ហ្វីលីពីនរំលឹកខួប៣០ឆ្នាំនៃការផ្ដួលរំលំរបបផ្ដាច់ការ Ferdinand Marcos

(រូបភាពពី BBC)

ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងរៀបចំពិធីរំលឹកខួប៣០ឆ្នាំនៃការផ្ដួលរំលំរបបផ្ដាច់ការ​ Ferdinand Marcos ហើយនាំមកនូវរបបប្រជាធិ​បតេយ្យសេរីពហុបក្ស។​

យោងតាមទីភ្នាក់ងារសាព័ត៌មាន Reuters លោកប្រធានាធិបតី Benigno Aquino នៅថ្ងៃព្រហស្បតិ៍ទី២៥កុម្ភៈនេះលោកនឹងដឹកនាំព្រឹត្តិការណ៍នៃការរំលឹកចលនាអំណាចប្រជាជនដែលកាលពី៣០ឆ្នាំមុននោះចលនានេះបានផ្ដួលរំលំអំណាចផ្ដាច់ការរបស់ Ferdinand Marcos។​ ប៉ុន្ដែប្រភពដដែលនេះនិយាយថាឆ្លៀតឱកាសនោះលោកប្រធានាធិបតី អាគីណូ​ ក៏រំលឹក​ពី​ឈ្មោះ​ឪពុករបស់គឺលោក Ninoy Aquino ដែលត្រូវសម្លាប់ក្នុងអំឡុង បដិវត្តន៍ទម្លាក់ជនផ្ដាច់ការនិងរំលឹកឈ្មោះរបស់ម្ដាយលោកផងដែរគឺលោកស្រី Corazon Aquino ដែល​បាន​ឡើងកាន់​អំណាច​បន្ទាប់​ពី​លោកស្រីនិងចលនាអំណាច​ប្រជាជនផ្ដួល​រំលំជនផ្ដាច់​ការ​ Ferdinand Marcos បានដោយជោគជ័យ ។

ប៉ុន្តែនៅពេលជាមួយគ្នា​នេះក្រុម​អង្គការសិទ្ធិមនុស្សក៏បានធ្វើពិធីរំលឹកការឈឺចាប់​ផងដែរ​ដែល​របបសឹក​ Marcos ធ្វើទារុណកម្មចាប់ឃុំឃាំងនិងសំលាប់អ្នកតស៊ូដើម្បីសេរីភាព។​ ជនផ្ដាច់ការ Ferdinand Marcos ដែល​គេហៅថាបុរសខ្លាំងនៅហ្វីលីពីនកាល​ពី៣០ឆ្នាំមុននោះ​លោកត្រូវបាន​ប្រជាជនហ្វីលីពីនផ្ដួលរំលំអំណាចតាម​រយៈបដិវត្តន៍​អំណាច​ប្រជាជន​ហើយ​គ្រានោះដឹកនាំដោយលោកស្រី Corazon Aquino​ ដែល​ជាម្ដាយរបស់ប្រធានា​ធិបតី Benigno Aquino។

លោកស្រី Corazon Aquino​ ចូលរួមប្រកួតតំណែងប្រធានាធិបតីតែនៅពេលនោះលោក Ferdinand Marcos ត្រូវបានប្រកាសថាបានឈ្នះឆ្នោតតែការពិតគឺជាការលួច​បន្លំ​លទ្ធផល​ឆ្នោត។​ តែជាអកុសល កងទ័ពក៏ងើបឡើងបះបោរផងដែរដើម្បីទម្លាក់​ជនផ្ដាច់ការ Ferdinand Marcos រហូតដល់បានសម្រេច។ លោក Marcos និងគ្រួសារភ្លាមៗបានរត់ភៀសខ្លួនទៅនៅ​សហរដ្ឋ​អាមេរិក​​ហើយបានទទួល​មរណៈ​ភាពនៅប្រទេសមហាអំណាចមួយនេះ។

លោកស្រី Corazon Aquino​ ឡើងកាន់អំណាចនៅឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២។ លោកស្រីត្រូវប្រជាជនហ្វីលី​ពីន​ថាជាវីរស្រ្តីដ៏ឆ្នើមរបស់ប្រជាជន។ លោកស្រីបានទទួលមរណៈភាពដោយជម្ងឺនៅឆ្នាំ២០០៩៕

ប្រភព: Reuters និង BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ