បណ្តឹងសុំលុបឈ្មោះវៀតណាមចេញពីបញ្ជីបោះឆ្នោតស្ទើរទាំងអស់ត្រូវ គ.ជ.ប ច្រានចោល

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គ.ជ.ប ប្រកាសរក្សាទុកអ្នកដែលគេសង្ស័យថា ជាជនជាតិវៀតណាមស្ទើរទាំងអស់ក្នុ​​​ង​​​ប​​ញ្ជី​បោះ​ឆ្នោ​​តដំ​បូ​ងដដែល ខណៈ​​គ​ណ​​បក្សប្រ​ឆាំងប្តឹងចោទថា អ្នកទាំងនោះជាជនជាតិវៀតណាមប្រើប្រាស់​ឯកសារមិ​​ន​ស្រ​​ប​​​ច្បា​​ប់​​​ ​ដើ​ម្បីបានបោះ​ឆ្នោតជ្រើ​សរើស​មេដឹកនាំជំនួសខ្មែរ។

មន្ត្រីរបស់គណបក្សសង្គ្រោះជាតិអះអាងថាគិតត្រឹមថ្ងៃទី២០ ខែមករា ពួកគេបានប្តឹងជំទាស់ទៅ គ.ជ.ប ឲ្យលុ​ប​ឈ្មោះជនជាតិវៀតណា​មប្រមាណជាង២ពាន់នាក់ចេញពីបញ្ជីបោះឆ្នោតវិញ ដោយអះអាងថាអ្ន​ក​ទាំងនោះប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅចុះឈ្មោះបោះឆ្នោតមិនបានបំពេញល​ក្ខខណ្ឌចូល​ស​ញ្ជា​តិ​ខ្មែរត្រឹមត្រូវ។

ប៉ុន្តែសម្រាប់អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា វិញឲ្យVODដឹងថា ការដោះស្រាយបណ្តឹងមានរយៈ​ពេល៨ថ្ងៃមកនេះ គ.ជ.ប សម្រេចរក្សា​ទុកឈ្មោះចុងចម្លើយជាង២ពាន់នាក់ ក្នុងបញ្ជីបោះ​ឆ្នោ​តដំបូ​ងដ​ដែ​ល​ ដោយថា អ្នកទាំងនោះមាន​​អត្តសញ្ញា​ណប័​ណ្ណ​គំរូថ្មីមា​នលក្ខខ​ណ្ឌគ្រប់គ្រា​ន់ស្របតា​មច្បា​ប់។

លោកថា៖ «បើគិតជាករណីមាន១៤២ករណី។ ហើយបើគិតជាមនុស្ស​ដែល​ពាក់ព័ន្ធនឹងគេ​​ចោ​ទថា​ជាយួន​ជាអីហ្នឹងគឺ២៥០០នាក់ជាង ដែល គ.ជ.ប រក្សាទុកនៅក្នុង​បញ្ជីដដែល»។

ប៉ុន្តែប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្សសង្រ្គោះជាតិ លោក ស្រី ម៉េង សុភារី បានច្រានចោលការសម្រេចរបស់ គ.ជ.ប នេះដោយថា គណបក្សនេះបាន​ដាក់​ពាក្យបណ្តឹង​ដោយ​ឲ្យស្នើឲ្យ គ.ជ.ប  ពិនិត្យពីភាពត្រឹមត្រូវនៃការចូលសញ្ជាតិខ្មែរ ពោល​មិនមែនប្តឹងពី​រឿងប្រើ​ប្រាស់​ប្រភេទ​នៃ​អត្តសញ្ញាណប័ណ្ណទេ។

លោកស្រីថា៖ «វិវាទនេះមិនមែនវិវាទរឿងអត្តសញ្ញាណប័ណ្ណរវាងពលរដ្ឋខ្មែរនិងពលរដ្ឋខ្មែរ អ្ន​ក​​ហ្នឹង​មានឯកសារមានអត្តសញ្ញាណប័ណ្ណឬក៏អត់ទេ។ ប៉ុន្តែ​វិវាទទាក់ទងនឹងលក្ខខណ្ឌសញ្ជាតិ។ ដូចនេះការផ្តល់អត្តសញ្ញាណប័ណ្ណទៅឲ្យជនបរទេសរូបណា ត្រូវឆ្ល​ង​​​កា​​ត់នីតិវិធីស​ញ្ញាតិ។ ហើយបើអ​ត់បានឆ្លងកា​ត់នីតិវិធីស្តីពីសញ្ជាតិទេ ឯកសារហ្នឹង​ក៏វាអ​ត់ស្រប​តាម​ច្បាប់​ដែ​រ។ បើវាអត់ស្របតាមច្បាប់ វាក៏គ្មានតម្លៃ​គតិយុទ្ធក្នុ​ងការយកទៅប្រើ​ប្រាស់ដូចជាកា​រយ​​កមក​ចុះឈ្មោះ ចុះ​​ស្អីផ្សេងៗទៀតបានដែរ»។

បើ​តា​មលោកស្រី ម៉េង សុភារី  គណបក្សសង្រ្គោះជាតិកំ​ពុងរៀបចំឯក​សារប្តឹងសារទុក្ខ​ទៅក្រុមប្រឹក្សាធ​ម្មនុ​ញ្ញ។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតឆ្នោត លោក យង់ គិមអេង លើកឡើងថា គ.ជ.ប គួរតែសហ​ការជាមួយក្រ​សួងមហាផ្ទៃ​លាង​ជម្រះ​មន្ទិល​សង្ស័យពីបញ្ហាវត្តមានជនបរទេសមិនស្របច្បាប់ទៅ​បោះ​ឆ្នោត​​​ជ្រើសរើសមេដឹ​ក​នាំ​​​​ជំនួសខ្មែរពីពេលនេះ ដើម្បីផ្តល់ជំនឿដល់មហាជនទូទៅ ជាជាង​គេច​យករួចខ្លួន ហើយទុ​កបញ្ហានេះឲ្យនៅបន្តកើតមានក្នុងសង្គមខ្មែរ។

លោកថា៖ «រឿងដែលសំខាន់ដែលខ្ញុំគិតថា ត្រូវតែដោះស្រាយឲ្យបានឆាប់រហ័ស កុំឲ្យ​មានរឿង​បញ្ហា​ស​ញ្ជាតិ ឯកសារគួរតែជម្រះឲ្យអស់ទៅ កុំឲ្យវាមាន​មន្ទិលសៅម៉ង​រឿងអស់ហ្នឹងទៀតបា​ទ។ ព្រោះ​ដំណើ​រការរដ្ឋបាលខ្មែរហ្នឹងមិនមែនទើបនឹងកើតឡើងមួយឆ្នាំពីរឆ្នាំឯណា? កើតឡើងយូរហើយ អ​ញ្ចឹង​​ហើយ​​បញ្ហាហ្នឹងគួរតែត្រូវបានដោះស្រាយ ហើយក៏គួរតែត្រូវបានបញ្ចប់ដែរ ដើម្បីប​ង្ហាញពី​ការទុក​ចិត្តគ្នា​កាន់​តែ​​រឹ​​ងមាំទៀត សម្រាប់ការបោះឆ្នោតនេះ កុំឲ្យមានការចោទប្រកាន់គ្នាទៅវិញទៅមក អាហ្នឹង​ដែលធ្វើ​ឲ្យ​មាន​បញ្ហាចម្រូងចម្រាសសម្រាប់ប្រជាជាតិខ្មែរនោះ»។

តាមប្រតិទិន គ.ជ.ប នឹងបិទបញ្ជាប់ការដោះស្រាយបណ្តឹងរបស់គណ​បក្សន​​​យោ​បា​យនៅថ្ងៃទី២៧​សប្តាហ៍​នេះ ដើ​ម្បីទុកពេលឲ្យភាគីពាក់ព័ន្ធប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ចំណែកក្រុមប្រឹ​ក្សាធម្មនុញ្ញមា​ន​រយៈ​​​​ពេល​​​១០​ថ្ងៃ​​សម្រាប់ដោះស្រាយបណ្តឹងសាទុក្ខ។លុះដល់ថ្ងៃទី១២ខែកុម្ភៈ គ.ជ.ប នឹងផ្ត​ល់សុ​ពល​ភាពប​ញ្ជី​​​​បោះ​ឆ្នោ​តថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ