មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅបោះឆ្នោតថ្នាក់ជាតិទាំងអស់គ្នា ដោយថាដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ មានប្រតិកម្មពីអ្នកគាំទ្រគណបក្សនេះថា ពួកគេអាចនឹងមិនទៅបោះឆ្នោតទេ។
ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានថ្លែងក្នុងពិធីមួយកាលពីម្សិលមិញថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨នេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងជាមួយបក្សនយោបាយផ្សេងៗនោះទេ។
ក្នុងឱកាសនោះលោកក៏បាន អំពាវនាវទៅប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតទំាងអស់ ឲ្យទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តនៅចុងខែកក្កដា ឆ្នំា២០១៨នេះ ដោយថាកុំឲ្យបាត់បង់ឱកាស។
លោកថ្លែងថា «ស្រលាញ់គណបក្សណាបោះឲ្យគណបក្សហ្នឹងទៅ គឺមិនគួរបោះបង់ឱកាសសំរាប់រើសថ្នាក់ដឹកនាំប្រទេសជាតិយើងនោះទេ»។
អតីតតំណាងរាស្ត្រគណបក្សប្រឆំាងលោក ម៉ៅ មុនីវណ្ណ យល់ថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ជាសិទ្ធិរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ប៉ុន្តែលោកថា បើការបោះឆ្នោតថ្នាក់ជាតិចុងឆ្នំា២០១៨នេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌នោះទេ។
លោកយល់ថា «ខ្ញុំយល់ឃើញថា វាមិនមានគោលការណ៍សេរី ប្រជាធិបតេយ្យត្រឹមត្រូវទេ ដោយសារថា មួយក្រុមមិនបានចូលរួម ហើយមិនបានបញ្ចេញមតិឲ្យវាទូលំទូលាយ ដែលត្រូវបិទគណបក្ស[សង្គ្រោះជាតិ]មួយ ដែលមានការគំាទ្រពាក់កណ្តាលប្រទេស»។
នាយកប្រតិបត្តិអង្គការណិចហ្វិច សំ គន្ធាមី ថ្លែងថា ការទៅបោះឆ្នោតឬ អត់គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋផ្ទាល់។ លោកបន្តថា តាមការគត់សម្គាល់របស់លោកគឺ អាចពលរដ្ឋច្រើនមិនទៅបោះឆ្នោតទេ បើសិនជាមិនមានវត្តមានគណបក្សប្រឆាំងនោះ។
លោកបន្តថា «តាមកាលៈទេសៈបច្ចុប្បន្ននេះ តាមការសន្និដ្ឋានមិនមានចំនួនអ្នកទៅបោះឆ្នោតកើនឡើងទេ…លើកលែងតែនៅពេលខាងមុខទៀត មានការវិវត្តន៍ទៅរកសភាពធូរស្រាលខាងនយោបាយវិញ ឬយ៉ាងម៉េច? បានយើងធ្វើការវាយតម្លៃម្តងទៀត»។
តាមរបាយការណ៍ គ.ជ.ប. កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ មានចំនួន ៨ ៣៨០ ២៤០ នាក់ ដោយមានអ្នកបោះឆ្នោតជាស្ត្រី ៤ ៤៧០ ៨៨២ នាក់។
តាមប្រតិទិន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕