អ្នកឃើញហេតុការណ៍នាំគ្នាទៅធ្វើសាក្សីឲ្យមន្ត្រីគណបក្សសង្គ្រោះ​ជាតិដែលត្រូវបានចាប់ខ្លួន

ប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុក Sor Chandeth)

ក្រុមអ្នកឃើញហេតុការណ៍បាននាំគ្នាទៅធ្វើសាក្សីឲ្យមន្ត្រីគណបក្សសង្គ្រោះ​ជាតិ​នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់​ឃុំខ្លួនក្រោយពីមានបញ្ហាជាមួយមន្រ្តីនគរបាលច្រកព្រំដែន។

មន្រ្តីគណបក្ស​សង្គ្រោះ​ជាតិប្រចាំខេត្តបន្ទាយមានជ័យ ​​លោក​ ម៉ង់​ ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ខណៈនគរបាលព្រំដែនម្នាក់ដួលនៅមុខរថយន្តរបស់មន្រ្តីបក្សប្រឆាំងរូបនោះ។

បើតាមពលរដ្ឋម្នាក់គឺ លោក ហឹន សេងអឿន ដែលអះអាងបានឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅថ្ងៃនេះមន្រ្តីសិទ្ធិមនុស្សនិងពលរដ្ឋបាននាំគ្នាទៅធ្វើសាក្សីនិងទាមទារឲ្យដោះលែង លោក ម៉ង់​ ពុទ្ធី វិញដោយថាគាត់មិនបានបើកឡានប៉ះប៉ូលីសរូបនោះឡើយ ប៉ុន្តែពួកគេថាប៉ូលីសរូបនោះបានផ្តួល​ខ្លួនឯងនៅពីមុខឡានរបស់​លោក ម៉ង់ ពុទ្ធី។

លោកថា៖ «អាកូនចៅអត់ហ៊ានឃាត់មេហ្នឹង ប្រើឲ្យទៅឃាត់ម្នាក់ដែលនេះហ្នឹងក៏គាត់អាយែឡានខ្លួនឯង (ថយឡាន) អាយែៗទៅឡានហឹ្នងក៏អាយែទៅថៃ តែប៉ូលីសនេះមិនឲ្យទៅចឹងឲ្យឡាននេះអាយែមកខាងខែ្មរវិញ ចឹងឡានហ្នឹងមានអាទេះដឹកអីវ៉ានដែលចេញពីថៃមកវិញ។ ចឹងក៏បានអាយែ រួចហើយប៉ូលីសក៏គោះឡានហ្នឹងឲ្យឈប់ ឡានហ្នឹងក៏ឈប់ងក់ គាត់អាយែថយក្រោយហើយប៉ូលីសក៏គាត់ដើរមកពីមុខឡានបន្តិច គាត់ធើ្វបង្កាច់ដួល។ តាមការពិតឡានហ្នឹងអត់មានប៉ះប៉ូលីសហ្នឹងទេ។ ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំឃើញជាក់សែ្ដងផ្ទាល់ម៉ង់មិនមែនតែខ្ញុំទេ ប្រជាពលរដ្ឋដទែទៀតក៏ឃើញដែរ អាជីវករ ម៉ូតូឌុបគាត់បានឃើញទាំងអស់»។

ចៅសង្កាត់ប៉ោយប៉ែត​ លោក ចៅ វាសនា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោក ម៉ង់​ ពុទ្ធី​ មិនបានជិះឡានបុកប៉ូលីសម្នាក់នោះដូចការចោទប្រកាន់ឡើយ។ លោកថាជម្លោះនេះកើតឡើងដោយសារអាជ្ញាធរនៅទីនោះមានគំនុំជាមួយលោក ម៉ង់​ ពុទ្ធី  ខណៈដែលលោកធ្លាប់ជួយដោះស្រាយបញ្ហាឲ្យពលរដ្ឋដែលត្រូវបានអាជ្ញាធរចាប់យកម៉ូតូនៅពេលប្រជាពលរដ្ឋមិនបានបង់លុយឲ្យមន្ត្រីប៉ូលីសរូបនោះ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីស្នងការខេត្តបន្ទាយមានជ័យបាននៅឡើយទេ ដោយទូរសព្ទមិនមានអ្នកទទួល។

បើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុកបង្ហាញថា ប៉ូលីសម្នាក់ឈ្មោះពិសិដ្ឋ ជាមន្រ្តីច្រកព្រំដែនប៉ោយប៉ែត​បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿង ដោយក្នុងដៃមានកាន់អាយកូមនិងកូនសោ មិនព្រមព្រលែងចោលឡើយ ខណៈខ្លួនបានឃាត់រថយន្តមួយគ្រឿង។

មន្រ្តីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ឲ្យដឹងថាបើតាមសាក្សីឃើញនិយាយថា ឡានលោក ម៉ង់ ពុទ្ធី មិនបុកទេ ប៉ុន្តែសមត្ថកិច្ចនោះដួលមុខឡានដោយខ្លួនឯង។ ចំណែករូបភាពតាមរយៈសមត្ថកិច្ចបង្ហោះចេញមន្ទីរពេទ្យប្រទេសថៃ បានបង្ហាញអំពីការរបួសយ៉ាងធ្ងន់ធ្ងរ ឃើញរុំត្រង់កនិងស្នាមនៅលើភ្លៅ ជាលក្ខណៈប៉ះទង្គិច។ ប៉ុន្តែលោក ស៊ុំ ចាន់គា ​ថាកំពុងធ្វើការស៊ើបអង្កេតករណីនេះបន្តទៀត។

លោកថា៖ «តើខាងប៉ូលីសហ្នឹង គាត់ហ្នឹងបើកឡានបុកៗដោយរបៀបណា ព្រោះឡានវាឈប់ មនុស្សនៅមិនទាន់ពន្លាត់ឡានទេនៅចង្កូតនិងបួងវាយ៉ាងម៉េច បើវាចេះធាក់ដូចសេះដូចអីទីវាធាក់ពោងវាល្អដែលយើងមើលឲ្យសម មើលកងឡានវាមិនចេះធាក់ទេ ប៉ូលីសវាមានរបួសមែនយើងគិតថាវាដួលទង្គិចឡានឬឡានទង្គិចគាត់ហើយឡានដែលឈប់យ៉ាងម៉េចហើយសាក្សីចង្អុលបង្ហាញថាឡាននិងអត់បើកទេ វាឈប់គេប្រាប់ទាំងអស់គ្នាចឹងនេះជាការមួយដែលយើងមើលថាស្មុគស្មាញក្នុងការពិនិត្យបច័្ចយក្នុងហ្នឹង ហើយខាងមន្ទីពេទ្យនៅថៃទៀត យើងពិបាកក្នុងការសាកសួរថាតើគាត់មានអាការៈយ៉ាងម៉េចពីមុនមក ហើយមកដល់ពេលនេះគាត់មានអីបានជាមានបញ្ហាចឹងឬមួយគាត់មិនដែលមានអីចុះថៃ្ងហ្នឹងត្រូវឡានបុកបួងចង្កូតប៉ះពាល់អីមួយបានដួលដល់គាត់»។

បើតាមប្រភពពីពលរដ្ឋ ប៉ូលីសនៃស្នងការខេត្តបន្ទាយមានជ័យបានបញ្ជួនលោក ម៉ង់ ពុទ្ធី ទៅ​តុលាការ​នៅរសៀលនេះ។

យ៉ាងណាក៏ដោយ មន្រ្តីសិទ្ធិមនុស្សអាដហុកបានស្នើឲ្យស្ថាប័នពាក់ព័ន្ធនិងតុលាការធ្វើការស៊ើបអង្កេតករណីឲ្យមានភាពយុត្តិធម៌ មុននឹងធ្វើការចោទប្រកាន់លើ លោក ម៉ង់ ពុទ្ធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ