អ្នកឃ្លាំមើលបារម្ភថា ពលរដ្ឋនឹងបាត់ទំនុកចិត្តលើ គ.ជ.ប បើសមាជិកថ្មីមកពីបក្សមិនជាប់ឆ្នោត

ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ពលរដ្ឋអាចនឹងដកសេចក្តី​ទុកចិត្តពី​គណៈ​កម្មាធិកា​រជាតិរៀ​ប​ចំ​​កា​​របោះ​ឆ្នោត គ.ជ.ប ក្រោយពីអតីតសមាជិក៣រូបរបស់ស្ថាប័ននេះ បានប្រកាសដើរចេញ ដោយសារតែ​រំ​​លា​យគណបក្សសង្គ្រោះជាតិនោះ។

អតីតអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន និងសមាជិក២រូបទៀត មានលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង កូតាមកពីគណបក្សសង្គ្រោះជាតិ បានប្រកាសលាលែងពីសមាជិក គ.ជ.ប មុនស្ថាប័ននេះ បែ​ង​ចែកអាសនៈ រប​ស់​​​គ​ណបក្សប្រឆាំង ឲ្យទៅគណ​បក្សផ្សេង​ៗទៀ​ត ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធម្សិលមិញ បានបង្ហើបថា អនុប្រធាន គ.ជ.ប គួឲ្យ​ទៅ​គ​ណ​បក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ និងសមាជិកម្នាក់ទៀតឲ្យទៅ​គណ​បក្សស​ញ្ជាតិកម្ពុជា ដែ​លគ្មា​​​​​នអាសនៈ ក្នុងសភាដូចគ្នា និងម្នាក់ទៀតជំនួសដោយ កូតាមកពី​សង្គមស៊ីវិល។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NICFEC លោក សំ គន្ធាមី លើកឡើងថា សមាជិក គ.ជ.ប ថ្មី ដែល​​បានផ្គូផ្គោង ឲ្យត្រៀមមកកាន់តំណែងនៅ គ.ជ.ប នេះ លោកថា ទំនង ជាគ្មា​ន​​​​កា​​​រ​គាំទ្រពីពលរដ្ឋទេ ដោ​យថា ពួកគេទាំងនោះ សុទ្ធតែចេញពីគណបក្សដែ​លពលរដ្ឋមិនបា​នបោះឆ្នោត​ឲ្យ តាំ​ងពីនៅថ្នាក់ឃុំសង្កាត់ និងនៅថ្នាក់ជាតិ។

លោកថា៖ «វាអត់ឆ្លុះបញ្ចាំងពីទស្សនៈម្ចាស់ឆ្នោត តាំងពីដើមទីនៃការទទួលកៅ​អីឯណោះ។ ប៉ុន្តែគ្រាន់តែ​យើងមើលទៅ វាវិជ្ជមានត្រង់ថា គណបក្សកាន់អណា​ចបញ្ជូនគ្នាគេទាំង៣នា​ក់ហ្នឹងមក។ នេះវា​បានមកពីគ​ណ​​ប​ក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សអីផ្សេងៗ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការរំលា​យ​​​​គណបក្សប្រឆាំង បានជំរុញឲ្យមានការ​ថ្កោលទោសពីសហ​គមន៍​អន្តរជាតិ។ លោកថា ការដែលបែង​ចែ​ង​​​​​​កូ​តា​របស់បក្សប្រឆាំងនៅ គ.ជ.ប ឲ្យទៅ គ​ណ​​​​​ប​ក្សដែលពលរដ្ឋមិនបានផ្តល់ទំនុកចិត្តទៀតនោះ លោ​កថា នឹង​រឹត​តែធ្វើឲ្យពលរដ្ឋ​បាត់​​បង់ជំនឿ​ ពី​ដំ​​​​ណើរការប្រ​ជាធិបតេយ្យនៅកម្ពុជា ។

លោកថា៖ «យើងថា អតុល្យភាព នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយ។ ហើយម្យ៉ាងវិញទៀ​ត អតុល្យ​ភាព​ខាងប្រជាធិបតេយ្យនេះ ដែលយើងឃើញថា មិនអាចឲ្យគេជឿជាក់ មានការទទួលយកបាន នូ​​វកែ​​​បែង​ចែកនេះ។ ជាពិ​សេសរឿង ដែលសំខាន់កៅអីសភា មានការកំណត់ទៅតាមចំនួន របស់​អ្នកបោះឆ្នោត នៅតា​មមណ្ឌល​និ​មួ​យៗ នៃការបែងចែកហ្នឹង។ អញ្ចឹងគាត់អត់បាន អ្នកខ្លះសរុបទាំងអ​ស់ អត់​បានកន្លះកៅអីផង ហើ​យ​ទៅធ្វើតំណាងប្រជាពលរដ្ឋម៉េច»។

ចំណែក មន្ត្រីច្បាប់នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល លោក យឿង សុធារ៉ា លើកឡើងថា ការបោះ​ឆ្នោត​ឃុំ​ សង្កាត់ឆ្នាំ ២០១៧ គ.ជ.ប ថ្មី ដែលកើតចេញធ្វើកំណែទម្រង់ របស់បក្សប្រជាជន និងប្រសង្គ្រោះជាតិ តាមរូបម​ន្ត ៤-៤-១ ​លោកថា បានផ្ត​ល់ទំនុ​ច​ចិ​ត្តពីម​ជ្ឈ​ដ្ឋាន​ជាតិ និងអន្តរជាតិ។ ប៉ុន្តែលោកថា នៅពេល​ដែ​​​​ល​​មានការផ្គូផ្គង ផ្ទុយទៅនឹងរូបមន្ត ៤-៤-១ នេះ​ លោ​កថា ​ពលរដ្ឋភាគច្រើនអាចនឹងខកចិត្ត​ ។

លោកថា៖ «ចង់មិនចង់វាត្រូវតែបាត់បង់កិត្យានុភាពហើយ គ.ជ.ប ដែលមានសមាសភាពថ្មីមកបំពេញហ្នឹង អាចនឹងទទួលរងនូវការរិះគន់ពិមតិជាតិ និងអន្តរជាតិ ហើយបើសិនជាមានការរៀប​ចំការបោះឆ្នោតឆ្នាំ២​០១៨ ទៀត​មែន ហើយបើសិនជាគណបក្សប្រឆាំងនេះ មិនអាចវិលត្រឡប់ មានន័យថា ស្ថានភាពន​យោ​​​បាយមិ​នអាចស្តារដូចដើមវិញទៀត គឺបានន័យថាទៅទាំងព្រមហើយ។ គឺ គ.ជ.ប ក៏បាត់បង់នូវកិត្យានុភាព បាត់បង់នូវកិត្តិយស៌បាត់បង់នូវតម្លៃដែលយើងមើលឃើញថា ការបោះឆ្នោតឆ្នាំ២០១៧ គ.ជ.ប ត្រូវបានកោតសរសើរទាំងសង្គមស៊ីវិលទាំងខុមហ្វ្រែលកោតសរសើរដែរ ចំ​ពោះ​ការសមត្ថភាពនៃកាចាត់ចែង ការរៀបចំនៃការបោះឆ្នោត របស់ គ.ជ.ប ថ្មីនេះ»។

ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ដំណើរការជ្រើសតាំងសមាជិកថ្មី មកជំនួសមា​ជិកចា​​ស់ ដែលបានដាល់លិខិតលាលែង លោកតា កំពុងដំណើរការទៅតាមនីតិវិធីច្បាប់។

លោកថា៖ «ក្នុងមាត្រា៩ និងមាត្រា១១ បានចែងច្បាស់អំពីការលាលែងរបស់សមាជិកធ្វើឲ្យបាត់បង់ភាពដែលជាសមាជិកហ្នឹងហើយ។ ហើយ១១ ជាការបើកផ្លូវឲ្យសភាជ្រើសរើស ដើម្បីបំពេញមកវិញ។ អញ្ចឹង ការយ​ល់ឃើ​​ញយ៉ា​​ងណា វាជាការយល់ឃើញ ប៉ុន្តែទិដ្ឋភាពច្បាប់ដំណើរការទៅមុខហើយ។ ​ហើ​​យកា​​រលើកឡើ​ងរ​ប​ស់លោកនា​យករដ្ឋមន្ត្រីនេះ គ្រាន់តែជាការលើកឡើងនៅឡើយទេ មិនទាន់​មានអីជារូប​ភាពនៅឡើយទេ»។

យ៉ាងនេះក្តី ក្រុមឃ្លាំមើល អះអាងថា គេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដាន់ពីដំណើររបស់ គ.ជ.ប ទើបអាចនិយាយបានថា តើការ​ប​ញ្ចូលសមាសភាពថ្មី មកពីគណបក្ស ដែលពលរដ្ឋ​មិនបោះ​ឆ្នោ​ត​​​ឲ្យ​​​នេះ​ ដំណើរការទៅ ដោ​យឯករា​ជ្យ​ ឬក៏​យ៉ា​ងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ