អ្នកមានជម្លោះដីធ្លីរាំរ៉ៃក្នុងខេត្តព្រះវិហាររកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋាភិបាលឲ្យជម្រុញទៅអាជ្ញាធរថ្នាក់ក្រោមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ដោយថាក្រសួងមហាផ្ទៃបានដាក់បញ្ជាឲ្យដោះស្រាយច្រើនខែ ហើយអាជ្ញាធរថ្នាក់ក្រោមមិនអនុវត្តតាម។
ពលរដ្ឋប្រមាណជាង១០០នាក់រស់នៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃអង្គារទី២៤ មករា ឆ្នាំ២០១៧នេះ បាននាំគ្នាឡើងមកតវ៉ាមុខក្រសួងមហាផ្ទៃដើម្បីសុំឲ្យក្រសួង ជំរុញទៅអាជ្ញាធរខេត្តអនុវត្តបទបញ្ជា ដោយពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានឆាប់។
កាលពីថ្ងៃទី២៧ ខែធ្នូ ២០១៦ ក្រសួងមហាផ្ទៃបានចេញលិខិតមួយដោយបញ្ជាឲ្យអភិបាលខេត្តព្រះវិហារ អនុញ្ញាតឲ្យប្រជាពលរដ្ឋ២៥៣គ្រួសារបានវិលត្រឡប់ទៅរស់នៅកន្លែងដើមវិញគឺនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន ប៉ុន្តែក្រុមពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះអាជ្ញាធរខេត្តមិនអនុវត្តតាមឡើយ។
តំណាងពលរដ្ឋលោក ជិន ចន្ថា ប្រាប់អ្នកសារព័ត៌មានថា កាលឆ្នាំ២០១១ អាជ្ញាធរខេត្តព្រះវិហារបានដាក់កំលាំងចុះរុះផ្ទះនិងបណ្តេញពួកគាត់ចេញពីលំនៅឋានទាំងបង្ខំ ដោយអះអាងថាដីនោះជាតំបន់អភិរក្ស។
លោកបន្តថា ពួកគាត់បានទៅរស់នៅលើដីទំនាស់នោះតាំងពីឆ្នាំ១៩៩៩ និងខ្លះនៅឆ្នាំ២០០០ ដោយកាលនោះលោកថា តំបន់នោះជាដីភូមិចាស់មិនទាន់ដាក់ជាតំបន់អភិរក្សនោះទេ។
លោកបន្ថែមថា៖ «សម្តេចក្រឡាហោមគាត់បានចារហើយថា ឲ្យពួកខ្ញុំបានទៅរស់នៅកន្លែងភូមិស្វាយជ្រុំវិញហើយ ប៉ុន្តែថ្នាក់ខេត្ត អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តមិនព្រមដោះស្រាយ ឲ្យពួកខ្ញុំបានទៅរស់នៅកន្លែងដើមវិញទេ មកពីខេត្តនិងអាជ្ញាធរជាតិឃុបឃិតគ្នាទៅជាចោទប្រកាន់ពួកខ្ញុំថា[នៅ]តំបន់អភិរក្ស នេះហើយដែលអាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរជាតិបានបំពានទៅភូមិដែលទទួលស្គាល់ដោយរដ្ឋាភិបាលមាន ស ជ ណ លេខ៥៩០»។
ពលរដ្ឋម្នាក់លោក ផាន់ ធឿន និយាយថា អាជ្ញាធរខេត្តព្រះវិហារបានដាក់កំលាំងចុះរុះរើផ្ទះពលរដ្ឋ អស់រាប់រយខ្នង និងថែមទាំងបានវៃកម្ទេចវត្តអារាមមួយចោលទៀតផង។
លោកបន្តថា ក្រោយពីអាជ្ញាធរបណ្តេញពលរដ្ឋចេញពីលំនៅឋានពួកគាត់ជួបការលំបាកជាច្រើនមានអ្នកខ្លះចំណាកស្រុក និងខ្លះទៀតមកថ្នាក់នៅវត្តសាម្គីរង្សីជាដើម។
លោកបន្ថែមថា៖ «ភូមិខ្ញុំនេះពួកខ្ញុំទៅរស់នៅអត់ខុសច្បាប់ទេ ទើបតែលោក អ៊ុន ចិន្តាដែលជាអភិបាលខេត្តទើបឡើងថ្មីបានដាក់កំលាំងវៃកម្ទេចផ្ទះប្រជាពលរដ្ឋដឹកយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ វៃទាំងវត្ត វៃទាំងសាលារៀន នេះជារឿងអយុត្តិធម៌បំផុតដែលអភិបាលខេត្ត អ៊ុន ចិន្តានេះធ្វើ»។
ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹងនៃក្រសួងមហាផ្ទៃ លោក ស៊ុម សារិទ្ធ បានទទួលយក ញត្តិពីពលរដ្ឋ ហើយសន្យាជម្រុញទៅអភិបាលខេត្តថ្មីដើម្បីពន្លឿនការដោះស្រាយករណីនេះ។
វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចន្តាបានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។
តែយ៉ាងណាក្រុមពលរដ្ឋអះអាងថា លោក អ៊ុន ចន្តា ឆ្លើយប្រាប់ទូរទស្សន៍មួយកាលពីម្សិលម៉ិញថា ភូមិដែលពលរដ្ឋទាមទារទៅរស់នៅវិញនោះមិនអាចប្រគល់ឲ្យពលរដ្ឋបានទេ ដោយអះអាងថា ដីតំបន់នោះស្ថិតក្នុងតំបន់អភិរក្សដែលមានព្រះរាជក្រឹត្យហាមឃាត់។
ទាក់ទងនឹងករណីទំនាស់ដីធ្លីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា បើតាមការអង្កេតរបស់លោក ដីទំនាស់នោះគឺជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តព្រះវិហារ តែលោកថា លោកមិនបានដឹងថាទំនាស់នោះមានជាប់ពាក់ព័ន្ធជាមួយលោក អ៊ុន ចន្តា ឬយ៉ាងណានោះទេ។ លោកថា កន្លងមករដ្ឋាភិបាលបានចេញអនុក្រិត្យក៏ដូចជា ស.ជ.ណ មួយចំនួនផងដែរ ដោយលោកអាជ្ញាធរមូលដ្ឋានគួរដោះស្រាយដោយយោងតាមឯកសារទាំងនោះ៕