ជនជាតិដើមភាគតិចប្តឹងមន្រ្តីខេត្តមណ្ឌលគិរីថារុករានដីព្រៃសហគមន៍ខុសច្បាប់

តំណាងជនជាតិដើមភាគតិចមកពីជាង១០សហគមន៍ នាំគ្នាប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថា ជាប់ពាក់ព័ន្ធការរុករានយកដីព្រៃសហគមន៍ខុសច្បាប់។

ប្រធានបណ្តាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីលោក ក្រើង តុលា ប្រាប់វីអូឌីថា នៅថ្ងៃសុក្រនេះ តំណាងជនជាតិដើមភាគតិចមកពី១៦សហគមន៍បានដាក់បណ្តឹងទៅតុលា ការខេត្តមណ្ឌលគិរី ដោយប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទនៃខេត្តនេះគឺ លោក យន់ សារោមពីរករណី ដោយចោទថា បានកាប់រុករានដីព្រៃសហគមន៍ខុសច្បាប់ និងប្តឹងទាមទារឲ្យលោក យន់ សារោម បង្ហាញឈ្មោះមន្រ្តីអាជ្ញាធរផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងការរុករានដីព្រៃខុសច្បាប់ដូចគ្នានេះដែរ។

លោកបន្ថែមថា«គាត់កាប់អស់៣២ហិតាហើយបច្ចុប្បន្ននេះ ប៉ុន្តែគោលបំណាងសហគមន៍ប្តឹង មួយទៀតគឺចង់ឲ្យគាត់ហែកក៍កាយអ្នកផ្សេងទៀតដែលគាត់ដឹងថា មានដីលើសចំនួនហ្នឹង ដោយឲ្យបងបង្ហាញថា ឈ្មោះនេះ មានដីប៉ុន្មានហិតា ព្រោះសហគមន៍រកមិនទាន់ឃើញ អញ្ចឹងបើគាត់ដឹងហើយ គាត់មិនប្តឹង​នឹងជាប់ពិបទព្រហ្មទណ្ឌនៃមាត្រា៥២៨អ្នកឯងដឹងហើយប្តឹង អញ្ចឹងសហគមន៍គាត់ចោទពីបទហ្នឹងមួយទៀត»។

លោក ក្រើង តុលា អះអាងថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីលោក យន់ សារោម បានដឹងថា មានមន្រ្តីអាជ្ញាធរខេត្តមណ្ឌលគិរីជាច្រើននាក់កំពុងជាប់ពាក់ព័ន្ធនឹងការកាប់រុករានដីព្រៃសហគមន៍ខុសច្បាប់ ប៉ុន្តែលោក យន់ សារោម មិនព្រមប្តឹងនិងបញ្ចេញឈ្មោះឡើយ។

ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម បានច្រានចោលការចោទ ប្រកាន់នេះ ដោយថា លោកមិនបានដឹងថា មានមន្រ្តីអាជ្ញាធរខេត្តមណ្ឌលគិរីណាជាប់ពាក់ព័ន្ធ ការកាប់រានដីព្រៃសហគមន៍នោះទេ ហើយលោកក៍មិនបានកាប់រានដីព្រៃសហគមន៍ខុសច្បាប់ដែរ។

លោកថា អ្នកដែលប្តឹងរូបលោកនោះជាបុគ្គលដែលច្រណែន ដោយថា លោកបានកាន់កាប់ដីនោះជាង១០ឆ្នាំហើយៗដីតំបន់នោះក៍មិនមានដីព្រៃសហគមន៍ដែរ។

លោកបន្ថែមថា«កុំយកឈ្មោះសហគមន៍មកប្រើ ព្រោះតំបន់នោះមិនទាន់សហគមន៍ចុះបញ្ជី ទេ ចំការខ្ញុំ ខ្ញុំដាំ១០ឆ្នាំមកហើយ ស្វាយចានីទីខ្ញុំដាំ៥ឆ្នាំហើយ។អ្នកដែលប្តឹងខ្ញុំជាបុគ្គលជាអ្នក ក្រសែន ពួកប្រឆាំង វាមកចោទខ្ញុំយ៉ាងៗហ្នឹងវាមិនត្រូវ»។

មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលតាមដានករណីនេះមាន ប្រសាសន៍ថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទរូបនោះ ពិតជាបានរុករានដីព្រៃធ្វើកសិកម្មផ្ទាល់ខ្លួនពិតមែន។ ហើយក៍បាននិយាយថា ខ្លួនបានដឹងថា មានមន្រ្តីអា​ជ្ញាធរខេត្តជាច្រើនជាប់ពាក់ព័ន្ធនឹងការរុករានដីព្រៃខុសច្បាប់នេះដែរ។

លោកបន្ថែថា«គាត់បាននិយាយច្បាស់ហើយថា បើសិនជាគេចាត់ការលើគាត់ៗគាត់តែកាប់ព្រៃត្រឹមតែ២៤ហិតាគាត់នឹងបកកាយថាមានគេកាន់រហូតដល់ម្នាក់៥០០ហិតា ១០០០ហិតានៅក្នុងខេត្តមណ្ឌលគិរី អញ្ចឹងមានន័យថាគាត់ដឹងហើយ។អញ្ចឹងម្សិលម៉ិញយើងបានដាក់បណ្តឹងបរិហារមួយដោយយោងតាមក្រមព្រហ្មទណ្ឌ៥២៨ហ្នឹង ទាមទារឲ្យព្រះរាជអាជ្ញាស្រាវ ជ្រាវមើលថា ហេតុអីគាត់ដឹងហើយគាត់មិនព្រមប្តឹង ពីព្រោះតាមផ្លូវច្បាប់ក្រម៥២៨គាត់ដឹង ហើយមិនប្តឹង មានន័យថាត្រូងផ្តន់ទារទោសជាប់ព័ន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ហើយត្រូវពិន័យ ជាប្រាក់ថែមទៀត»។

គួររំលឹកថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីលោក យន់ សារោម ត្រូវជនជាតិដើម ភាគតិចនៅក្នុងខេត្តនេះប្តឹងម្តងរួចមកហើយ ដោយថា  បានរារាំង និងគម្រាមកំហែងមិនឲ្យពួកគេប្រារព្ធទិវាជនជាតិដើមភាគតិចពេលកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ