ស្ថានទូតខ្មែរថាថៃអនុញ្ញាតឲ្យពលករខ្មែរខុសច្បាប់អាចបន្តធ្វើការបាន២ឆ្នាំទៀត

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកឲ្យដឹងថា អាជ្ញាធរថៃបានឯកភាពអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលចូលទៅស្នាក់នៅក្នុងប្រទេសថៃធ្វើការដោយខុស និងមានកាន់ឯកសារមួយចំនួន អាចមានសិទ្ធិបន្តធ្វើការរយៈពេល២ឆ្នាំទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែមីនា ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថា ពលករដែលអាចទៅស្នើសុំបន្តសុពលភាពធ្វើនោះមានដូចជាពលករដែលមានកាន់ប័ណ្ណស៊ីជម្ពូ (Non-Thai Identity Card) ដែលផ្ដល់នៅអំឡុងឆ្នាំ២០១៤ និងឆ្នាំ២០១៦ និងពលករដែលកាន់ឯកសារចេញដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាមានដូចជាលិខិតឆ្លងដែន លិខិតធ្វើដំណើររបស់ពលករ ឬលិខិតបញ្ជាក់អត្តសញ្ញាណ។ ស្ថានទូតបញ្ជាក់ថា វិធានការនេះមិនរាប់បញ្ចូលពលករដែលត្រូវបញ្ជូនទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់តាម MOU និងពលករដែលបានចុះឈ្មោះក្នុងវិស័យឧស្សាហកម្មកែច្នៃអាហារសមុទ្រ និងនេសាទសមុទ្រ នៅចន្លោះពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នោះទេ។

សេចក្ដីប្រកាសព័ត៌មានបន្តទៀតថា ពលករទាំងនោះត្រូវទៅបង្ហាញខ្លួននៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយ(OSS) នៅតាមខេត្តដែលខ្លួនស្នាក់នៅ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីសុំបន្តសុពលភាពសិទ្ធធ្វើការងារនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា អាជ្ញាធរថៃក៏បានសម្រេចបិទដំណើរការមជ្ឈមណ្ឌលសេវាកម្មផ្ដល់ទិដ្ឋាការ និងប័ណ្ណអនុញ្ញាតការងារ (Visa and Work Permit Service Center) សម្រាប់ពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ានៅទីក្រុងបាងកក និងខេត្តឈៀងរ៉ៃ នៅថ្ងៃទី៣១ ខែមីនា និងនៅខេត្តតាក់ និងខេត្តរ៉ាណង នៅថ្ងៃទៅ២៩ ខែមិថុនា ឆ្នាំ២០១៦ផងដែរ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថា យោងតាមសេចក្ដីជូនដំណឹងដែលលោកទទួលបានពីស្ថានទូតកម្ពុជា និងក្រសួងការងារថៃ គណៈរដ្ឋមន្ត្រីបានសម្រេចផ្ដល់អត្តសញ្ញាណប័ណ្ណមិនមែនសញ្ជាតិថៃ ឬប័ណ្ណស៊ីជម្ពូទៅពលករខ្មែរ ឡាវ និងភូមា ដើម្បីឲ្យពួកគេស្នាក់នៅដោយស្របច្បាប់បណ្ដោះអាសន្នរយៈពេល២ឆ្នាំ។ លោកបន្តថា យោងតាមសេចក្ដីជូនដំណឹង ពលករអាចសុំពន្យារការស្នាក់នៅរបស់ខ្លួនបាន៤ដងដែលមានន័យថា ពួកគេអាចស្នាក់នៅបណ្ដោះអាសន្នដោយប្រើប័ណ្ណស៊ីជម្ពូបានរយៈពេល៨ឆ្នាំ។

លោក ហេង សួរ បន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួននៅតែបន្តឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ដោយលោកថា ការធ្វើបែបនេះធ្វើឲ្យពួកគេប្រឈមនឹងការចាប់បញ្ជូនមកវិញ។ លោកមានប្រសាសន៍ថា៖ “យើងបានឃើញនៅតាមច្រកចេញចូលមួយចំនួននៃខេត្តជាប់ព្រំដែននេះ គឺមានការចាប់បញ្ជូនមកជារៀងរាល់ថ្ងៃដែរ តែគ្រាន់តែចំនួនហ្នឹងវាតិច។ អញ្ចឹងហើយបានជាក្រសួងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចយើងគឺនៅតែអំពាវនាវសុំឲ្យបងប្អូនយើងជ្រើសរើសយកច្រកដែលចូលទៅប្រទេសថៃនេះដោយស្របច្បាប់ ចៀសវាងការបញ្ជូនត្រឡប់មកវិញ”

នាយកប្រត្តិបត្តិអង្គការខារ៉ាម លោក យ៉ា ណាវុធ មានប្រសាសន៍ថា នេះមិនមែនជាការចម្លែកនោះទេ ដោយលោកលើកឡើងថា ប្រទេសថៃនៅតែត្រូវការកម្លាំងពលកម្មច្រើន ហើយការពន្យានេះជាការចំណេញរបស់ថៃទៅវិញទេដោយលោកបានបន្ថែមថា មានការពន្យាពេលនេះជាច្រើនដងរួចមកហើយ។

លោកបន្ថែមថា៖ “ដរាបណាប្រទេសថៃនៅត្រូវការកម្លាំងពលកម្មថោក ជាពិសេសការងារដែលមិនមានជំនាញពីប្រទេសជិតខាងនោះគេអាចបន្តទិដ្ឋាការការងារ ឬក៏សៀវភៅការងារបន្តទៀតសម្រាប់ពលករពីប្រទេសជិតខាងហ្នឹង អ្វីដែលសំខាន់នោះថា តើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើយ៉ាងម៉េចទាក់ទាញអ្នកវិនិយោគមកក្នុងប្រទេសកម្ពុជាយើងវិញដើម្បីធ្វើយ៉ាងម៉េចឲ្យពលរដ្ឋយើងដែលបានធ្វើចំណាកស្រុកទៅក្រៅប្រទេសហ្នឹង វិលមកធ្វើការងារនៅក្នុងប្រទេសកម្ពុជាយើងវិញ”

លោក យ៉ា ណាវុធ បានលើកជាយោបល់ថា រដ្ឋាភិបាលគួរតែទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសឲ្យបានច្រើន បូករួមជាមួយការអភិវឌ្ឍន៍តាមជនបទដើម្បីពង្រឹងវិស័យកសិកម្ម និងវិស័យសិប្បកម្មខ្នាតតូច និងមធ្យម។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៥ រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលករកម្ពុជាប្រមាណ៥០ ០០០នាក់ដែលមិនទាន់បានពន្យារពេលប័ណ្ណស្នាក់នៅបណ្តោះអាសន្ន អាចបន្តស្នាក់នៅរហូតដល់ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបំពេញបែបបទក្លាយជាពលករស្របច្បាប់។

យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រយៈពេល១១ខែក្នុងឆ្នាំ២០១៥ អាជ្ញាធរថៃបានឃាត់ខ្លួននិងបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន៥៥ ៦២៦នាក់ឲ្យមកស្រុកកំណើតវិញ។ របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំណោមពលករជាង៥ម៉ឺននាក់នោះគឺមាន៩០១ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធនាគារមុនបញ្ជូនមកស្រុកខ្មែរវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ