ធនាគារពិភពលោកសន្យាបន្តជួយអភិវឌ្ឍប្រទេសភូមាតាមរយៈរដ្ឋាភិបាលថ្មីរបស់​លោក​ស្រី អ៊ុង សានស៊ូជី

(រូបភាពពី NLD)

ធនាគារពិភពលោកបានសន្យាបន្ដគាំទ្រការអភិវឌ្ឍប្រទេសភូមាតាមរយៈការផ្ដល់ប្រាក់ជំនួយនិងប្រាក់កម្ចីសំដៅ​ឲ្យប្រទេសអតីតរបបយោធាមួយនេះកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

តាមកាសែតភូមា Irrawaddy ការថ្លែងអះអាងរបស់ធនាគារពិភពលោកបានធ្វើឡើងនៅក្នុងជំនួបមួយកាលពីថ្ងៃចន្ទរវាងអនុប្រធានធនាគារប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីភិចលោក Axel Van Trotenburg និងលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សដែលឈ្នះឆ្នោត ហើយគេរំពឹងថានឹងដឹកនាំរដ្ឋាភិបាលភូមាខាងមុខនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោក លោកអនុប្រធានធនាគារនេះបានធានាអះអាងថាស្ថាប័ន ហិរញ្ញវត្ថុរបស់លោកគឺជាដៃគូដ៏ធំបំផុតរបស់ប្រទេសភូមាដែលសំដៅជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេស កាត់បន្ថយភាពក្រីក្រ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច។

ធនាគារពិភពលោកបានសំរេចភ្ជាប់ជំនួយនិងផ្ដល់ប្រាក់កម្ចីរបស់ខ្លួនឡើងវិញនៅឆ្នាំ២០១២នៅពេលដែលប្រទេសភូមាបានសំរេចធ្វើការកែទម្រង់ការគ្រប់គ្រងប្រទេសឲ្យមានការដឹកនាំឡើងវិញដោយរដ្ឋាភិបាលស៊ីវិលនិងរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ ធនាគារពិភពលោកគឺជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សកម្មមួយក្នុងចំណោមប្រទេសជាច្រើនទៀតសំរេចដាក់វិនិយោគទុននៅប្រទេសភូមាគឺក្រោយពីប្រទេសនេះសំរេចបោះ​បង់​របបយោធានិយម។

ចាប់តាំងពីឆ្នាំ២០១២មកសេដ្ឋកិច្ចប្រទេសភូមាមានកំណើន៧%ដែលធនាគារពិភពលោកបានហៅសន្ទុះកំលាំងសេដ្ឋកិច្ចភូមាខ្លាំងបំផុតនៅអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៌៕

ប្រភព: Irrawaddy

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ