បទយកការណ៍៖ ពលរដ្ឋខេត្តព្រះវិហារមួយក្រុមស្នាក់​នៅក្នុងវត្តមួយ​ជិតពីរឆ្នាំនៅ​ភ្នំពេញ​រង់ចាំ​ដំណោះស្រាយដីធ្លី

អង្គុយ​នៅ​ខាងមុខ​ទ្វារចូលព្រះវិហារនៅ​វត្ត​សាមគ្គី​រង្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ ​អ្នកស្រី ចាន់ សុភា វ័យ​៤៤​ឆ្នាំ ​រៀបរាប់​ពី​ទុក្ខ​សោក​របស់អ្នក​ស្រី និង​ប្រជាពលរដ្ឋប្រមាណ​៥០​នាក់​ផ្សេង​ទៀត​មក​ពីស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​។ ​ជាមួយ​កូន​តូចបី​​ក្នុង​ដៃ អ្នកស្រី ចាន់ សុភា ​រៀបរាប់​ថា​ ពួកអ្នក​ស្រីបាន​ទ្រាំរស់ដោយ​ខ្វះមុខខ្វះក្រោយ ដោយ​ពឹងពាក់​ស្នាក់​អាស្រ័យ​នៅ​ទី​អារ៉ាម​នេះ​អស់​រយៈ​ពេល​ប្រមាណ​១​ឆ្នាំ​និង​៧​ខែមក​ហើយ ដើម្បី​ស្វែងរកដំណោះស្រាយពី​រដ្ឋា​ភិបាលក្នុង​ករណី​ជម្លោះ​ដីធ្លីរបស់​ពួក​គេ​។

អ្នក​ស្រីមាន​ប្រសាសន៍​ថា៖ “ពួកខ្ញុំរស់នៅ​វត្តនេះ​វេទនាណាស់ មិនស្រួលដូច​រស់នៅ​​ផ្ទះរៀងៗខ្លូនទេ ទាំងការហូបចុក ទាំងការដេក ជំងឺផ្តាសាយឆ្លងគ្នាពេញវត្ត​ ព្រោះយប់ឡើង​ចងមុងដេកជិតគ្នាគ្មានផ្លូវដើរទេ”។

អ្នក​ស្រី សាត​ ញ៉េត វ័យ​៤៥ឆ្នាំ
អ្នក​ស្រី សាត​ ញ៉េត វ័យ​៤៥ឆ្នាំ

​អង្គុយក្បែរគ្នានោះដែរ អ្នក​ស្រី សាត​ ញ៉េត វ័យ​៤៥ឆ្នាំ អ្នកស្រី​ សាត ញ៉េត មាន​ប្រសាសន៍​ថា ក្នុង​ការ​ស្នាក់​នៅរយៈ​ពេល​ជាង​១​ឆ្នាំ​កន្លះ​មក​នេះដើម្បី​ធ្វើការ​ទាម​ទារ​យក​ដី​របស់ពួកទៅវិញ ព្រះសង្ឃក្នុង​វត្តជាអ្នកជួយ​ផ្គត់ផ្គង់​គ្រឿងបរិភោគ​ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់ពួកអ្នកស្រី។ អ្នកស្រីបន្ថែមថា៖ “យើងគ្មាន​ផ្ទះសម្បែងរស់នៅ យើងខ្វះទាំងអាហារហូបចុកប្រចាំថ្ងៃ ចុះយើងមាន​ពេលឯណាទៅរកស៊ីមកចិញ្ចឹម​កូនបើយើងមិន​មក​នៅវត្តធ្វើការទាមទារសុំជំនួយពី​ខ្មែរក្នុងប្រទេសខ្លះ ពីក្រៅប្រទេសខ្លះ ហូបបាយលោក​ខ្លះទៅ សុំអង្ករគេបានខ្លះទៅ”។

ស្រី្តមេម៉ាយកូន​ពីរ​រូប​នេះរៀប​រាប់ទាំងទឹកមុខស្មើថា អ្នកស្រី​ធ្លាប់មាន​ផ្ទះ មាន​ដី សម្រាប់ជ្រកកោន​ត្រឹម​ត្រូវជាមួយគ្រួសារ​ប្រកប​ដោយ​ក្តី​សុខ ប៉ុន្តែ​​ថា ចាប់ពី​ចុង​ឆ្នាំ២០១១មក ​អ្នកស្រីត្រូវបាត់​បង់​ផ្ទះសម្បែង ដី​ភូមិ ដីស្រែ ដែល​ធ្លាប់មាន ដោយ​អ្នកស្រីអះអាង​ថាព្រោះតែ​អ្នកមានអំណាចដែល​អ្នក​ស្រី​សំដៅ​លើ​តំណាងរាស្រ្ត​មណ្ឌលព្រះវិហាររបស់គណបក្សប្រជាជនកម្ពុជាថា​​បាន​ទៅ​បំពានយក​ដីក្នុង​ភូមិ​របស់អ្នក​ស្រី។ អ្នក​ស្រីមាន​ប្រសាសន៍​ដោយ​​ម៉ឺងម៉ាត់ថា ​អ្នកស្រីនឹងនៅបន្ត​ទាមទារ​រកដំណោះ​ស្រាយ​ពីរដ្ឋាភិបាល​ឲ្យទាល់តែបានទោះបីអ្នកស្រីត្រូវ​ស្លាប់ក៏ដោយ។

អ្នកស្រី​បន្តថា៖ “ហើយឯកឧត្តម​ សួស យ៉ារ៉ា នោះ​លោកក៏មិនគួរសើចសប្បាយលើគំនរទុក្ខរបស់ខ្ញុំដែរ លោកគួរតែលែងដីធ្លីនោះមកខ្ញុំវិញមក បើលោក​ខាំខ្ញុំមិនលែង ខ្ញុំក៏មិន​លែងដែរ ខ្លាចតែខ្ញុំឈានជើងមួយជំហានទៅគេបាញ់ខ្ញុំស្លាប់លើ​ដីនោះ ឲ្យតែខ្ញុំនៅមានជីវិតខ្ញុំនៅតែទាមទារដល់ទីបញ្ចប់ បើសិនជា​ខ្ញុំ​ស្លាប់ខ្ញុំដោយសារគេសម្លាប់ខ្ញុំ ខ្ញុំនៅមាន​កូនបន្តទៀត ឲ្យបន្តទាមទារ… ការឈឺចាប់​ ទឹកភ្នែកដែល​ហូរមក​វាជារឿងពិតមិនមែន​ក្លែងក្លាយ មិនមែនបងសម្តែងល្ខោនដាក់អ្នក​សារព័ត៌មានទេណា បងអស់ បងខ្សោះ បងក្រ​រហូត​ដល់ក្នុងខ្លួនបងគ្មាន​១០ម៉ឺនកាន់​ឲ្យ​គេហៅថាលុយខ្មែរទេ”។

លោក គិន ចន្ថា វ័យ​៥២ឆ្នាំ
លោក គិន ចន្ថា វ័យ​៥២ឆ្នាំ

បុរសវ័យ​៥២ឆ្នាំមាឌមាំម្នាក់ទៀត លោក គិន ចន្ថា រៀបរាប់ទាំងអួលដើមក និង​មាន​ទឹកភ្នែក​ធ្លាក់មករឹមៗផងថាលោកបាន​ធ្វើជាយោធាការពារទឹកដីតាំងពីឆ្នាំ១៩៧៩ ដោយ​លោក​ថា​លោក​បាន​ប្តូរជីវិត​ដើម្បីទឹកដី តែលោក​ថា លោកបែរជាមិន​អាច​ការពារផ្ទះសម្បែងខ្លួន​ឯងបានទៅវិញ។ ដោយ​សារតែរឿងនេះ លោកថា លោកបាន​ឈប់ធ្វើជាទាហានប្រហែល៥ឆ្នាំមកហើយ។

លោកបន្ថែមថា៖ “ដល់​ពេលមាន​គេធ្វើបាបអ៊ីចឹង​ ខ្ញុំឈឺចាប់ខ្លាំងមែនទែន កន្លងមកខ្ញុំធ្លាប់ការពារទឹកដីដូចគ្នា ដល់ពេលឃើញ​មន្ត្រីរាជការពុករលួយវាធ្វើបាបអ៊ីចឹងក្តៅក្រហាយណាស់ នឹក​ឃើញថា​មួយគ្រាប់ងាប់កាន់កាំភ្លើងតតាំងវិញ ប៉ុន្តែនឹកទៅ​វាខុសច្បាប់ខ្លាំងពេក”។

លោក គិន ចន្ថា បន្ត​ថា លោក​​ប្តេជ្ញាចិត្តថានឹង​បន្តរស់នៅក្នុងវត្តសាមគ្គីរង្សីនេះ​ដើម្បី​បន្តស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល​ឲ្យទាល់តែបាន។ លោក​បន្តទៀតថា៖ “ខ្ញុំគិតហើយស្រេច នៅវត្តនេះ​គឺនៅតស៊ូរហូតបានដីត្រឡប់ទៅវិញ បើមិនបានគឺខ្ញុំនៅរហូត ឲ្យតែលោក(ព្រះសង្ឃ)អនុញ្ញាត…គឺខ្ញុំនៅទាមទារ​រហូតមានដំណោះស្រាយពីសម្តេចហ៊ុន សែន និង​សម្តេចក្រឡាហោម គឺខ្ញុំទាទារទាល់តែបាន​ទើបត្រឡប់ទៅវិញ”។

បើ​តាមក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះក្នុង​បញ្ហា​ដីធ្លី​នេះ​សរុបមាន​ចំនួន​២៥០គ្រួសារ ហើយពួកគាត់បាន​ឆ្លាស់វេន​គ្នាដើម្បី​​មក​តវ៉ានៅទីក្រុងភ្នំពេញ ដោយ​ពួគាត់​បញ្ជាក់ថា ​ធ្វើដូច្នេះ​ដើម្បី​ផ្លាស់ប្តូរគ្នាទៅរក​ប្រាក់​ទៅ​​ផ្គត់ផ្គង់ជីវភាព​សម្រាប់បន្តការតវ៉ា។

ព្រះភិក្ខុ ញ៉ ធៀ មាន​សង្ឃដីកាថា សម្បុរសជន​ពីក្នុង និងក្រៅប្រទេស​បាន​ផ្ដល់​ជាជំនួយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រ​ជាពលរដ្ឋទាំងនេះអាចរស់នៅបាន​សម្រាប់ឲ្យពួកគាត់បន្តស្វែងរក​ដំណោះស្រាយ​ដីធ្លីពីរដ្ឋាភិបាល។ ព្រះអង្គ​បន្ត​ថា ព្រះសង្ឃក្នុងវត្ត​បន្ត​​អំពាវនាវ​រកជំនួយ​បន្ថែម​ទៀតដោយ​ព្រះអង្គ​ថា​ដើម្បីបន្ត​​ផ្គត់ផ្គង់​ដល់​ក្រុមប្រជាពលរដ្ឋ​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ​។

ព្រះ​អង្គបន្តថា៖​ “ពុទ្ធបរិស័ទនៅនេះ អាត្មាអំពាវនាវក្នុងប្រទេស​ ក្រៅប្រទេស បានតិចហូបតិច បានច្រើនហូបច្រើន ដើម្បី​ឲ្យ​ញាតិញោម​ស្នាក់នៅបណ្តោះអាសន្ន គាត់ស៊ូដាក់ញត្តិ ដាក់អី ជួយញាតិញោម​​ឲ្យបាន​ដោះស្រាយរឿងទំនាស់ដីធ្លី”។

ទាក់ទងនឹង​ករណី​ទំនាស់ដីធ្លីនេះ មន្ត្រីសម្របសម្រួល​សមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា បើ​តាមការ​អង្កេតរបស់លោក ដីទំនាស់នោះ​គឺជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តព្រះវិហារ តែលោក​ថា លោកមិន​បាន​ដឹងថា​ទំនាស់នោះ​មាន​ជាប់ពាក់ព័ន្ធជាមួយលោក សួស យ៉ារ៉ា យ៉ាងណានោះទេ។ លោកថា កន្លង​មក​រដ្ឋាភិបាលបាន​ចេញ​អនុក្រិត្យ​ក៏​ដូច​ជា​ ស.ជ.ណ មួយ​ចំនួន​ផងដែរ​ ដោយ​លោក​អាជ្ញាធរ​មូលដ្ឋាន​គួរ​ដោះស្រាយ​ដោយ​យោងតាម​ឯកសារ​ទាំង​នោះ​។

លោកមាន​ប្រសាសន៍​ថា​៖ “ករណីហ្នឹងគឺអាជ្ញាធរគួរណាតែរកដំណោះស្រាយឲ្យបានសមស្រប ជាពិសេសធ្វើតាមស.ជ.ណ៥៩០ របស់ក្រសួង និងលិខិតមួយចំនួនទៀត”​។

ទាក់ទង​នឹង​ការ​ចោទប្រកាន់របស់​ប្រជាពលរដ្ឋនេះ វីអូឌី(VOD)មិន​អាចទាក់ទង​សុំការឆ្លើយតបពី​តំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា និង​អភិបាលរងខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ដែលជាអ្នក​ទទួលបន្ទុក​ដោះស្រាយទំនាស់​ដីធ្លីនោះបាន​នៅឡើយ ដោយ​ទូរស័ព្ទចូល តែពុំ​មាន​អ្នក​ទទួល។

ក្រុមពលរដ្ឋ​ឲ្យ​ដឹង​ថា ទំនាស់​ដី​ធ្លី​នោះ​កើត​ឡើង​នៅ​ភូមិ​ស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពួកគាត់​អះអាង​ថា ពួកគាត់បាន​ទៅ​រស់នៅ​លើ​ដីទំនាស់នោះតាំងពី​ឆ្នាំ១៩៩៩ និងខ្លះនៅឆ្នាំ២០០០ ទៅ​តាម​ការអំពាវនាវ​របស់អភិបាលខេត្ត​ព្រះ​​វិហារនៅពេលនោះ និង​​លោក ជា សុផារ៉ា អតីតអភិបាលរាជធានីភ្នំពេញ។ ពួកគាត់​អះអាងថា លោក ជា សុផារ៉ា ក៏បាន​ឧបត្ថម្ភ​ដល់​ការ​រស់នៅ​របស់ពួកគាត់នៅទី​នោះ​ពី២ទៅ​៣ឆ្នាំផងដែរនៅពេលនោះ។

ពលរដ្ឋបន្តថា លុះដល់​ឆ្នាំ២០១១ ទើបមាន​ការ​រុះរើ និងបណ្តេញ​ពួកគាត់ចេញ​ពីសំណាក់អាជ្ញាធរខេត្តនេះ​ដោយ​អះអាងថាដីនោះ​ជាតំបន់អភិរក្ស។ ប្រ​ជាពល​រដ្ឋបន្តថា ដីទំនាស់មាន​ប្រហែលជា៣៣៥០ហិកតា។ អ្នក​ទាំងនោះ អំពាវនាវ​ឲ្យ​ប្រមុខរដ្ឋា​ភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់​ឲ្យបាន​ឆាប់ ដើម្បី​ឲ្យពួកគាត់​បាន​វិល​ទៅ​រស់នៅ​ក្នុង​ស្រុកភូមិ និង​បាន​ប្រកបរបរចិញ្ចឹមជីវិតវិញ។

អ្នកស្រី សាត ញ៉េត មាន​ប្រសាសន៍​ថា៖ “ជម្រាបជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្តេចក្រឡាហោម សូមឲ្យលោកជួយៗមើលមកជន​រងគ្រោះ​ដូចពួកខ្ញុំនេះវាមានផល​លំបាកវេទនាណាស់និរាសព្រាត់ប្រាស់ប្តីប្រពន្ធ កូនៗ ​មិនបាន​ចូល​រៀនបានសូត្រ គ្មានទីជម្រក សូមលោក​អនុម័តឯកសារឲ្យ​យើងខ្ញុំបាន​ទៅ​រស់នៅ​ឆាប់ៗនេះមក”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ