កូរ៉េខាងជើង​មានសារធាតុដើម​៥០០០តោនទុកផលិតអាវុធគីមី

អ្នកជំនាញរបស់កូរ៉េខាងត្បូង បានរកឃើញថា កូរ៉េខាងជើង មានឃ្លាំងរក្សាទុកសារធាតុគីមីជាង ៥០០០តោន សម្រាប់ផលិតអាវុធគីមី ដែលក្នុងនោះរួមទាំងសារធាតុពុល ដែលគេប្រើសម្រាប់សម្លាប់បងប្រុសលោក គីម ជុងអ៊ុន​ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។​

កូរ៉េខាងត្បូងបានអះអាងនៅថ្ងៃសុក្រនេះថា សារធាតុពុលដែលកូរ៉េខាងជើងកំពុងស្តុកទុកនោះមានគ្រោះថ្នាក់បំផុត ហើយត្រូវអង្គការសហប្រជាជាតិហាមឃាត់ ហើយសារធាតុនេះត្រូវបានគេយកទៅប្រើលើភ្នែក និង មុខរបស់លោក គីម ជុងណាម បំពុលស្លាប់នៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរនៅម៉ាឡេស៊ី។​

ម៉ាឡេស៊ីបានភ្ជាប់ករណីនេះ ទៅមនុស្សបីនាក់ដែលពាក់ព័ន្ធគឺស្ត្រីជនជាតិវៀតណាម  និង ស្រ្តី​ឥណ្ឌូនេស៊ី និង បុរសជនជាតិកូរ៉េខាងជើង​។ នគរបាលម៉ាឡេស៊ីបញ្ជាក់ថា មានមនុស្ស៧នាក់ទៀតអាចជាប់ពាក់ព័ន្ធគឺ ក្នុងនោះ៤នាក់គេជឿថា បានរត់គេចទៅកូរ៉េខាងជើងវិញបាត់ហើយ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងថ្លែងថា នៅឆ្នាំ២០១៤ សារធាតុពុលដែលកូរ៉េខាងជើង​រក្សាទុកមានប្រមាណ​២៥០០ ទៅ ៥០០០តោន។ កូរ៉េខាងត្បូងបញ្ជាក់ទៀត​ថា សារធាតុនេះ ត្រូវកូរ៉េខាងជើងយកផលិតធ្វើអាវុធគីមីតាំងពីទសវត្សរ៍ឆ្នាំ១៩៨០។​

កូរ៉េខាងជើងមានកន្លែងផលិតអាវុធគីមីចំនួន៨កន្លែងរួមទាំងនៅកំពង់ផែ Chongjin នៅភាគឦសាន និង នៅ Sinuiju នៅទិសពាយព្យ​។​ នេះបើតាមឯកសារលេចធ្លាយកាលពីឆ្នាំ​២០១២​ ហើយAFPយក មកចុះផ្សាយ។​­

អ្នកស្រាវជ្រាវពីការផលិតអាវុធនៅក្រសួងការពារជាតិ​របស់កូរ៉េខាងត្បូងលោក​ Lee Il-Woo ថ្លែងថា កូរ៉េខាងជើងប្រើប្រាស់សារធាតុនេះ ងាយស្រួលក្នុងការផលិតអាវុធគីមីនិងចំណាយអស់តិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ