វិភាគ៖ ហេតុអ្វីប្រធានរដ្ឋសភាមិនឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបំភ្លឺករណីលោក កែម ឡី?

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

ប្រធានរដ្ឋសភាបានសម្រេចច្រានចោលសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំង ដោយពុំអនុញ្ញាតឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺជុំវិញករណីឃាតកម្ម លោក កែម ឡី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក ហេង សំរិន បានបដិសេធសំណើរបស់លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ដោយជំទាស់មិនឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី ក្រោមហេតុផលថា សំណុំរឿងនេះបានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការហើយ។

លោក ហេង សំរិន លើកឡើងថា៖ «ទាំងរដ្ឋសភានិងទាំងរាជរដ្ឋាភិបាល សុទ្ធតែពុំមានសិទ្ធិអ្វីជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការឡើយ»។

ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង ជាម្ចាស់សំណើមកពីគណបក្សសង្រ្គោះជាតិ បានសម្តែងការភ្ញាក់ផ្អើលចំពោះការច្រាលចោលនេះ ដោយលោកថាការសម្រេចនេះ គឺមិនមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងរដ្ឋធម្មនុញ្ញនោះទេ។

អ្នកវិភាគ​បានផ្តល់ជម្រើស៣ដែល​អាចជំរុញឲ្យ​មានយុ​ត្តិធម៌ដ​ល់លោក កែម ឡី គឺការបន្តតស៊ូមតិដោយសន្តិវិធីរបស់មហាជន។ ការជំរុញ​ឲ្យតំណាងរាស្ត្រដែល​មា​​ន​​​អាស​​​នៈ​ក្នុងសភាបន្តកោះហៅមន្ត្រីពាក់ព័ន្ធទៅសួរដេញ​ដោលក្នុងសភា រ​កឲ្យឃើ​ញពីមូល​ហេ​តុពិ​តប្រា​​​​កដនៃ​ឃាត​កម្មនោះ ​និងការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដែលជាដៃគូ។

ប៉ុន្តែនៅពេលដែលរដ្ឋសភា​ទាត់ចោលសំណើកោះហៅ​រដ្ឋមន្រ្តីមហាផ្ទៃឲ្យបំភ្លឺរឿងនេះ អ្នកវិភាគយល់ថានេះជា​ស​ញ្ញា​ណ​រី​ក​​ធំ​នៃ​វប្ប​​ធម៌​​និទណ្ឌ​ភាពនៅកម្ពុជា។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក កឹម សុខ ធ្លាប់លើកឡើងថា ការយឺត​យ៉ាវស្វែង​​រក​អ្នក​ពា​ក់​ព័​ន្ធមកផ្តន្ទាទោសនេះ លោកវិភាគថាអាចមកពីរដ្ឋាភិបាលគ្មាន​ឆ​ន្ទៈពិតលើក​ស្ទួយ​សេ​រី​​​ភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ។

លោកថា៖ «ភាពស្ងាត់ស្ងៀមនេះ វាហាក់ដូចជាបង្ហាញពីបំណងរបស់រដ្ឋាភិបាលក្នុងការព្យាយាមសម្លាប់សេរីភាពរបស់ប្រជាពលរដ្ឋទាំងមូលដែលហានបញ្ចេញមតិដូចលោកបណ្ឌិត កែម ឡី អញ្ចឹង។ ចំនុចទី២​ ការសម្លាប់លោកបណ្ឌិត កែម ឡី នេះវានៅតែងងឹតឈឹង ហក់ដូចជាឧក្រិដ្ឋកម្មនៃ​កា​រ​គំ​​​​​រាមកម្ពុជា​ទាំង​មូល ក្រោមល្បិចកលនៃការរាំងខ្ទប់នៃចរន្តរបស់ពលរដ្ឋ ដែលចប់បង្ហាញសេរីភាព ហើ​យ​មិ​ន​​​ប​​ម្រើឲ្យពលរដ្ឋ តែវាហាក់ដូចជាទៅបម្រើឲ្យគន្លឺះនៃក្រុមអ្នកនយោបាយបរទេស ដែល​គេ​ចង់ឃើ​ញ​ឲ្យក​ម្ពុជាបែកបាក់និងបាក់ស្បាត នៅក្នុងការបញ្ចេញមតិយោបល់និងការលើក​កម្ពស់នៃ​សេរី​ភាព ដើម្បី​​​ឲ្យ​មានការផ្លាស់ប្តូរប្រទេសជាតិទៅវិញ»។

ក​ន្លែង​បា​ញ់ស​ម្លាប់​​​​លោ​​ក កែម ឡី នោះស្ថិតនៅក្នុងហាងស្តាម៉ាតមួយ ជាប់ស្តុបបូកគោ ដែលបំពាក់​ទៅ​ដោយ​កា​មេរ៉ា​សុត្ថិ​ភាពស្អេកស្កះ។

ប៉ុន្តែមកដល់ពេលនេះ ការបាញ់សម្លាប់លោក កែម ឡី មានរយពេល​ជាង៥ខែមកហើយ ដែ​ល​​​ជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនេះ មិនត្រូវបានចាប់ខ្លួនទេ ក្រៅ​​​​​​តែពី​ជ​​ន​សង្ស័​​យម្នាក់​ឈ្មោះ «ជួ​​ប ​សម្លាប់» ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។

បណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យ មានប្រសាសន៍ថា កាតព្វកិច្ចរបស់រដ្ឋសភាគឺត្រូវតែសួរនាំមន្ត្រីពាកព័ន្ធដែលកំពុងធ្វើការងារស៊ើបអង្កេតស្វែងរកយុត្តិធម៌ ហើយថាការស្នើសុំឲ្យរដ្ឋមន្ដ្រីក្រសួងមហា​ផ្ទៃចូលឆ្លើយបំភ្លឺជុំវិញករណីឃាតកម្ម លោក កែម ឡី លោកថាជារឿងត្រឹមត្រូវ។ លោកយល់ថាការបដិសេធមិនឲ្យចូលឆ្លើយដោយហេតុផលថា សំណុំរឿងនេះបានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការនោះ គឺធ្វើតាមខ្សែញាក់របស់បក្សកាន់អំណាច។ លោកបន្តថា៖ «ទទួលស្គាល់ថាទៅដល់ដៃតុលាការ ប៉ុន្តែមិនទាក់ទងនឹងតុលាការទេព្រោះជាការស្នើសុំទៅក្រសួងមហាផ្ទៃបង្ហាញអ្វីដែលបានធ្វើកន្លងមក។ សភាមិនមានសិទ្ធិអំណាចទៅលើយុត្តាធិការរបស់តុលាការទេ។ នៅពេលនេះគឺស្នើសុំអ្នកដែលបានធ្វើការងារហ្នឹងមកបំភ្លឺសភាឲ្យមានព័ត៌មានគ្រប់គ្រាន់ ហើយដើម្បីឲ្យសាធារណជនយល់ថាដល់ណាហើយ។ រដ្ឋសភាដែលតំណាងឲ្យគណបក្សប្រជាជនគួរតែបង្ហាញឆន្ទៈហ្នឹងឲ្យប្រជាពលរដ្ឋឃើញថាខ្លួនបានយកចិត្តទុកដាក់ស្វែងរកការពិត នេះជារឿងល្អ»។

បណ្ឌិត ចាន់ វិបុល បន្តថាការបដិសេធនេះ គឺត្រូវរងការចោទជាសំណួរច្រើនពីសាធារណជនថា ហេតុអ្វីបានជាប្រធានរដ្ឋសភាដែលតំណាងឲ្យគណបក្សកាន់អំណាចបដិសេធដំណើរស្វែង​រកការពិតទៅវិញ?

លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយចាប់អារម្មណ៍ដែរថា មកទល់ពេលនេះដំណើរការតុលាការហាក់ដូចជាស្ងប់ស្ងាត់ ហើយរឿងនេះសាធារណមតិតែងតែលើកសំណួរឡើងថា អ្វីដែលជាដំណោះស្រាយ? អ្វីដែលជាការស៊ើបអង្កេតរបស់រដ្ឋាភិបាល? លោកបន្តថា ថ្មីៗនេះក្រសួងមហាផ្ទៃហាក់ដូចជាមានមន្ទិលសង្ស័យថា ជួប សម្លាប់ មិនមែនជាឈ្មោះពិតទេ នេះហើយដែលធ្វើឲ្យសាធារណជនកាន់តែចង់ដឹង។ លោកបន្តថា៖ «ខ្ញុំគិតថា គ្មានហេតុផលណាមួយដែលត្រូវបដិសេធមិនបញ្ជូនលិខិតគណកម្មការទៅរដ្ឋាភិបាលនោះទេ តួនាទីរបស់សមាជិករដ្ឋាភិបាល គណៈរដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវនៅចំពោះមុខសភា អញ្ចឹងរាល់ការចង់ដឹង ការចង់ឮ ការឆ្លើយបំភ្លឺលើបញ្ហាអ្វីមួយត្រូវតែចូលមកមកឆ្លើយបំភ្លឺចំពោះមុខសភា»។ លោកបន្ថែមថា ប្រសិនបើមិនមានការឆ្លើយបំភ្លឺ មានន័យថា វាជាការដែលមិនអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ និងរបបសភានិយម ដោយថាការសម្រេចចិត្តរបស់ប្រធានរដ្ឋសភាពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

ខណៈការរកយុត្តិធម៌មានការយឺតយ៉ាវ ពលរដ្ឋមួយចំនួនបានសំដែងការអស់ជំនឿលើរដ្ឋាភិបាល​ដោយថា ក្រោយពីការបាញ់សម្លាប់ជិតកន្លះឆ្នាំមកហើយ អ្នក​បញ្ជា​និងអ្នកពាក់ព័ន្ធ​នឹង​ឃាត​កម្ម​នេះ​នៅមិនបានវែកមុខនៅឡើយ។

អ្នកវិភាគលើកឡើងថា ករណីឃាតកម្មលោក កែម ឡី គឺជាវិញ្ញាសារដ៏លំបាក​មួយ​ដែល​គណ​បក្ស​អំណាច​ត្រូវដោះស្រាយ​ដើម្បីទាក់ទាញការគាំទ្រ ស្របពេលការបោះឆ្នោត​ជិតមកដល់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ