បណ្តុំ​អង្គការជាង៦០​ ថ្កោល​ទោសការកាត់ទោស ​អ្នក​ស្រី​ ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

អង្គការនិង​សហគមន៍​ជាង​៦០ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍រួម​មួយ​ ថ្កោល​ទោស​ការ​ការ​សម្រេច​​របស់​តុលាការ​រាជធានី​ភ្នំពេញដែល​បាន​ផ្តន្ទាទោស​អ្នក​ស្រី ​ទេព​ វន្នី សកម្មជនបឹងកក់ឲ្យ​ជាប់​ពន្ទនាគារនោះ ថាជារឿង​អយុត្តិ​ធម៌​។

អ្នក​​ស្រី​ ទេព​ វន្នី​ ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២៣ខែនេះ ដាក់​ពន្ធនាគារ​២ឆ្នាំកន្លះ​ និង​ពិន័យ​ជា​ប្រាក់​ ចំនួន​​៥​លាន​រៀលចូលរដ្ឋ ព្រមទាំង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៩លាន​រៀលទៅភាគី​ដើម​បណ្តឹង​ដែលតុលាការថា​ជនរងគ្រោះ​ ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពីរ​នាក់។ ​

ក្នុង​សេចក្តីថ្លែងការណ៍រួម​​នៅថ្ងៃដដែលនោះ សហគមន៍និង​អង្គការ​សង្គម​ស៊ីវិលចំនួន​៦១ស្ថាប័​ន​បាន​សម្តែង​​​នូវការ​សោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​រាជធានីភ្នំពេញ​ទៅ​លើ​អ្នក​ស្រី​ ទេព វន្នី នេះ​ដោយ​ថា អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់​ទោ​សដោយ​អយុត្តិ​ធម៌​បំផុត។ ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ជំនុំ​ជម្រះ​នោះតុលាការ ​គ្មាន​ភស្ភុ​តាង​​ដាក់​បន្ទុក សាក្សី ឬមាន​អ្វី​មក​​បញ្ជាក់​ថា​អ្នក​ស្រី​បាន​ប្រើ​ហិង្សា​ទៅ​លើ​សន្តិសុខ​ទេ​ តែ​ចៅក្រម ឡុង កេសភារម្យ​ បាន​សម្រេចឲ្យអ្នក​ស្រី​ ទេព វន្នី ជាប់​ពន្ធនាគារ ដោយ​គ្រាន់​​​តែ​​ស្តាប់​ការ​អាន​កំណត់​ហេតុ​របស់​ក្រឡា​បញ្ជីប៉ុណ្ណោះ។ ​

មន្ត្រី​នាំពាក្យ​សមាគម​អាដ​ហុកលោក សំ​ ចាន់គា យល់ថា​ការ​សម្រេចឲ្យ​អ្នកស្រី​ ទេព វន្នី ជា​ប់​ពន្ធ​នា​គារ​នេះគឺ​ជា​ការ​សម្រច​​ដោយ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ និង​​ថាហិង្សានៅ​មុខ​តុលាការ​កាលពី​ម្សិល​មិញ​នោះ​ហើយ​វា​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថារាល់​ហិង្សា​ដែល​ប៉ះ​ទង្គិច​គ្នា​នោះវាកើត​ឡើង​ដោយ​កម្លាំង​អាជ្ញាធរ​ទៅ​វិញ​ទេ។

លោក​ថា៖ «តើ​អ្នក​ដែល​ជា​ស្ត្រី​ដៃទទេ ទៅ​ប្រើ​ហិង្សា​យ៉ាង​ម៉េច​ទៅ​លើ​បុរស​ដែល​មាន​អាវុធ​នៅ​ហ្នឹង​ដៃ វា​អត់​ដែល​មាន​នៅ​លើ​ពិភព​លោក​នេះវា​មាន​អ្នក​ណាដែល​ជា​ស្ត្រី​ដៃ​ទទេរ​ទៅ​ប្រើ​ហិង្សា​ទៅ​លើបុរស​ដែល​មាន​អាវុធ ហើយ​អំពើ​ហិង្សា​នៅ​មុខ​តុលាការ​នវ​ហើយ​ជា​ភស្ភុតាង​បង្ហាញ​ថា មាន​តែ​សន្តិសុខ​ទេ​ដែល​មានប្រើ​ហិង្សា​មក​លើ​ស្ត្រី មិន​មែន​ស្ត្រី​ទេ ស្ត្រី​ទាំង​អស់​នោះ​មិន​អា​ចប្រើ​ហិង្ស​ទៅ​លើ​សន្តិ​សុខ​ឡើយ អញ្ចឹង​តុលាការ​លោក​មិន​មែន​ថា​លោក​មិន​ដឹង​ទេ​តែ​លោ​ក​មិន​ហ៊ាន​ប្រើ​ឆន្ទានុសិទ្ធិ​របស់ខ្លួន»។​​​

ខណៈដែល​តុលាការ​សវនាការ​អ្នក​ស្រី ​ទេព វន្នី នោះ បែរជាសន្តិសុខខណ្ឌ​៧​មករា​បាន​ប្រើ​ហិង្សាទៅ​លើ​អ្នក​គាំទ្រ​អ្នក​ស្រី​ ទេព វន្នី នៅ​ក្រៅ​តុលាការបណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស​ ហើយក្រុម​សន្តិសុខនោះ បានព្រួតគ្នាដេញវាយបុរសម្នាក់ទៀតរហូតក្នុងផ្សារស៊ីធីម៉ល។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក ជិន ម៉ាលីន ថ្លែងថា​ការ​ចោទ​ប្រកាន់​ទៅ​លើ​វិស័យ​យុត្តិ​ធម៌​នេះ​ជា​រឿង​ដដែល​ៗ​ដោយថា​អង្គការ​សង្គមស៊ីវិលនិង​សហគមន៍​ទាំង​នោះ ​​មាន​ផល​ប្រយោ​ជន៍ទៅ​វិញ​ទៅ​មក​ជា​មួយ​ជន​ជាប់​ចោទ​។ លោក​ថា​ការ​សម្រេច​ក្តី​របស់​តុលាការ​គឺ​ធ្វើ​តាម​បច្ចេក​ទេ​សនិង​នីតិវិធីរបស់​ខ្លួន ហើយ​​ចំពោះ​ការ​លើក​ឡើង​ថា​មិន​មាន​ភស្ភុតាង​អ្វី​ច្បាស់​លាស់​នោះ លោក​ជម្រុញ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ប្តឹង​ទៅ​កាន់​តុលាការ​ជា​ន់​ខ្ពស់​បន្តទៀតដើម្បី​ឲ្យ​ប្រាកដពី​យុត្តិ​ធម៌។

លោក​ថា៖ «ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​ហ្នឹង​ពី​ដើមមក មិន​មែន​សំណុំ​គឺ​កើត​ឡើង​បាន​ដោយ​ការ​ចាប់​ផ្តើម​អានពេល​នេះ​ឯណា! សំណុំ​រឿង​នេះ​ចាប់​ផ្តើ​ម​ឡើង​ដោយ​ការ​ស៊ើប​អង្កេត​របស់​នគរបាយ​យុត្តិ​ធម៌ រហូត​មាន​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជអា​ជ្ញា​ទៅ​តាម​អង្គហេតុ​ និង​អង្គ​ច្បាប់ ហើយ​មាន​ការស៊ើប​សួរ​បន្ថែម​របស់​ចៅក្រម​ស៊ើប​សួរ អញ្ចឹង​ទេ​ការ​ដែល​អាន​របាយកាណ៍​នេះ​មិន​មែន​ជា​មួល​ដ្ឋានតែ​មួយ​ទេ តែ​វា​ផ្អែក​ទៅ​លើ​ការ​រក​ឃើញភស្ភុតាង និង​របក​គំហើញ​ដែល​រក​ឃើញ​ដោយ​នគរ​បាល​យុត្តិ​ធម៌ ព្រះ​រាជអាជ្ញា​ ក៏ដូច​ជា​ចៅក្រម​ស៊ើប​សួរ​កន្លងមក​ដែរ»។

តា​មសេចក្តី​ថ្លែង​ការ​ណ៍នោះ​ ការ​កាត់​ទោស​កាលពីម្សិល​មិញ​នោះ​ជា​សំណុំ​រឿង​មួយក្នុង​ចំណោមសំណុំរឿង​បីរបស់​អ្នក​ស្រី ទេព វន្នី ​ដែល​ត្រូវ​បាន​តុលាការ​សើរើ​ជា​ថ្មី នៅ​ខែ​សីហា ឆ្នាំ​២០១៦ អំឡុង​ពេល​ដែល​អ្នក​ស្រីត្រូវ​បាន​ឃុំ​ខ្លួនរង់​ចាំដំណើរ​ការ​សវនាការ ពាក់ព័ន្ធ​នឹង​កា​រតវ៉ាក្នុង​យុទ្ធនាការ​ថ្ងៃច័ន្ទ​ព័ណ៌​ខ្មៅ។

ស្រ្តីសកម្មជនដីធ្លីរូបនេះត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅឲ្យតុលាការកាត់ទោស​៣ដងរួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ