គិតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ សកម្មជនការពារសិទ្ធិ ៤រូប នៃសមាគមអាដហុក មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ាន់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងគ.ជ.ប. លោក នី ចរិយា ដែលជាអតីតមន្ត្រីអាដហុកផងនោះ បានស្ថិតនៅក្រោមការឃុំខ្លួនអស់រយៈពេលជិត ៩ខែមកហើយ បន្ទាប់ពីពួកគេត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ថា បានសូកប៉ាន់សាក្សី និងសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងសំណុំរឿង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។
ដោយផ្អែកតាមនីតិវិធីច្បាប់ មេធាវីការពារក្ដី លោក សំ សុខគង់ បាននិយាយកាលពីខែតុលាឆ្នាំមុនថា ការបន្តឃុំខ្លួនអ្នកទាំង ៥រូបនេះ ត្រូវបានធ្វើឡើងខុសនីតិវិធីច្បាប់ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជនត្រូវចោទ។ លោក សំ សុខគង់ បានលើកឡើងដូច្នេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនអ្នកទាំង ៥នាក់បន្ថែមទៀត ក្រោមហេតុផលថា ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វែងរកភស្តុតាងដាក់បន្ទុកបន្ថែមទៀត។
សកម្មជនសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរង គ.ជ.ប. លោក នី ចរិយា ត្រូវបានគេរំពឹងថា នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោក កឹម សុខា ត្រូវបានលើកឡើងទោសកាលពីដើមខែធ្នូ។ ក្ដីរំពឹងថានឹងដោះលែងអ្នកទាំង ៥រូបនោះ កាន់តែលេចធ្លោឡើងថែមទៀត បន្ទាប់ពីលោក កឹម សុខា បានជួបពិភាក្សាដោយបិទទ្វារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ នៅឯវិមានរដ្ឋសភា។ មួយថ្ងៃក្រោយមក អ្នកពាក់ព័ន្ធម្នាក់ទៀត គឺមេឃុំ ស៊ាង ចែត ក៏ត្រូវបានដោះលែងដែរ។ ជាងនេះទៅទៀត ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន លោក ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បើតាមលោកដឹង ប្រហែលជាមុនដំណាច់ខែធ្នូកន្លងមក នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប.។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គ្មានទេជំនួបពិភាក្សារវាងមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំង ដើម្បីឈានទៅដោះលែងអ្នកជាប់ឃុំទាំង ៥រូបនោះ ហើយភាពមិនច្បាស់លាស់រឹតតែលេចធ្លោថែមទៀត បន្ទាប់ពីគម្រោងជួបពិភាក្សានៅសប្ដាហ៍នេះ ត្រូវបានលុបចោលទៅវិញភ្លាមៗ មួយថ្ងៃក្រោយពីខុទ្ទកាល័យលោក ស ខេង ជូនដំណឹងទៅខាងគណបក្សប្រឆាំង កាលពីសប្ដាហ៍មុន។
ភាពជាប់គាំងនេះ បានជំរុញឲ្យមានការចោទសួរថា តើការបន្តឃុំខ្លួនអ្នកទាំងរូបនេះ នឹងជំរុញឲ្យគណបក្សកាន់អំណាចខាតបង់ ឬក៏ចំណេញប្រជាប្រិយភាព ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់?
ជុំវិញការចោទសួរដូច្នេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បានចាត់ទុកការបន្តឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ថាជាការបន្តឱបដុំភ្លើងមួយដុំនៅជាប់នឹងខ្លួនពីសំណាក់គណបក្សកាន់អំណាច ដែលអ្នកវិភាគរូបនេះថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលផងដែរ។
បើតាមអ្នកវិភាគរូបនេះ គណបក្សកាន់អំណាចគួរតែពិចារណាបោះបង់ដុំភ្លើងមួយដុំនេះចោល បន្ទាប់ពីការលេចធ្លាយសារឆ្លើយឆ្លងគ្នារវាងបុរសម្នាក់ហៅខ្លួនឯងថា តា និងនារីម្នាក់ហៅខ្លួនឯងថា ចៅ ដែលសារឆ្លើយឆ្លងនោះ ត្រូវបានគេសង្ស័យថា ជាការសន្ទនារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា។
ក្រៅពីបោះចោលដុំភ្លើងមួយដុំនេះ លោកបណ្ឌិត មាស នី ប្រាប់ថា រដ្ឋាភិបាលគួរតែងាកទៅផ្ដោតលើបញ្ហាប្រទេសជាតិ ដូចជា ករណីតួលេខមិនប្រក្រតីនៃការនាំចេញខ្សាច់របស់កម្ពុជា ទៅក្រៅប្រទេសវិញ។
លោក មាស នី មានប្រសាសន៍ថា៖ “តាមខ្ញុំមើលទៅ ការបន្តការឃុំឃាំងនេះ វាធ្វើឲ្យស្ថានភាពនយោបាយទាំងក្នុងស្រុក និងក្រៅស្រុក កាន់តែអាក្រក់ថែមទៀត។ ខ្ញុំមិនដឹងថា រដ្ឋាភិបាលនៅឱបដុំភ្លើងមួយដុំហ្នឹងទុកធ្វើអីទៀត។ បើយើងមើលទោសទណ្ឌអីទៅ ក៏វាមិនត្រូវជាប់យូរបែបហ្នឹងទេ បើយើងប្រៀបធៀបជាមួយនឹងថ្លៃខ្សាច់ប៉ុន្មានរយលានដុល្លារ ដែលមិនមាននរណាខ្វល់ខ្វាយ ហើយតាមអ្វីដែលលេចចនូវសំឡេងឆ្លើយឆ្លើយគ្នារវាងថ្នាក់ដឹកនាំខ្មែរជាន់ខ្ពស់ទាក់ទងនឹងលុយរាប់លានដុល្លារទៀត ក៏គ្មាននរណាខ្វល់ខ្វាយលូកដៃទៅស្រាវជ្រាវរកលុយហ្នឹងឲ្យឃើញមក ហើយទុកការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងគ.ជ.ប.ហ្នឹង ឲ្យនៅត្រាំត្រែងវេទនា”។
អ្នកវិភាគរូបនេះ បានបន្ថែមថា ការបន្តឃុំខ្លួនអ្នកទាំង ៥រូបនេះបន្តទៀត នឹងឆ្លុះបញ្ចាំងឲ្យឃើញអំពើអយុត្តិធម៌កាន់តែយូរថែមទៀតសម្រាប់អ្នកទាំង ៥រូបនោះ ហើយលោកមើលមិនឃើញថា តើគណបក្សប្រជាជនកម្ពុជាទទួលបានប្រយោជន៍អ្វីនោះឡើយពីការបន្តឃុំខ្លួនបែបនេះ។
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ លោកបណ្ឌិត មាស នី បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជាបានមើលឃើញយ៉ាងច្បាស់ហើយថា ករណីឃុំខ្លួនអ្នកទាំង ៥រូបនេះ វាជារឿងនយោបាយ ដែលចាប់ផ្ដើមឡើងដោយនយោបាយកម្ពុជា។
លោកបន្ថែមថា៖ “ដូច្នេះ បើរឿងនេះទុកយូរបន្តទៀត ខ្ញុំគិតថា អ្នកប៉ះពាល់ធ្ងន់ជាងគេ គឺរដ្ឋាភិបាលដែលចេះតែបណ្ដោយឲ្យអំពើអយុត្តិធម៌ហ្នឹងចេះតែនៅមានកើតឡើងដូចជាករណីលោក កែម ឡី ករណីលោក ជា វិជ្ជា បែរជារកមិនឃើញ។ ផ្ទុយទៅវិញបែរជាមកធ្វើរឿងកូនក្ដាមកូនខ្ចង”។
ប៉ុន្តែ សម្រាប់លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយកម្ពុជាមួយរូបទៀតនោះ បានមើលឃើញថា មិនថាបន្តឃុំខ្លួន ឬដោះលែងអ្នកទាំង ៥រូបឲ្យមានសេរីភាពឡើងវិញនោះទេ គណបក្សប្រជាជនកម្ពុជា ប្រាកដជាខាតបង់ប្រជាប្រិយភាពទៅហើយនៅក្នុងករណីនេះ។
លោក គឹម សុខ ប្រាប់ថា៖ “នៅកម្ពុជាយើងមានទម្លាប់មួយ គេថា កាលណាអ្នកនយោបាយត្រូវរូវគ្នា បញ្ហានានាដែលគេចាប់ឃុំខ្លួននៅពេលដែលមានការប្រទាំងប្រទើសនយោបាយហ្នឹង ត្រូវបានដោះលែង។ ដូច្នេះ គណបក្សកាន់អំណាច គេមិនដោះលែងនៅក្នុងពេលហ្នឹង ដោយសារតែកាលណាគេដោះលែង នឹងត្រូវប្រជារាស្ត្រចំអក ឬសង្កត់ថា អូរឿងហ្នឹងគឺជារឿងនយោបាយពិតប្រាកដមែន”។
បើយើងក្រឡេកទៅមើលលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងមក វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះរួចទៅហើយ ដោយនៅពេលនោះ អាសនៈនៅក្នុងសភារបស់គណបក្សនេះ បានធ្លាក់ចុះពី ៩០អាសនៈ មកនៅត្រឹម ៦៨អាសនៈប៉ុណ្ណោះ បើធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០០៨កន្លងមក។
ទាំងលោក មាស នី និងលោក គឹម សុខ បានព្រមានថា គណបក្សនេះអាចនឹងបាត់បង់សំឡេងឆ្នោតបន្ថែមទៀត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ នោះក៏ព្រោះតែហេតុការណ៍ទាក់ទងនឹងនយោបាយសំខាន់ៗ កើតឡើងនៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីការឃុំខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត រហូតដល់ឃាតកម្មទៅលើអ្នកវិភាគដ៏ល្បីល្បាញ គឺលោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុន៕