្លួន។ លោក​ ហេង សុខ និយាយថា ជម្ងឺគាត់គឺដោយសារ ហិតខ្លិនស្អុយពីគំនរសំរាម និង​ប្រើប្រាស់ទឹកអូរកន្ទួត។

លោក​ សុខ បន្ត​ថា គាត់ចង់ឈប់ប្រើទឹកអូរកន្ទួត និង​គេចឲ្យផុតពីកន្លែងគំនរសំរាមនោះដែរ ប៉ុន្តែគ្មានជម្រើស ដោយថា ត្រូវ​តែ​​ធ្វើ​​ដំណើរ និង​ស្នាក់​នៅ​ចំការ​ ម្តុំគំនរសំរាម​នោះ ទំាងប្រឈមនឹងបញ្ហាសុខភាព ដើម្បី​រកប្រាក់​ទ្រទ្រង់​​ជីវភាពគ្រួសារ។

លោក​ សុខ បន្ត​ថា «សំរាម​វាជះ[ខ្លិន]មក​ យើងដកដង្ហើមទៅវាពិបាកដែរ… វាទៅជាក្អក ស្លេះ​ សួត យើងដកដង្ហើម​ចេញ​ចូល​​វាធំ[​ខ្លិនស្អុយ]ឡើង​ ប៉ះពាល់ក៏ត្រូវ​នៅកន្លែងហ្នឹង​ បើយើងទៅកន្លែង[ធ្វើស្រែ]អត់ប៉ះពាល់​វារកអត់បាន ធ្វើម៉េច​ ព្រោះ​កន្លែងហ្នឹង កន្លែងយើងរក​អចិន្ត្រៃយ៍ ដ៏ពេលយើង​ចេញពីកន្លែងហ្នឹងវាអត់កើត…ចេញដូចបាត់ឆ្នាំងបាយទទេ​»។

អង្គុយ​​នៅ​ក្រោមផ្ទះ ​ធ្វើ​ពី​ឈើ សម្លៀក​បំពាក់​រាង​ចាស់​បន្តិច អ្នកស្រី ខួច ស្រីមុំ​ អាយុ​ជាង​៥០​ឆ្នាំ ​រស់នៅ​ភូមិ​កន្ទួត ស្រុក​ចិត្រ​បុរី នៃខេត្ត​ក្រចេះ រៀបរាប់​ប្រាប់​អ្នកយក​ព័ត៌មាន​ ទាំង​ទឹកមុខ​មុតមាំ​ថា ចន្លោះ​ពី​១​ទៅ​៣​ថ្ងៃ «ក្រុមហ៊ុនឯកជន សំអាតអនាម័យបរិស្ថានក្រុងក្រចេះ» បាន​ដឹក​សំរាម​៣ ​ទៅ​៤​ឡាន ​ពី​ទី​​​រួម​ខេត្ត​ក្រចេះ យក​ទៅ​ចាក់ចោល​នៅ​ភូមិ​ផ្សារ ចំណាយ​២​គី​ឡូម៉ែត្រ ​ពី​ទំ​បន់​ស្តុប​ទឹក​អូរ​កន្ទួត​។ អ្នក​​ស្រី​ថា ការចាក់សំរាម​ចោល​ ពាស​វាល​ពាស​កាល​នោះ ធ្វើឲ្យ​ពួកគាត់​ព្រួយ​បារម្ភ​​ពី​ការ​ប៉ះ​ពាល់​​​បរិស្ថាន និង​សុខ​ភាព​។

 អ្នកស្រី ខួច ស្រីមុំ​ «ខែ​ប្រំា​ ត្រូវ​គេដុត​[សំរាម]មិនមែនតិចណា ប្រហែល​ជាប្រវែង១០០ ទៅ​២០០​ម៉ែ​ត្រដែរ ឆ្លង​ទៅ​​ខាង​​ណោះ​ យើង​និយាយ​តែ​តាម​​ផ្លូវ​ ល្មមយើងបិទមាត់ បិទច្រមុះ អត់ហ៊ាន​ដក​ដង្ហើម​ ខ្ពើម​»។​

ប្រជាពលរដ្ឋនៅក្នុង ឃុំដារ ស្រុកចិត្ត​បូរី មានចំនួនជាងមួយម៉ឺននាក់ (១០ ១១១ នាក់)​ និងពលរដ្ឋនៅឃុំកន្ទួត ស្រុក​ចិត្ត​បូរីមានចំនួនជាងប្រាំពីរពាន់នាក់ (៧ ៤៥៤នាក់)។

បើ​តាម​ពលរដ្ឋ បញ្ហា​សុខភាព​ ដែល​ពួកគេ​ប៉ះពាល់​នោះ​ រួមមាន កើតរ​មាស់ ជំងឺ​សួត​(​ប៉ះពាល់​ផ្លូវដង្ហើម​) ជំងឺ​​គ្រុនឈាម ឈឺក្បាល ផ្តាសាយ ក្រពះ ពោវៀន និង​បញ្ហា​ផ្សេងៗ​ទៀត​។ ចំណែកឯ​សត្វ​គោ ក្របី ពេល​ផឹកទឹក​នោះ​ក៏​មាន​ជំងឺ​ហើមពោះ និង​បូស​ខ្យល់​ទៀតផង​។

លោក សំាង យ៉េត ​ដែលអះអាងថា ជា​អ្នក​ចំា​ចំការក្បែរទីលានចាក់សំរាម បានឲ្យ​ដឹង​ថា ពេលមេឃ​ភ្លៀង​ម្តងៗ ទឹកដក់ នៅទីលានចាក់សំរាម ស្អុយបង្កទៅជាសត្វមូស និងរុយជាច្រើន។ ករណីនេះ លោកថា ​ធ្វើឲ្យ​គាត់​​​មាន​ជំងឺ​ប្រចំាកាយ ដោយសារ​ហូប​​ទឹក​អូរកន្ទួតនោះ។

លោក សំាង យ៉េត «ពេលមុន ទៅពេទ្យនៅក្រចេះ អស់​៨៧ម៉ឺនរៀល​ ដែលគ្រោះតំរង់នោម​ ធម្មតាទឹកយើងផឹក​ចឹងៗ ទឹកវាអត់ល្អ ដំាហើយនៅតែអញ្ចឹងទៀត​ ឥឡូវ ​ដល់វះហើយ ​ដែលលោកគ្រូពេទ្យគាត់ថា​ បើខ្ជិលទៅ​បើកនៅក្រចេះ ខ្ញុំដេកពេទ្យឯកជន មក​បើក [ថ្នាំ]ពេទ្យឃុំទៅ​ ហើយបើកបានម្តង​ បានបីថ្ងៃអស់​…ឈឺទៀត​ហើយ​…ឈឺកន្លែងវះវារើរោគ យើងធ្វើការធ្ងន់​​»។

 

ប្រវត្តិទីលានចាក់​សម្រាម​ និង​បច្ចេកទេស នៃការ​គ្រប់គ្រង​សម្រាម

ទីតាំង​ចាក់សំរាម​ស្ថិតនៅ​ភូមិ​ផ្សារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។​ ទីលាននេះ ​មានទំហំ​ប្រមាណជា៥ហិចតា។ វាត្រូវ​បានមន្ទីរ​បរិស្ថាន​ខេត្ត​រៀបចំឡើង​កាលពី​ឆ្នាំ​២០១៣ និង​ចំណាយ​ថវិកា​អស់​៨ ០០០​ដុល្លារអាមេរិក​​។

ពលរដ្ឋ បានអះអាងថា ក្នុងមួយថ្ងៃ រថយន្តដឹកសំរាមពីសង្កាត់ចំនួន៤ រួមមាន សង្កាត់ក្រចេះ សង្កាត់​អូរឬ​ស្សី​​​ សង្កាត់កកូ និងសង្កាត់​រកាកណ្តាល យកទៅចាក់ក្នុង​ស្រុកចិត្របុរី ខេត្តក្រចេះ យ៉ាង​​តិច​​​៣ជើ​​ង ​ដែលក្នុងមួយជើងមាន៤រថយន្តធំៗ។

លោក តុក គុណ ម្ចាស់ក្រុមហ៊ុនសំរាម​ឯកជន ឬហៅថា ក្រុមហ៊ុនសំអាតអនាម័យបរិស្ថានក្រុង​ក្រចេះ បានលើកឡើងថា ក្រុមហ៊ុន​របស់លោក​ បាន​ចុះកិច្ចសន្យា​ជាមួយសាលាក្រុងក្រចេះ ​ក្នុង​មួយឆ្នាំ​ម្តង ដោយ​ថា ​​​​ជា​​​ថ្នូរដឹកសម្រាម​ពីទីក្រុងយកទៅចាក់នៅទីលានចាក់សម្រាម ស្ថិតនៅភូមិផ្សារ ឃុំកន្ទួត ស្រុកចិត្របុរី។ ប៉ុន្តែ​​លោកថា ​​​នៅរដូវ​វស្សាលោកឲ្យ​កម្មករ​ដឹក​យក ​ទៅ​ចាក់​នៅ​ទីលានចាស់ គឺនៅកោះសុក្រម ដែល​លោក​ថា​ ជាទីតំាងសាលាក្រុងហាមឃាត់​មិនឲ្យចាក់​។ ចំណែករដូវ​ប្រាំង ​យកទៅចាក់នៅ​ទីលាន​​​ចាក់សំរាម​ក្បែរ​អាង​ស្តុប ​ទឹកអូរ​កន្ទួត​​​ ស្ថិត​នៅ​​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ថា​ ក្នុងមួយថ្ងៃដឹកបាន ​ប្រហែលជាង២០​​តោន។

យោងតាមគោលការណ៍ណែនាំបរិស្ថានស្តីពី ការគ្រប់គ្រងកាកសំណល់រឹងនៅព្រះរាជាណាចក្រកម្ពុជា ​ឆ្នាំ​២០០៦ ដែលបង្កើត រួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការកែឆ្នៃនិងសិក្សា​កម្ពុជា នៅឆ្នំា២០១៦ មានតម្រូវ​ការជាក់​លាក់​​ទាក់ទងនឹងការសាងសង់ និងការថែរក្សា កន្លែងចាក់សំរាម។ មាត្រា៣៧ នៃគោលការណ៍ណែ នាំ​នេះ មានខ្លឹមសារថា ក្រុម​ហ៊ុន​ប្រមូល​​សំរាម ​ដែលជា​ប្រតិ​បត្តិ​ករ នៃ​ទីលាន​​ចាក់សំរាម ត្រូវ​គោរពតាម លក្ខខ័ណ្ឌបច្ចេកទេស និង​វិធាន​ការ​ការ​​ពារបរិស្ថានដែល​បាន​កំណត់​ដោយក្រសួង​បរិស្ថាន​​។ នៅក្នុងករណី មានការបំពុលបរិស្ថានណា​មួយកើត​ឡើង​ពី​លទ្ធ​​ផលនៃការប្រតិបត្តិការណាមួយ ប្រតិបត្តិករនៃទីលាន​ចាក់​​សំរា​ម​ត្រូវ​​ចាត់វិធានការជាបន្ទាន់ ដើម្បី​បញ្ឈប់ និងរាយការណ៍ជាបន្ទាន់​ពីឧប្បតិ្តហេតុនេះ ទៅកាន់រដ្ឋបាលរាជធានី ស្រុក ក្រុង ខ័ណ្ឌ និង​​មន្ទីរ​បរិស្ថា​ន​នៅក្នុង​រាជធានី ឬខេត្តនោះ។

ទោះជាយ៉ាងណា ពលរដ្ឋនៅស្រុកចិត្របុរី បានអះអាងប្រហាក់ប្រហែលគ្នា​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្នុង​​​​ស្រុក​ចិត្របុរី មិន​បាន​គោរតា​ម​គោលការណ៍​ណែ​នាំទំាង​នេះទេ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ​លោក ឆាយ ឌួង​សាវុធ បានទទួលស្គាល់ថា ទីតំាងចាក់សំ​រាម​ដែល​ពល​រដ្ឋលើកឡើងនោះ ពិតជា​មាន​ក្លិន​​ស្អុយ ​ធ្វើឲ្យ​ប៉ះ​ពាល់​សុខ​ភាពប្រាកដ​មែន។ លោកថា ​កាល​ពី​ឆ្នាំ​២០១៣ អតីត​ប្រធាន​​មន្ទីរ​បរិស្ថាន ធ្លាប់​ស្នើ​ថវិកា​៣០០​លាន​រៀល ​ទៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ ដើម្បី​យក​​ទៅ​កែ​ទីលាន​ចាក់​សំរាម​​​នៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​មន្ទីរ​ហិរញ្ញវត្ថុ​ អះអាងថា រដ្ឋ​មិន​មាន​កញ្ចប់​ថវិកា​គ្រប់​គ្រាន់​។

ទោះជា​យ៉ាងណា លោក ឆាយ ឌួង​សាវុធ បានបញ្ជាក់ថា មន្ទីរបរិស្ថានមានសិទ្ធិស្នើសុំត្រឹមតែបច្ចេក​ទេស​តែប៉ុណ្ណោះ ដោយថា រាល់ការអនុវត្តជាក់ស្តែង រដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាច ​ទៅឲ្យអភិបាល​ខេត្ត​ ​និង​ក្រុងជាអ្នក​ធ្វើកិច្ចការទំាង​នេះ។

លោក ឆាយ ឌួង​សាវុធ «នេះជាការងារខេត្តជាមួយគាត់[ក្រុមហ៊ុនសំរាម] មន្ទីរមើលផ្នែកបច្ចេកទេស បើសិន​គា​ត់អត់ស្អាត គឺយើងតែងតែណែនាំគាត់ឲ្យធ្វើការសំអាតជាប្រចំា ឬមួយសម្រាម ដែលឧប្បមាថា​ នៅ​តាមមុខ​ផ្ទះ ឬមួយតាមចំណុច​សំខាន់ៗ មានការកកស្ទះ យើងតែងតែសួរគាត់ ថាមូលហេតុអ្វី ឬមួយ​យ៉ាង​ម៉េច​ យើងតែងតែជំរុញគាត់រហូត»។

លោក ឌួងសាវុធ បញ្ជាក់ថា តាមគម្រោងក្រសួងនិងខេត្ត អាចនឹងពង្រីកដីបន្ថែមពី​១០ ទៅ១៥​ហិចតា​ទៀត ​នៅ​​ក្បែរទីតំាង ចាក់​សំរាម ​ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ នោះផង​ដែរ​។

នៅពេលសួរថា តើ​វា​អាចនិងកាន់តែប៉ះពាល់សុខភាពពលរដ្ឋ កាន់តែធ្ងន់ធ្ងរទៀត ដែរឬទេ ខណៈទីតំាងចាស់កំពុង​តែ​បង្ក​ផល​ប៉ះ​ពាល់​​ដល់ប្រភព​ទឹក ​ដែល​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់?​ លោក ឌួងសាវុធ ឆ្លើយថា ការអភិវឌ្ឍន៍ជៀសមិនផុតពីផល​ប៉ះពាល់​ដល់​ពល​​រដ្ឋ​​​នោះទេ ប៉ុន្តែ លោក​ថា មុនធ្វើការពង្រីកទីតំាងនោះ ស្ថាប័នពាក់ព័ន្ធក៏ត្រូវ​ធ្វើការ​​សិក្សាផ្នែកបច្ចេកទេស​ ជាមួយធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​(ADB)​ដែរ​ ដោយ​ថា ដើម្បីកាត់បន្ថយកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើន។

លោកនិយាយថា «ទីលានចាក់សម្រាមតាមពិត បច្ចុប្បន្នយើងមានដី យើង​គម្រោងទុកឲ្យហើយ​ វាតដីសម្រាប់ជាដីទុកជា​សម្បត្តិរដ្ឋ និងធ្វើទីលានចាក់សម្រាម អ្វីក៏ដោយការអភិវឌ្ឍន៍ ការរៀប​ចំទីលានចាក់សម្រាម…ជាគំនិតខ្ញុំ វាតែងតែមានការ​ប៉ះពាល់​ហើយ ក៏ប៉ុន្តែ អ្វីដែលប៉ះពាល់ ​គឺគេមានផែនការ​របស់វា យើងមិនអាចយកប្រជាពលរដ្ឋ​៤ ឬ១០គ្រួសារ​ មក​រារំាងជាមួយ ប្រជាពលរដ្ឋ​ក្នុង​ទីរួមខេត្ត វាអត់កើត​ ហើយគម្រោងរបស់លោក អភិបាល​ក៏គាត់បានរៀប​ចំគម្រោងហ្នឹង ដើម្បីអភិវឌ្ឍគម្រោង​ហ្នឹង ដើម្បីអភិវឌ្ឍន៍តំបន់ហ្នឹង ឲ្យក្លាយទៅជា​ទីលានចាក់សម្រាមដោយមានបទដ្ឋានបច្ចេកទេស​»។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ រដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រង​សម្រាម និង​កាក​សំណល់​រឹងនៅតាមក្រុង។ មាត្រា៧ នៃអនុក្រឹត្យនេះ បានកំណត់តួនាទី និង​ការ​ទទួល​ខុស​ត្រូវយ៉ាង​ទូលំ​ទូលាយ​​ដោយឲ្យរដ្ឋបាលក្រុង​ និងរដ្ឋបាល ខេត្ត ត្រូវ​គំាទ្រសម្របសម្រួល និង​ការ​លើក​ទឹក​ចិត្ត​ការ​គ្រប់​គ្រង​​​​សំណល់រឹង ទៅឲ្យក្រុង​និងស្រុក​ពួកគាត់។

រីឯមាត្រា៣០ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសម្រាម និងកាកសំណល់រឹង នៅតាមក្រុងដដែល​​ មានខ្លឹម​សារ​ថា ​​«រដ្ឋបាលក្រុង និងខណ្ឌ ត្រូវ​ទទួលខុសត្រូវ​ការគ្រប់គ្រង​សម្រាម និងកាក​សំណល់រឹង​នៅ​តាម​ក្រុង​ដែល​ស្ថិត​នៅក្នុង​វិសាល​ភាពនៃអំណាច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​មិន​ប៉ះ​​ពាល់​​ដល់​បរិស្ថាន»។

យោងតាមរបាយការសិក្សា និងការវិភាគលើការអនុវត្តគោលនយោបាយ គឺវិទ្យាស្ថានតស៊ូមតិ និងគោលន​យោ​បាយ (API) បានឲ្យដឹងថា សម្រាមនៅស្រុកចិត្របុរី​ អាជ្ញាធរឃុំក្នុងស្រុកចិត្របុរី និងឃុំកន្ទួត បាន​និយាយ​ថា ពួកគាត់​មិនទទួលបាន​ការផ្ទេរ មុខងារឲ្យគ្រប់​គ្រងកាក​សំណល់​រឹងនៅ​ទីប្រជុំ​ជន​នៅ​ឡើយ​។​​ របាយ​ការណ៍​នេះ បញ្ជាក់​ថា ផ្ទុយនឹងអនុក្រឹត្យស្តីពីការ​គ្រប់​គ្រង កា​ក​សំណល់​​​ដែល​បាន​​ផ្តល់​តួនាទីនោះ ទៅ​​ឲ្យក្រុង និងខ័ណ្ឌ (មាត្រា៣០ និង៣៦)។

ម្ចាស់​ក្រុមហ៊ុនសំអាតអនាម័យបរិស្ថានក្រុងក្រចេះ លោក តុក គុណ អះអាងថា លោកនិង​អភិបាលខេត្ត រួមទំាង​ស្ថាប័នពាក់​ព័ន្ធផ្សេង​ទៀត ធ្លាប់ចុះ​ទៅ​សិក្សាផ្ទាល់​ពីផល​​ប៉ះពាល់​នៃ​កន្លែង​សម្រាមនោះដែរ ប៉ុន្តែលោកថា ស្ថាប័នរដ្ឋនិងក្រុម​ហ៊ុន មិន​មាន​ថវិកា​​​គ្រប់​គ្រាន់ ដើម្បី​កែឆ្នៃទីតំាង​សម្រាមនោះ ​ឲ្យមានស្តង់ដារនៅឡើយ ដោយថារង់ចំាធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយលើ​បញ្ហា​នេះ​​។

ដោយឡែក ការ​អនុវត្ត​ទៅ​តាម​បច្ចេកទេស ​នៃការ​គ្រប់គ្រង​សម្រាម​តាម​អនុក្រិត្យ ឲ្យស្របតាមស្តង់ដារ​នោះវិញ គឺលោក តុក គុណ បាន​អះអាងថា ក្រុមហ៊ុន​របស់លោកមិនទាន់មានសមត្ថិភាពអនុវត្ត​ ទៅ​តាម​បច្ចេកទេស​នៃការ​គ្រប់គ្រង​សម្រាម​តាម​អនុក្រិត្យ និងតាម​ការណែនាំ​របស់​សា​លាក្រុងនោះទេ​ ដោយថា ទើប​ធ្វើ​ឲ្យ​ប៉ះពាល់សុខភាពប្រជាពល​រដ្ឋនៅតំបន់នោះ។

លោកនិយាយថា «តាមពិតស្តង់ដារ វាមិនមាននៅឡើយទេ យើងទទួលស្គាល់​ថា ​ការប៉ះពាល់​ ប៉ុន្តែវិធានការទប់ស្កាត់​ ទំាងការ​ហូរទឹក​កង្វក់​ចូលទៅតាមមាត់អូរ [កន្ទួត]…យើងទទួលស្គាល់​ ឥឡូវ​គម្រោងកំពុង​ធ្វើការជាមួយ ADB ទំាងឯកឧត្តម​ អភិបាលរង​លោក អឿ ស៊ីយ៉ែត គាត់ចុះទៅអស់ហើយ​ ក៏ប៉ុន្តែ អ្វីក៏ដោយ​យើង ធ្វើតាមដំណាក់កាល​ យើងមិនអាច​ធ្វើតាមពួកគាត់ចង់​បាន​ទេ»។

 

មានអ្វី​ពាក់ព័ន្ធគ្នា ​រវាង​ជម្ងឺ​របស់ពលរដ្ឋ​ និង​កន្លែងចាក់សំរាម?

ប្រធាន​មណ្ឌលសុខភាព ឃុំដារ លោកស្រី សែម ចន្ធូ មានប្រសាសន៍ថា​ ​អ្នក​ជំងឺដែលប៉ះពាល់​សុខ​ភាព​ពីគំនរ​សម្រាម នៅ​ស្រុក​ចិត្របុរី ខេត្តក្រចេះ បានទៅសម្រាកព្យាបាល​​ជំងឺរាក ក្អក ផ្តាសាយ ក្តៅខ្លួន និងរមាស់ នៅ​មណ្ឌល​​​សុខភាព​ឃុំដារ ​មាន​តិច​តួច​តែ​ប៉ុណ្ណោះ ដោយថា មិនមានច្រើនដូចការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន​នោះទេ​​​។

លោកស្រីមានប្រសាសន៍ថា «អ្នកជំងឺ មក​ពីខាង​ហ្នឹង អត់សូវ​មក​ពី[ឃុំដារ]ខាង​ខ្ញុំទេ​ ភាគច្រើន​មក​ពីខាង​កន្ទួត​ ព្រោះវា មានផ្លូវ​ចូល​តែមួយ ហើយវាជិតជាង​ខ្ញុំ បើខាង​ដារ​មិនសូវមាន​អ្នក​ប៉ះពាល់[សុខភាព]​ប៉ុន្មានទេ…ក្នុង១ខែប្រហែលប៉ុន្មាននាក់​…ពីមួយ​នាក់​ទៅពីរនាក់អស់ហើយ​»។

ចំណែក អ្នក​គ្រូពេទ្យឯកជន​ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ សុំមិនបញ្ចេញឈ្មោះ​ មានប្រសាសន៍ថា អ្នក​ជំងឺ​ដែល​ប្រើ​ប្រាស់​ទឹក​អូរកន្ទួត បានទៅព្យាបាលជំងឺនៅផ្ទះគាត់ចាប់ពី១នាក់ទៅ៣នាក់​ក្នុងមួយថ្ងៃ។ ​ជំងឺ​ទំាង​នោះ​ រួមមាន ជំងឺរាក រមាស់ ក្រពះ ពោះវៀន ក្អក ផ្តាសាយ និង​គ្រុនចាញ់ ជាដើម ខណៈពួកគេ​​ខ្វះ​​អនាម័យ និង​ប្រើប្រាស់​ទឹកមិនស្អាត ទើបបង្កឲ្យ មាន ជំងឺ បែប នេះ។

អ្នក​ស្រី​និយាយថា «ខាង​ក្រសួងសុខាភិបាល មណ្ឌលសុខភាព [ពេទ្យ​]គួរតែចុះមក​ជួយណែនាំគាត់​ ដូចថា​ ចេះមាន អនាម័យ អប់រំឲ្យប្រើទឹកឲ្យវាមានអនាម័យល្អ យើងមិនគួរប្រើទឹកកង្វក់ទេ បើយើងឃើញហើយមិនបាច់ប្រើទេ បើយើងរស់ នៅកន្លែង ហ្នឹងហើយ​ ដើម្បីការពារកុំឲ្យវាមានរោគរាកផង ក្អួតផង ក្រពះ ​ពោះវៀន រមាស់ តែយើងប្រើទឹកមិន ស្អាតរោគ វាតែង តែ កើតឡើង​ហើយ​»។

 របាយការណ៍របស់​អង្គការយូនីសេហ្វ UNICEF បានឲ្យដឹង​ថា ទឹកកខ្វក់ អាចបណ្តាលឲ្យមានជំងឺរាគរូស ដែល​គេរកឃើញថា វាបានសម្លាប់កុមារអាយុក្រោម៥ឆ្នាំ ចំនួន​៧សែន​នាក់​ជា​រៀងរាល់ឆ្នាំ។ ជម្ងឺរាគ ​ក៏អាច​ធ្វើឲ្យកុមារក្រិន ហើយ​បណ្តាល ឱ្យប៉ះពាល់ដល់​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ​ និងខាង​ផ្លូវ​ចិត្ត​របស់​កុមារ​។

 

ដំណោះស្រាយ​សុខ​ភាព​នៅមានភាព​ស្រពិចស្រពិលនៅឡើយ

លោក ខេន ឃុន ឈរក្បែគំនសម្រាម ដៃចង្អុលទៅទឹកស្អុយ ដែលហូរចេញពីគំនសម្រាម

វ័យ៥៣ឆ្នាំ​ លោក ខេន ឃុន ឈរក្បែគំនសម្រាម ដៃចង្អុលទៅទឹកស្អុយ ដែលហូរចេញពីគំនសម្រាម។ លោកបាន​រៀប​​រាប់​ថា ​ជាអ្នក​ប៉ះពាល់ទឹក​កង្វក់​នេះ ស្នើ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​​ពាក់ព័ន្ធ​នៅ​ខេត្ត​និង​មូលដ្ឋាន ឲ្យ​ពិនិត្យ​​​​ឡើង​វិញ​លើ​បញ្ហា​នេះ ដើម្បី​ការពារ​កុំឲ្យ​ប្រជាពលរដ្ឋ​កើត​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ។

លោក ខេន ឃុន «ចង់​ឲ្យធ្វើ​ម៉េ​ចទប់ស្កាត់​​ កុំឲ្យវាហូរចេញ[ទឹកស្អុយ​]ទៅក្រៅ កុំឲ្យវា​ហូរចេញ​ពីហ្នឹង​ទៅ​ចូល​​អុរ[ស្តុបទឹកអូរកន្ទួត​]​​» ចូល​អូរវាប៉ះពាល់ បើស្តុបឲ្យជាប់ កុំឲ្យចេញ​ អត់អីទេ​។ ឧទាហរណ៍ បើប៉ះ​ពាល់​​មែន​រោគមួយផ្ទះ គ្រប់​ទំាង​អស់​គ្នា វាគ្រោះថ្នាក់ធំ គ្រួសារ ក៏ពិបាក អ្នក​ណា​ឈឺ​ អ្នកណា​មើល​អ្នក​ណា​ទេ​»។

ឆ្លើយតបនិងករណីនេះ ប្រធានមណ្ឌលសុខភាពឃុំកន្ទួត លោក សរ ម៉ាឡា​ ទទួលស្គាល់ថា ពិត​ជា​មាន​ប្រជា​ជនមាន ជំងឺដូច ការរៀបរាប់របស់គ្រូពេទ្យឯកជនលើកឡើងមែន ដោយ​លោកថា ​​ក្រុម​ការ​ងារ​​របស់​លោក ធ្លាប់បានចុះប្រជុំនៅក្នុងឃុំ ដើម្បី​​អប់រំពីការថែទំាសុខភាព ដល់មេភូមិ ឃុំ និង​អ្នកស្ម័​គ្រ​ចិត្ត​​​ក្នុងភូមិ​មួយ​ចំនួន ជួយផ្សព្វផ្សាយបន្តដល់ប្រជាជនក្នុងភូមិ ឃុំ ដែរ។ ប៉ុន្តែលោកថា​ មិន​ដឹង​​​ថា ​ពួកគេ​អនុ​វត្ត​តាម​ការ​ណែនាំនោះដែរ ឬយ៉ាងណានោះទេ។

ទោះជាយ៉ាងណា លោក ម៉ាឡា បានផ្តល់ជាមតិដល់ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទួត ជាពិសេសអ្នកដែល​រស់​នៅម្តុំគំនសម្រាម ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ កុំប្រើប្រាស់ទឹកមិនស្អាត។

លោក​និយាយថា «កុំទៅប្រើប្រាស់ [ទឹក]ធ្វើអ្វីនៅក្បែរកន្លែងគេ​ចោលសំរាម សំរាមធ្វើឲ្យមានជំងឹសើស្បែក​ ជំងឺ​រាក និងជំងឺផ្លូវ​ដង្ហើមផ្សេងៗ ព្រោះជាតិកង្វក់ធ្វើឲ្យយើង​ប៉ះពាល់ច្រើនណាស់​ ជាពិសេសកុំប្រើ​ប្រាស់​ទឹក​[ស្អុយ​]នោះ​​»។

មេឃុំដារ លោក ប៊ៀន សាអ៊ុំ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំដារ មិន​មានអណ្តូងគ្រប់គ្រាន់ សម្រាប់​ផ្តល់​​ឲ្យប្រជាពល​រដ្ឋ​ប្រើ​​​ប្រាស់នោះទេ ដោយថាករណីនេះ ធ្វើ​ឲ្យពួកគេភាគច្រើន​ប្រើប្រាស់ទឹក​កង្វក់​​ ដែល​​​ហូរចេញពីគំនរ​សម្រាម​ចូលក្នុង​អូរកន្ទួត​នោះ​​​​​។ ទោះជាយ៉ាងណា លោកថា បច្ចុប្បន្ន​នេះ សាលា​ឃុំ មិ​ន​​ទាន់មានដំ​ណោះស្រាយ​ជីកអណ្តូងឲ្យ​ពលរដ្ឋឲ្យបានគ្រប់​គ្រាន់​នោះ​​​​ទេ ដោយថា ឃុំមិនមាន​ថវិកា​គ្រប់​គ្រាន់​។

លោកនិយាយថា «ចំណាយ​ធ្វើអណ្តូង​ខ្លះ​ ធ្វើផ្លូវ​ផង​ ផ្លូវ​លំ ផ្លូវ​បាក់បែក​ វាយកមក​ចំណាយ​អត់គ្រប់ផង…បើថា ធ្វើឥឡូវ​នេះ​ផ្លូវ​ខូច​ខ្ទិច​ ទៅតាមផ្លូវ​ ទៅតាមមូលដ្ឋាន​ភូមិណាមួយ ក៏ខ្វះខាត​ ធ្វើអណ្តូង​ខ្វះ​ ឥឡូវ​ខ្ញុំ​មិនដឹង​ធ្វើម៉េច​​ទេ​​»។

មេឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ លោក តុប ហន បានរៀប​រាប់ថា កាលពីអាណត្តិ​ចាស់​មេឃុំ ​រួមទំាងរូបលោក ដែលនៅ ជាក្រុមប្រឹក្សាឃុំ​ផង​​​នោះ បានរាយការណ៍ទៅថ្នាក់លើ ឲ្យជួយដោះស្រាយបញ្ហាគំនសំរាមដែរ ប៉ុន្តែរហូតមក​ដល់ពេលនេះ ​មិន​​ទាន់មានដំណោះស្រាយនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ នៅអាណត្តិនេះ លោក ហន បានប្តេជ្ញាថា លោក​និងជួយ​អន្តរាគមន៍​រឿង​នេះជាថ្មី​ទៀត​  ទៅស្ថាប័នពាក់ព័ន្ធ ដោយ​ថា ​ដើម្បី​កុំឲ្យ​​ប៉ះពាល់​​សុខ​ភា​ព​​ប្រជាពលរដ្ឋនៅតំបន់នោះ។

លោក តុប ហន «ប្រឹងប្រែងតំាងពីអាណត្តិចាស់ រាយការណ៍ទៅបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ ផ្នែកសុខាភិបាល ថ្នាក់ដល់ ប្រសួងទៀត ទីមួយ កែតម្រូវ លើកទីពីរ កែតម្រូវ ដល់មន្ទីរបរិស្ថាន​គេថា នឹងកែតម្រូវ ធ្វើអាងស្តុបមិនឲ្យទឹកហូរចូលទេ! តំាងពីថ្ងៃនោះ មកនៅដដែល ប្រហែលចង់មួយអាណត្តិក្រុមប្រឹក្សាមក​ហើយ បើ៥ឆ្នាំខ្វះ គឺខ្វះតិចតួចទេ ខ្ញុំនឹងប្រឹងប្រែងបន្តទៀត ដើម្បីសុខភាពប្រជាជន ក៏ដូចខ្លួនខ្ញុំផ្ទាល់ដែរ បើយើងទទួលទានទឹកហ្នឹងដែរ ផលប៉ះពាល់មិនមែនត្រឹមតែមនុស្សទេ ទៅដល់ សត្វ ដល់មច្ឆាជាតិ ជាក់ស្តែងនៅទំនប់អូ​រកន្ទួតកា​ល​ពីឆ្នាំ​មុន​ ខែដើមឆ្នាំជន់មក ងាប់ត្រីខ្ចេចខ្ចី​អស់ពុល​»។

មេឃុំដារ លោក ប៊ៀន សាអ៊ុំ បាននិយាយថា លោកធ្លាប់អន្តរាគមន៍ស្នើទៅថ្នាក់លើផ្តល់​ថវិកាជាតិប្រចំាឆ្នាំដល់​ឃុំ ដើម្បីយក​ទៅជួយ​ដោះស្រាយ ជីកអណ្តូងជូនប្រជាពលរដ្ឋដែរ ប៉ុន្តែលោកថា ថវិកាជាតិ ​ដែល​ទទួលបានពីថ្នាក់លើ​ប្រហែល​៨លាន​រៀល ក្នុង​​៣ខែម្តង ដោយថា ករណីនេះ មិនអាចធ្វើ​អណ្តូងទឹកជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់នោះទេ ខណៈថវិកានោះ ត្រូវ​យក​ទៅ​បែង​ចែក ធ្វើ​ផ្លូវ និង​លូ ជា​ដើម​​។

ទោះ​ជាបែបនេះក្តី មេឃុំរូបនោះ បានអះអាងថា ក្រុមការងារឃុំនិងស្ថាប័នពាក់ព័ន្ធកំពុង​សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី សិក្សា​ពីបច្ចេកទេស ដើម្បី​គ្រប់គ្រងសំរាមនៅតំបន់នោះ ដោយថា ដើម្បីជួយកាត់បន្ថយកុំឲ្យប៉ះពាល់​សុខភាពប្រជាពលរដ្ឋ​។

មន្ត្រីស៊ើបអង្កេតដីធ្លី និង​សិទ្ធិមនុ​ស្ស​នៅសមាគមការពារ​សិទ្ធិមនុស្សអាដហុក​ប្រចំាខេត្ត​ក្រចេះ លោក ប៊ី វ៉ាន់នី​ មានប្រសាសន៍​ថា មន្ទីរ​បរិស្ថាន​គួរតែរក​ទីតាំង​ថ្មី​សម្រាប់កែច្នៃ​សំរាមនោះ​ឲ្យមានស្តង់ដារ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិ​ស្ថាន និង​សុខភាព​ប្រជា​ពលរដ្ឋ​។ លោកបញ្ជាក់​ថា បើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ទេ នឹងធ្វើឲ្យពលរដ្ឋអស់​ជំនឿលើ​ការដឹក​នាំរបស់រដ្ឋាភិបាល។

លោក ប៊ី វ៉ាន់នី «​ប្រសិន​អាជ្ញាធរមូលដ្ឋាន​អត់មានការដោះស្រាយ​ ឬក៏ខ្នះខ្នែង​ក្នុងការបំរើប្រជាពលរដ្ឋ​ទេ ហើយ​ទុកឲ្យ បញ្ហា អូសបន្លាយ​ទៅ​មុខទៀត ខ្ញុំគិតថា​រដ្ឋាភិបាលនិងបាត់បង់សំឡេង​គំាទ្រ ឬប្រ​ជា​ប្រិយ​ភាព​ខ្លួន​ឯងត្រូវ​បាត់បង់​»។​

លោក តុក គុណ ប្រធានក្រុម​ហ៊ុន​ដឹកសម្រាមក្នុង​ខេត្ត​ក្រចេះនេះ បញ្ជាក់ថា​ លោកចង់ធ្វើការអភិវឌ្ឍនៅ​ទីតំាង​ចាក់​សម្រាម ដើម្បី​កុំឲ្យប៉ះពាល់សុខភាពពលរដ្ឋ​ដែរ ប៉ុន្តែ​លោកថា មិនមានថវិ​កាគ្រប់​គ្រាន់​​​ក្នុ​ង​​​ការរៀបចំរចនាសម្ព័ន្ធនៅតំបន់នោះ ខណៈ​ក្នុង​​មួយខែក្រុមហ៊ុន​រក បាន​ចំណូល៤ពាន់ដុល្លារតែ ប៉ុណ្ណោះ​។

លោក តុក គុណ «បើសិនណា យើងមិនឲ្យប៉ះពាល់ខ្លះ យើងទៅធ្វើម៉េច ឥឡូវ​ព្រោះដូចខ្ញុំ មិនមានលទ្ធភាព​ទៅធ្វើទីលាន​ ទៅតាមស្តង់ដារទេ មានតែវាល់សែនដុល្លារឯណោះ បានទៅធ្វើកើត សូម្បីតែខេត្ត មិន​មា​ន​លុ​យកាក់ឯណាទៅធ្វើដល់ស្តង់ដារ រាល់ថ្ងៃខ្ញុំមិនចង់ធ្វើ​ផងព្រោះវាអត់មានស្អីបានចំនេញទេ បាន​តែ​ម៉ាស៊ី​ម៉ា​ចុកទេ បើនិយាយឲ្យអស់ទៅ រួច​ខ្លួនៗ ចូលលុយហោប៉ៅខ្លះ ទៅធ្វើឡាន ជួសជុលអីហ្នឹង​​»

អភិបាលក្រុង​ក្រចេះ លោក យិន វណ្ណៈ មានប្រសាសន៍ថា សាលាក្រុងចង់ធ្វើការអភិវឌ្ឍទីតំាងចាក់សម្រាមឲ្យ​មានស្តង់ដារដែរ ក៏ប៉ុន្តែ​លោកថា រដ្ឋ​មិនមាន​ថវិកាជាតិគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍនៅតំបន់នោះទេ​។ លោកថា ដើម្បីឲ្យទី​ក្រុងក្រចេះ​មានសោ​ភណ្ឌភាព សាលាក្រុង បានអនុញាតឲ្យក្រុមហ៊ុនសម្រាម​ឯក​ជន​មួយ ដែលម្ចាស់ឈ្មោះ តុក គុណ ​ចុះ​កិច្ច​សន្យា​ជួយ​ដឹក​​សំរាម ដើម្បី​​​​សំអាត​ក្រុង ប៉ុន្តែលោក​ថា​ ក្រុម​ហ៊ុន​នោះ ​​មិនចេះច្នៃកាកសំណល់​​ឲ្យមាន​ស្តង់​ដារនៅឡើយ​។

​​លោក យិន វណ្ណៈ​ អះអាង​​ថា បច្ចុប្បន្ន​នេះ សាលា​​ក្រុងកំពុង​​សហការជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទំាង​ធនា​គារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដោយថា​នឹ​ងធ្វើ​តំបន់​នោះ​ ឲ្យ​ក្លាយ​​ទៅ​ជាកន្លែង​ស្តុកទុកសំរាម​មាន​ស្តង់​ដារ ដើម្បី​កុំឲ្យ​ប៉ះពាល់​សុខភាព​ប្រជា​​ពល​រដ្ឋ​បន្ត​ទៀត។

លោក យិន វណ្ណៈ «ក្នុងនាមរដ្ឋបាលក្រុងក្រចេះយើងខ្ញុំ ស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​ ជួយគំាទ្រ ការរៀបចំទីលានចាក់សំរាម​​​នេះ រៀបចំធ្វើម៉េចឲ្យមានលក្ខណៈជាស្តង់ដារ ឥឡូវនេះបច្ចុប្បន្នក្រុមការងារកំពុងតែសិក្សា ហើយខ្ញុំគិតថានៅពេលខាងមុខក្រុងក្រចេះ យើងខ្ញុំនឹងមានទីលានចាក់សម្រាមមួយប្រកបដោយលក្ខណៈបច្ចេកទេសហើយនៅពេលនោះប្រជាពលរដ្ឋ នៅជុំវិញនោះ គឺអាចគេចផុតពីអ្វីដែលគាត់មានការព្រួយបារម្ភហើយ»​​​។

ទោះជាបែបនេះក្តី​ លោក វណ្ណៈ មិនបានបញ្ជាក់ពីពេលវេលា នៃ​គម្រោងដែលត្រូវ​​ធ្វើអភិវឌ្ឍនៅទីលាន​ចាក់​​​​សម្រាម​នៅស្រុក​ចិត្រ​បុរីនោះទេ ដោយថាធនាគារអភិវឌ្ឍន៍អាស៊ី [ADB]កំពុង​ធ្វើការសិក្សានិងប្រមូល​របាយការណ៍​​ពាក់ព័ន្ធជាមុន​សិន។

ពលរដ្ឋ ដែលរស់នៅឃុំដារ សុំមិនបញ្ចេញឈ្មោះ​ បាននិយាយថា ពួកគេចង់​ឲ្យ​អាជ្ញាធរពាក់ព័ន្ធ ជីករណ្តូវ​ឲ្យ​​ជ្រៅ រួច​ចាក់​​ស៊ីម៉ង់​​បាត​ខាងក្រោម និង​ជុំវិញ​កំផែង ឬ​​ប្តូរ​ទីតាំង​ចាក់សំរាម​នោះ​ទៅ​ឆ្ងាយ​ពី​អាង​ស្តុប​ទឹកអូ​រ​កន្ទួត​កាន់​តែ​ល្អ​ ដោយថាកុំឲ្យ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ​។​

ពលរដ្ឋ «ចង់ឲ្យចាក់អាង [កន្លែងចាក់សំរាម​]ឲ្យបានជ្រៅ ក្រាលថ្ម ធ្វើម៉េចកុំឲ្យជ្រាប​ទឹកស្អុយ ចេញមក​តាមអូរ ប្រឡាយ តូចតាចវាធ្លាក់មក​ភូមិយើងនៅក្រោមៗ ព្រោះកាលណាយើងប្រើទឹកនឹង​ទៅ វា​ប៉ះ​ពាល់​ទោះជាយើងសម្លាប់មេរោគ  ម៉េក៏នៅតែមិនធានាដែរ ដាក់ថ្នាំច្រើនពេកធំទឹកវិញ ដែល​ប្រើប្រា​ស់​ទឹ​កសុទ្ធលែង​ចង់កើតទៀត​​»

យ៉ាងណាក៏ដោយ ពលរដ្ឋរស់នៅឃុំ ដែលប៉ះពាល់​បង្ហាញការព្រួយបារម្ភប្រហាក់ប្រហែលគ្នា​ថា បើអាជ្ញាធ​រ​ពាក់​​ព័ន្ធ​មិនធ្វើការ​អភិវឌ្ឍតំបន់គំនរសម្រាមនោះឲ្យមានស្តង់ដារទេ នឹង​ធ្វើឲ្យប្រជាពល​រដ្ឋក្នុង​ឃុំពួក​គេ បន្ត​កើត​ជំងឺ​ ខាត​ពេលវេលា​រកប្រាក់​ទ្រទ្រង់​​ជីវភាព​គ្រួសារ​។

មេឃុំ​ ដារ នៅស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ លោក ប៊ៀន សាអ៊ុំ មានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក​សង្កេតឃើញថា ក្រុម​ហ៊ុន​ដឹក​សំរាមឯកជន​ បានដឹកយកទៅចាក់នៅស្រុកចិត្របុរី ក្បែរអាង​ស្តុប​ទឹក​អូរ​​​​​កន្ទួត។ ប៉ុន្តែ​លោក​ថា ក្រោយពីពលរដ្ឋ​រិះគន់ច្រើននៅខែ៦ ឆ្នាំ២០១៧នេះ ក្រុមហ៊ុនសំរាម បាន​ចាប់​ផ្តើម​​ដឹក​សំរាមយកទៅចាក់នៅ​ទីតំាងចាស់​វិញ​ ​ស្ថិត​នៅ​កោះសុក្រម ដែលមានចំងាយ​ពី​ភូមិដារ​ ឃុំដារ​ កន្លះ​​គីឡូម៉ែត្រ ករណីនេះ​ បណ្តាលឲ្យប៉ះពាល់​ដល់​សុខភាព​​​ពលរដ្ឋនិងបរិស្ថាន ដូចអ្នករស់​នៅ​ក្នុង​ឃុំអូរ​កន្ទួត​​ដែរ​​។

លោកមេឃុំ បានឲ្យមេភូមិទៅប្រាប់កម្មករដឹកសំរាមថា មិនឲ្យចាក់​នៅ​កោះ​សុក្រម​នោះ​ទេ​ ​ដោយថា ឲ្យយក​ទៅចាក់​នៅ ស្រុកចិត្របុរីក្បែរអាងស្តុបទឹកអូរកន្ទួតវិញ​ ប៉ុន្តែលោកថា កម្មក​រ​ទំាង​នោះ ​​មិន​​​ធ្វើតាមទេ ដោយថា នៅក្នុង​រដូវ​វស្សានេះ មេឃភ្លៀងច្រើន ហើយ​ផ្លូវចូលទៅ​ស្រុកចិត្រ​បុរី​ ពិបាក​ធ្វើ​ដំណើរ​។ លោក​ សាអ៊ុំ បានអះអាងថា លោកនឹង​​សំណើរទៅស្ថាប័នពាក់ព័ន្ធឲ្យចុះអន្តរគមន៍ ដើម្បីការ​ពា​រ​​​សុខភាព និង​បរិស្ថាន​​​​នៅ​ក្នុង​តំបន់នោះ​​។

លោក ប៊ៀន សាអ៊ុំ «ចំាមើលស្អែក [ថ្ងៃទី២០ខែកក្កដា ឆ្នំា២០១៧]ខ្ញុំប្រាប់គេ​ឲ្យចាប់ផ្តើមធ្វើ ផ្ញើទៅស្រុក ឲ្យស្រុកណែនាំគេធ្វើម៉េច​ បើ​ស្រុ​ក​ណែ​នាំ​មិនស្តាប់ គឺបញ្ជូនទៅខេត្តហើយ ដើម្បីដោះស្រាយ​កុំឲ្យចាក់​ពាសវាលពាសកាល ដើម្បីកុំ​​​ឲ្យ​ប៉ះ​ពាល់​សុខភាពប្រជាពលរដ្ឋ»

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required