អាជ្ញាធរជាតិអប្សរាសង្គ្រោះភ្ញៀវទេសចរ៤០ករណីក្នុងខែមករា

រូបភាពពីអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា អោយដឹងថា​ ខ្លួនបានសង្គ្រោះភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ បានចំនួន៤០ករណីនៅក្នុងខែមករាដើមឆ្នាំ២០១៨នេះ។

 

យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ដែលវីអូឌី ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា នៅក្នុងខែមករាដើមឆ្នាំ២០១៨នេះ ក្រុមការងារជួយសង្រ្គោះភ្ញៀវបានចំនួន៤០ករណីដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពស់ចឹកជាដើម។ របាយការណ៍បន្ដថា ការជួយសង្រោះនេះ ខ្លួនបានសហការជាមួយសមត្ថកិច្ចបេតិកភណ្ឌ ដោយសង្គ្រោះជាបឋមបានទាន់ពេលវេលានៅកន្លែងកើតហេតុ ក្នុងករណីស្រាលៗរួចបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

 

លិខិតបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និង ខ្លះទៀតមានបញ្ហាសុខភាពផ្ទាល់ខ្លួន។

 

បើតាមរបាយការណ៍ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសសម្ភារភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន២៨ករណីមាន ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបលុយ និងម៉ាស៊ីនថតជាដើម និងប្រគល់ជូនម្ចាស់វិញបាន២៥ករណី។

 

ក្រៅពីការសង្គ្រោះ ការរើសរបស់ភ្ញៀវ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវទេសចរណ៍ ដែលប្រព្រឹត្តិមិនសមរម្យបានចំនួន១០០ករណីរួមមាន ការបង្ហោះត្រូន (Drone) ជនបរទេសថតរូប អាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ ឡើងកន្លែងហាមឃាត់និងគ្រោះថ្នាក់ លួចដុំថ្មប្រាសាទ ស្លៀកពាក់ស៊ិចស៊ី ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ថតរូបម៉ូដែល លួចថតវីដេអូដើម្បីផ្សព្វផ្សាយធ្វើអាជីវកម្មជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ