លោក សម រង្ស៊ី ស្នើរដ្ឋាភិបាលអនុវត្តនយោបាយកសិកម្មឲ្យបានពេញលេញ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសនៅក្រៅប្រទេស ស្នើ​រាជ​រដ្ឋាភិបាល​​អនុវត្តនយោបាយកសិកម្ម​ឲ្យបានពេញ​លេញ ដើម្បី​ជួយ​កសិករ​លក់​ផលដំណាំ​ក្នុង​តម្លៃខ្ពស់​សមរម្យ។

ថ្លែងក្នុងវីដេអូតាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣មីនា លោក សម រង្ស៊ី លើកឡើងថា រាជរដ្ឋាភិបាល​ត្រូវតែ​មានប្រព័ន្ធមួយពិសេសច្បាស់លាស់និងថវិកាគ្រប់គ្រាន់ ដើម្បីដំណើរបានត្រឹមត្រូវ ធានាជីវភាពរស់នៅរបស់កសិករក្នុងប្រទេសមិនចាំបាច់ធ្វើការចំណាកស្រុក។

លោកមានប្រសាសន៍ថា៖ «​[…] មានន័យថាតម្លៃ ដែលធានាជីវភាពរស់ នៅរបស់ប្រជាកសិករ ឲ្យបានសមរម្យ ឲ្យបានត្រឹមត្រូវ រស់យ៉ាងថ្លៃថ្នូរលើទឹកដីកំណើតរបស់យើងទាំងអស់គ្នា មិន ចាំបាច់ ចំណាកស្រុក ចាកចេញពីភូមិកំណើត បែកបាក់គ្រួសារ ទៅស៊ីឈ្នួលបរទេស មិនត្រឹមត្រូវទេ!។ យើងត្រូវតែគិតគូរឡើងវិញបញ្ហាកសិកម្ម បញ្ហាជីវភាពរស់នៅរបស់ប្រជាកសិករ ហើយត្រូវតែរៀបចំនយោបាយកសិកម្មមួយដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរ»។

លោកបន្ថែមថា បើកាត់បន្ថយអំពើពុករលួយ​តែបន្តិចគឺ​អាចប្រមូលថវិកាបានច្រើនណាស់​ដើម្បីទ្រទ្រង់នយោបាយកសិកម្មនេះ។

កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ ប្រទេសកម្ពុជា ជួបវិបត្តិតម្លៃកសិផលនិងតម្លៃស្រូវ ដែលនាំឲ្យកសិករ​នៅខេត្តបាត់ដំបងផ្ទុះការតវ៉ាចាក់ស្រូវបិទផ្លូវ ដោយសារបញ្ហាស្រូវថោក និងមិនមានទីផ្សារលក់។

អ្នកជំនាញកសិកម្មបារម្ភថា បើមិនមានដំណោះស្រាយសមស្របនោះទេ វិបត្តិលក់ស្រូវ​មិនចេញនេះអាច​ផ្ទុះការតវ៉ា​នៅឆ្នាំ២០១៧ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ