ACU ចាត់ការបណ្ដឹងប្រឆាំងលោក កឹម សុខា

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

ក្នុងកិច្ចប្រជុំពិភាក្សាមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ឱម យ៉ិនទៀង បានថ្លែងថា អង្គភាពធ្វើការសម្រេចចិត្តទទួលយកពាក្យបណ្ដឹងរបស់ក្រុមយុវជន បន្ទាប់ពីមន្ត្រីជំនាញរបស់ខ្លួនបានរកឃើញថា សំឡេងខ្សែអាត់ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងមកគឺជាសំឡេងរបស់លោក កឹម សុខា និងនារីម្នាក់ឈ្មោះស្រីមុំ ពិតមែន។

លោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយក៏បានសម្រេចថានឹងហែកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ផងដែរ​។ លោកមានប្រសាសន៍ថា៖ “ខ្សែអាត់ដែលបានធ្វើកោសល្យវិច័យនេះចំនួន៣៤ឃ្លីប ៦៣ទំព័រនេះបញ្ជាក់ថា ជាសំឡេងពិតរបស់តួអង្គនីមួយៗ អ្នកណាគឺសំឡេងរបស់អ្នកហ្នឹងពិត ទី២ អ.ប.ព ទទួលយកពាក្យបណ្ដឹងរបស់ប្អូនយកមកមុខការ មុខការនេះធ្វើដល់ត្រឹមណាខ្ញុំធ្វើដល់ត្រឹមហ្នឹង ដោយគោរពគោលការណ៍អភ័យឯកសិទ្ធរដ្ឋសភា”

ក្រោយការសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ លោក ស្រី ចំរើន ដែលអះអាងថាជាតំណាងក្រុមនិស្សិត នៅតែបន្តទទូចឲ្យលោក កឹម សុខា ចូលបំភ្លឺពាក់ព័ន្ធនឹងករណីនេះឲ្យបានឆាប់។ លោកថ្លែងថា៖ “ខ្ញុំនៅតែទទូចឲ្យឯកឧត្តម កឹម សុខា លោកមេត្តាចេញមុខជាសាធារណៈឆ្លើយតបនឹងសំឡេងដែលលោកបានសន្ទនាជាមួយនារីក្នុងខ្សែអាត់សំឡេងនោះ។ សម្រាប់ពួកខ្ញុំគឺចប់វគ្គចប់ភារកិច្ចរបស់ពួកខ្ញុំជាមួយអង្គភាពប្រឆាំងអំពើពុករលួយដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានឆ្លើយតបរួចហើយថាទាំងសំឡេង ការពាក់ព័ន្ធនឹងអំពើពុករលួយ តម្រុយ ក៏ដូចជាខ្សែអាត់សំឡេងភស្តុតាងទាំងអស់ដែលពួកខ្ញុំបានដាក់ជូនគឺពិតមែនដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែមានវិធានការបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីនេះ”

លោក ឱម យ៉ិនទៀង បញ្ជាក់ថា លោក កឹម សុខា បានប្រកាសទ្រព្យសម្បត្តិ៣ដងរួចមកហើយ គឺនៅឆ្នាំ ២០១១ ឆ្នាំ២០១៣ និងនៅឆ្នាំ២០១៥។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតករណីពុករលួយធំៗដែលកំពុងកើតមានសព្វថ្ងៃ ជាជាងមកចំណាយពេលលើរឿងតូចតាច។ លោកមានប្រសាសន៍ថា៖ “ខ្ញុំស្នើសុំឲ្យគិតគូរពីរឿងសំខាន់ កុំឲ្យគិតគូរពីរឿងចុងអង្ករឬកន្ទក់។ យើងគួរនាំគ្នាទៅគិតពីអំពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ដែលមួយឆ្នាំៗបាត់បង់លុយរាប់រយរាប់ពាន់លានដុល្លារ យើងមើលដីធ្លី អគាររដ្ឋដែលជាទ្រព្យសម្បត្តិជាតិហូរចូលទៅក្នុងដៃជនពុករលួយម្តងមួយៗ បាត់បង់ទ្រព្យសម្បត្តិជាតិរាប់ពាន់ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋយើងគួរយកចិត្តទុកដាក់លើរឿងហ្នឹងជាងទៅយកចិត្តទុកដាក់លើរឿងអ្វីផ្សេង”

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនអះអាងថាពួកគេសង្ស័យ លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។

ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីរឿងអាស្រូវស្នេហានេះ លោក កឹម សុខា មិនបានបកស្រាយអ្វីនោះទេ ប៉ុន្តែលោកបានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា ”យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា ”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”

 

កែតម្រូវ​៖  ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​មាន​ប្រសាសន៍​ថា អង្គភាព​នឹង​បើក​មើលសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា តែ​លោក​មិន​បាន​មាន​ប្រសាសន៍​ថា​ អង្គភាពនឹងតម្រូវឲ្យលោក កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្ដងទៀត​ដូច​ការ​ចុះ​ផ្សាយ​មុន​ទេ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ