អាជ្ញាធរបិទឈ្មោះប្រជាសហគមន៍បុរីកីឡាដែលទទួលបានសំណង

រដ្ឋបាលសាលារាជធានីភ្នំពេញបានបិទប្រកាសឈ្មោះពលរដ្ឋដែលនឹងត្រូវទទួលបានសំណងតាមគោលនយោបាយ តែពលរដ្ឋថាមិនព្រមទទួលយកសំណង និងមិនព្រមចាកចេញពីតំបន់បុរីកីឡានោះទេ។

នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ នេះ​សាលារាជធានីភ្នំពេញបានយកឈ្មោះពលរដ្ឋតំបន់បុរីកីឡាដែលនៅសេសសល់  ៣០គ្រួសារ ទៅបិទ ដែលក្នុងនោះ​ពលរដ្ឋ១០គ្រួសារមានឈ្មោះទៅរស់នៅភូមិអណ្ដូងជាយក្រុង​ភ្នំពេញ​ ១០​គ្រួសារទៀតទទួលបាន​ជា​ថវិកា ចំណែក១០គ្រួសារផ្សេងទៀត មិនទទួលបានអ្វីទាំងអស់។

ទោះបីជាយ៉ាងណាពលរដ្ឋទាំងនោះអះអាងពួកគេមិនព្រមទទួល​យកសំណងទាំងនោះ និងមិនចាកចេញពីបុរីកីឡា​ជាដាច់ខាត់ ដរាបណាពួកគេមិនទទួលបានសំណងសមរម្យ ឬជាសំណងផ្ទះដែលស្ថិតនៅក្នុងទីតាំងដែលពួកគេ​ធ្លាប់រស់នៅ និង រកស៊ីចិញ្ចឹមជីវិត។

ពលរដ្ឋម្នាក់ដែលរងគ្រោះពីជម្លោះដីធ្លីតំបន់បុរីកីឡា អ្នកស្រី សុខ ស្រីអូន លើកឡើងថាអ្នកស្រីបាន​ឃើញ​ឈ្មោះ​ក្រុម​គ្រួសារអ្នកស្រី​ត្រូវ​ទទួលបានសំណងផ្លាស់ទៅរស់នៅក្នុងភូមិអណ្ដូងជាយក្រុង​ភ្នំពេញ។

អ្នកស្រីបន្តថាអ្នកស្រីមិនអាចទទួលយកសំណងនេះតាមគោលនយោបាយរបស់សាលាក្រុងទេ​ អ្នកស្រីចង់ឲ្យ​មាន​ការ​អភិវឌ្ឍនៅនឹងកន្លែងដូចគោលនយោបាយរបស់នាយករដ្ឋមន្រ្តីដែលថាគ្រួសារអ្នកស្រីអាចរស់នៅបុរីកីឡា​ដដែល​។

ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រីអួនកង វិសាគរបានលើកឡើងថានៅក្នុងបុរីកីឡា អ្នកស្រីមានដីនឹងមានផ្ទះ ដែលអាចឲ្យកូនទទួលបានការអប់រំ ហើយអ្នកស្រីមិនព្រមចាកចេញជា​ដាច់ខាត់ បើមិនមានសំណងសមរម្យ​ដែលជាជម្រកស្ថិតទីក្រុងភ្នំពេញ។

ទោះបីជាយ៉ាងណាថ្ងៃនេះ ជាថ្ងៃដែលអាជ្ញាធរគ្រោងរុះរើកន្លែងស្នាក់នៅរបស់ពួកគេ បន្ទាប់ពីសាលារាជធានីដាក់ ឱសានវាទពីរសប្តាហ៍គឺ​ចាប់ថ្ងៃទី៨ ដល់​ថ្ងៃ២២ខែធ្នូ​ ដោយថាបើពលរដ្ឋ​ទាំងនោះខកខានដូចតាមពេលកំណត់ នឹង​បាត់បង់សិទ្ធិទទួលបានសំណង និងដំណើរការដោះស្រាយទំនាស់ក៏ត្រូវបានបញ្ចប់ដែរ។

កាលពីថ្ងៃទី២០ខែធ្នូ អង្គការនិងសហគមន៍ សរុបចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវ​នាវ​ទៅ​សា​លារាជធានីភ្នំពេញ ឲ្យ​ទម្លាក់ចោល​ឱសានវាទនេះ និងបន្តដំណើរការដោះស្រាយវិវាទនោះ តាមនីតីវិធី​ឡើង​វិញ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុងអង្គការទាំង៣៤ បានចាត់ទុការដាក់ឱសានវាទនោះថា ធ្វើឡើងផ្ទុយ​ពី​សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ននិងរដ្ឋធម្មនុញ្ញ ដែលចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរស់នៅ​ក្នុងស្ថានភាពមួយសមរម្យ ទទួលបានលំនៅឋានសមរម្យ និងការការពារពីការបណ្តេញចេញដោយបង្ខំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ