ជនជាតិកួយនៅខេត្ដព្រះវិហារធ្វើពិធីដាក់បណ្ដាសារក្រុមហ៊ុនចិន

ជនជាតិគួយប្រមាណ៣០០នាក់នៅស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បត្ដិ៍ ​ទី២៣កុម្ភៈ​​នេះ បាននាំគ្នាធ្វើពិធីសែនព្រេន ដាក់បណ្ដាសារក្រុមហ៊ុនចិន ឲ្យបញ្ឍប់​ឈូសឆាយ​ដីព្រៃស​ហគមន៍​និងទីទួលប្រាសាទបុរាណ។

ពលរដ្ឋនៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ អ្នកស្រី ហាវ សុខហៀង ឲ្យវីអូឌីដឹងថា ពិធីបួងសួងនេះធ្វើឡើងក្នុងតំបន់ព្រៃជំនឿ ដើម្បីបែរបន់ឲ្យ​វត្ថុសក្ដិសិទ្ធ​ជួយថែរក្សា​ដីព្រៃ​សហគមន៍​និងដាក់បណ្ដាសារដល់ក្រុមហ៊ុនចិនស្កអំ​ពៅ​​​ឲ្យបញ្ឍប់ឈូសឆាយ​រំលោភយកដីសហគមន៍ពួកគាត់។

អ្នកស្រីបន្ដថា ទួលប្រាសាទបុរាណជាច្រើនកន្លែងនិងដីព្រៃសហគមន៍ប្រមាណ៣០ហិចតា ត្រូវបានក្រុមហ៊ុន​​ស្កអំពៅនេះ ឈូ​ស​ដោយមិនមា​ន​ការទប់ស្កាត់ពីអាជ្ញាធរមូល​ដ្ឋាន។ មិនតែប៉ុណ្ណោះ អ្នកស្រីថាក្រុមហ៊ុននេះ បានយកវត្ថុបុរាណទៅ​រក្សាទុកផងដែរ ល្មើសនឹងច្បាប់ប្រទេសកម្ពុជាផងដែរ។

ពលរដ្ឋមួយរូបទៀត ដែលចូលរួមពិធីលោក ប្រាក់​ ខេន ឲ្យដឹងថា ក្រុមហ៊ុនចិននោះ មិនត្រឹមតែឈូសឆាយដី​ព្រៃសហគមន៍អស់ប្រមាណ​៣០ហិចតាប៉ុណ្ណោះទេ លោកថាថែមទាំងគម្រា​ម​កំហែងនិងប្រមាថជីវិតនិងប្រើហឹង្សាមកលើពលរដ្ឋខ្មែរផងដែរ។

លោកបន្ដថា ពួកគេជឿជាក់ថា វត្ថុសក្ដិសិទ្ធិនិងបារមីដែលថែរក្សាព្រៃឈើនឹងអាចជួយ​ដល់​ជន​​ជាតិគួយ ព្រោះពួក​​គេមានជំនឿតាំងពីដូន​តាមក។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកជ័យសែន លោក ជុំ ពុយ បានទេ ដោយលោកមិនលើកទូរសព្ទ។

មន្ដ្រីអង្គការពន្លកខ្មែរ និងជាជនជាតិដើមភាគតិចគួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យលោក លួត សាំង មានប្រសាសន៍ថា តាមការកត់សម្គាល់រយៈពេល៦ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧ ​ជនជាតិ​ដើមភាគតិចគួយ​នៅក្នុងខេត្ត​ព្រះវិហាររងការរំលោភសិទ្ធិមនុស្ស​បញ្ហាដីធ្លីបទល្មើសព្រៃឈើមានការកើនឡើង។

លោកបន្ដថា ប្រជាពលរដ្ឋនៅចំនួន៣ស្រុកមាន ស្រុកត្បែងមានជ័យ ឃុំប្រមេរស្រុកឆែប និងស្រុកជ័យសែន បានបាត់បង់លវេលារកស៊ីចិញ្ចឹមគ្រួសារ ដោយសារតែពួកគេទៅការពារ​ដីធ្លីទាំងយប់ទាំងថ្ងៃដែរលោកថា ដើម្បីទប់ស្កាត់ក្រុមហ៊ុ​នចិននោះ​មិនឲ្យឈូសឆាយដីពួកគាត់។

លោកបន្ថែមថា ជម្លោះដីធ្លីរ៉ាំរ៉ៃនេះ អា​ជ្ញាធ​រគ្មាន​វិធានការដោះស្រាយជូនពួកគាត់នោះទេ មិនតែប៉ុណ្ណោះ ថែមទាំងដាក់កងកំលាំ​ងការពារក្រុមហ៊ុនទៅវិញ និងប្រើអំពើហិង្សា​មកលើ​ប្រជាពលរដ្ឋ​ដែលការពារដីធ្លីរបស់​ពួកគាត់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ