រដ្ឋាភិបាលចាត់ឲ្យមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺនៅសភា

នាយករដ្ឋមន្រ្តីនឹងចាត់ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងសហការីឲ្យចូលបំភ្លឺ​នៅសភាអំពីការ​អនុវត្តរបស់តុលាការពាក់ព័ន្ធនឹងសិទ្ធិរបស់ពលរដ្ឋតាមសំណើរបស់រដ្ឋសភា។

លិខិតរបស់រដ្ឋាភិបាលដាក់ទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ចុះថ្ងៃទី១៥ ខែមីនា លោក ហ៊ុន សែន បានចាត់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា និងមន្រ្តីឲ្យចូលបំភ្លឺនៅ​សភា​នៅថ្ងៃទី២៥ ខែមីនា ជាការឆ្លើយតបទៅនឹងការស្នើរបស់ប្រធានគណៈកម្មការទី១នៃរដ្ឋសភាលោក អេង ឆៃអ៊ាង។

ប្រធានគណៈកម្មការទី១នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានឲ្យ​ដឹងថានៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅថ្ងៃស្អែកលោកនឹងលើកយកប្រធានបទ​ចំនួន៤ក្នុងការពិភាក្សា។ លោកបន្ថែមថាលោកនឹងលើកយកការចាប់ ការឃុំខ្លួន និងការផ្តន្ទាទោស​អនីតិជន ការឃុំខ្លួនលើសនីតិវិធីកំណត់ កំហុសនៃការអនុវត្តនីតិវិធី និងការមិនអនុវត្តតួនាទីរបស់ចៅក្រមនិងព្រះរាជអាជ្ញាជុំវិញករណីវិវាទដីធ្លី និងវិវាទផ្សេងទៀត និងឯករាជ្យភាពរបស់តុលាការនិងការជ្រៀត​ជ្រែក។

គួររំឭកថាកាលពីថ្ងៃទី១៤ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តកំពង់ស្ពឺអន្ត​រាគមន៍ទៅតុលាការជួយឲ្យមានការដោះលែងស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមីនាទាក់ទងនឹងជម្លោះដីធ្លី។ ការចាប់ខ្លួននេះធ្វើឲ្យលោក ហ៊ុន សែន មានការខកចិត្តយ៉ាងខ្លាំងទៅនឹងការអនុវត្តរបស់តុលាការខេត្តកំពង់ស្ពឺ ហើយលោកបញ្ជាឲ្យក្រសួងយុត្តិធម៌ធ្វើការត្រួតពិនិត្យទៅលើករណីនេះ។ ក្រោយពីមានការអន្តរាគមពីនាយករដ្ឋមន្រ្តី ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំជាមួយប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីខេត្តទាំងអស់។ ក្រសួងយុត្តិធម៌ក៏បានបង្កើតក្រុមពិភាក្សាទិដ្ឋភាពច្បាប់សម្រាប់ផ្ដល់ប្រឹក្សាដល់ចៅក្រមដែលទទួលជំនុំជម្រះសំណុំរឿងទំនាស់ដីធ្លីដោយក្រសួងថាដើម្បីធានាឲ្យការសម្រេចសេចក្តីរបស់ចៅក្រមកាន់តែមានភាពសុក្រិតនិងចៀសវាងការតវ៉ាពីពលរដ្ឋមានទំានាស់ដីធ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ