សមាជិកបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ សុំលាលែង

លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា (រាប់ពីឆ្វេង)

សមាជិកបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ បានធ្វើលិខិតសុំលាលែងពីសមាជិកបក្សរបស់ខ្លួន ខណៈដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានអនុម័តនៅក្រោមសំឡេង​រិះគន់​។

ក្នុងលិខិតជូនដំណឹងផ្សេងគ្នាដែលមានផ្តិតស្នាមម្រាមដៃកាលពីម្សិលមិញ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន បានសុំលាលែងចេញពីសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដោយលើកមូលហេតុផ្ទាល់ខ្លួនដូចគ្នា។ ចំណែកឯលោក ហុង សុខហួរ បានលាលែងចេញពីតំណែងជាអគ្គលេខាធិការនិងសមាជិកគណៈកម្មាធិការនាយកគណបក្ស សម រង្ស៊ី។

ប៉ុន្តៃបើតាម Facebook លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ការលាលែងនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់គណបក្ស តាមឧបសគ្គច្បាប់គណបក្សនយោបាយថ្មីក្នុងមាត្រា១៨ថ្មី ដែលបានចែងថា «ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកដែលមានទោស មិនត្រូវឲ្យមានតួនាទីក្នុងគណបក្ស»។

កាលពីថ្ងៃទី១១ កុម្ភៈ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ តែ​ជាង១០​ថ្ងៃ ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​រដ្ឋ​សភាឲ្យ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃច្បាប់ស្តីពី​គណ​បក្សនយោបាយ​។

ច្បាប់គណបក្សនយោបាយថ្មី នឹងត្រូវចូលជាធរមានក្នុងពេលដ៍ខ្លីខាងមុខ បន្ទាប់ពីច្បាប់នេះត្រូវបានវិសោធនកម្មកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៧ ដោយក្រុមសមាជិកសភាបក្សកាន់អំណាច។

ការ​​អនុម័ត​ច្បាប់​ស្តីពី​​បក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាសនេះ​ បាន​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិមួយ​ចំនួន​យល់​ថា កម្ពុជា​កំពុង​ដើរ​ខុសពី​គន្លង​ប្រជា​ធិបតេយ្យ ហើយ​បក្សប្រជាជនកម្ពុជា​​កំពុង​​តែ​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាថ្ងៃ​អនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ