វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់បក្សប្រឆាំង?

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាសន្នីសីទកាសែតព្រឹកថ្ងៃ៧ ខែតុលា នេះ (ប្រភពហ្វេសប៊ុក)

កាលពីថ្ងៃទី២ខែមីនា គណបក្សសង្គ្រោះជាតិបានធ្វើសមាជវិសមញ្ញ ដោយជ្រើសរើសលោក កឹម សុខា ជា​ប្រធា​ន​ស្តីទីឲ្យឡើងកាន់តំណែងជាប្រធានបក្សជំនួសលោក សម រង្ស៊ី និង​បានជ្រើ​សរើ​ស​អនុ​ប្រ​ធាន៣រូបទៀត មានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ។

ប៉ុន្តែលិខិតចុះថ្ងៃទី២២ខែមីនា ដែលក្រសួងមហាផ្ទៃផ្ញើទៅទៅកាន់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា សមាជនោះ​បាន​អនុវត្តផ្ទុយពីលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧។ ទោះជាយ៉ាងណា អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់បានពន្យល់តាមបណ្តាញសង្គមថា សមាជគណបក្សមានពីរប្រភេទ គឺសមាជសមញ្ញនិងវិសមញ្ញ​។ ​លោ​កថាសមាជ​​សមញ្ញធ្វើ៥ឆ្នាំម្តង និងវិសមញ្ញធ្វើឡើងក្នុងករណីចំបាច់ តាមការស្នើសុំពីប្រធានគណបក្ស ឬពី​​​សំឡេ​​​ង២ភាគ៣នៃគណៈកម្មាធិការអចិន្ត្រៃយគណបក្ស ឬ២ភាគ៣នៃគណៈកម្មការនាយក។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា យោងតាម​ប្រកា២១នៃ​លក្ខន្តិកៈ គណៈ​កម្មាធិការអ​ចិន្ត្រៃយ​គណប​ក្ស​បាន​​​កោះ​ប្រជុំសមាជវិសាមញ្ញ​នៅថ្ងៃទី២ខែមីនា​។ លោកបន្តថាសមា​ជនោះ មានការគាំ​ទ្រដោយគណៈ​កម្ម​កា​​​រនា​​​យ​ក ដោ​យសំឡេងលើសពី២ភាគ៣ ទើបសមាជបានពិនិត្យនិងអនុម័តធ្វើវិសោធន​កម្មល​ក្ខន្តិកៈ​ប្រ​កា​​​រ៤​៥និងប្រការ៤៧។

តើការមិនទទួលស្គាល់សមាជបក្សប្រឆាំងនេះជារឿងផ្លូវច្បាប់ឬជារឿងនយោបាយ?

លោក សម គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច យល់ថា ការ​​ធ្វើសមាជរើសថ្នាក់ដឹកនាំថ្មីជំនួស លោក សម រង្ស៊ី​ គឺរឿងចាំបាច់មួយដែលត្រូវធ្វើ​ហើយ​ថា វាមិនខុស​អ្វី​នោះ​ទេ​។

លោកមានប្រសាសន៍ថា «លក្ខន្តិកៈវាមិនអីទេ គេអាចវិសោធនកម្មបាន។ វា[មិន]មានអីខុសទេ។​យើងគិតថាកាលៈទេសៈវាចាំបាច់ផង សម រង្ស៊ី លាលែងហើយអនុ​ប្រធាន​ត្រូវ​រៀប​ចំដើម្បី​ដំណើរការគណបក្សហើយ។សមាជវិសញ្ញហ្នឹងជាលក្ខណៈពិសេស។ ក្រសួងហ្នឹង​គាត់​ពិនិត្យសារឡើងវិញទៅ…»។

ភា្លមៗក្រោយពីក្រសួងមហាផ្ទៃចេញលិខិតមិនទទួល​ស្គាល់​ថ្នាក់​ដឹកនាំថ្មី​គណបក្ស​សង្រ្គោះ​ជាតិ បានដាក់លិខិតសុំជួប លោក ស ខេង ដើម្បីពិភាក្សាពីបញ្ហានេះ​។ ជាការឆ្លើយតបក្រសួង​មហាផ្ទៃ ប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងចាត់តាំងមន្រ្តីជំនាញឲ្យជួបពិភាក្សាជាមួយ​គណ​បក្ស​សង្រ្គោះជាតិពីបញ្ហានេះ។

មន្រ្តីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លោក យឿង សុធារ៉ា វិភាគថា ការបដិសេធរបស់ក្រសួងមហាផ្ទៃមិនទទួលស្គាល់ក្បាល​ម៉ាស៊ីន​ដឹកនាំ​​ថ្មី​របស់គណបក្សសង្រ្គោះជាតិ លោកយល់ថា ជារឿងនយោបាយច្រើនជាងរឿងផ្លូវច្បាប់។

លោកយល់ថា «រឿងនយោបាយច្រើនជាង​ដោយសារតែមើលទៅ​បើ​សិនជាខុសលក្ខណៈ​ផ្លូវច្បាប់ហ្នឹងវាមិនជាធ្ងន់​ធ្ងរទេដោយ​សារតែ​លក្ខន្តិកៈ​គណបក្សវាគឺជាធម្មនុញ្ញជាច្បាប់​កំពូល​សម្រាប់​គណបក្សទេ។ វាអត់មានអនុភាពស្មើ​នឹង​ច្បាប់​រដ្ឋឬច្បាប់​ដែល​បង្កើត​ដោយ​​រដ្ឋទេឬ​ក៏​ក្រប​ខណ្ឌ​នៃច្បាប់ណាមួយ ឋានានុក្រមណាមួយនៃច្បាប់រដ្ឋវាអត់ស្មើទេលក្ខន្តិកៈហ្នឹង។ [បើ]គាត់​បំពាន​លក្ខន្តកៈរបស់គាត់មានន័យថាឥទ្ធពលរបស់វាអានុភាពរបស់វាគ្រាន់តែ​ប៉ះពាល់​ក្នុង​ជួរគណបក្សទេ»។

លោកបន្តថា ក្រសួងមានតួនាទីសម្របសម្រួលឲ្យគណបក្សធ្វើអ្វីឲ្យស្របនឹង​លក្ខខន្តិកៈ​ដែល​បាន​ចែង។លោកថា «បើគាត់បំពានលក្ខន្តិកៈរបស់គាត់ណែនាំគាត់ឲ្យគាត់ធ្វើឲ្យត្រូវ។ ប្រហែលជា​មានចែង​ខណាពិសេស ប្រកាណាពិសេសហើយអំពី​ការ​ធ្វើ​សមាជមិនស្រប​ពេល​វេលា មុន​អាណត្តិ ក្រោយ​អាណត្តិ វាជាករណីពិសេសរបស់គេហើយ។ ប្រសិនគាត់ធ្វើ​មិន​ត្រូវ​ចឹង​ណែនាំ​គាត់​ឲ្យធ្វើ​ម្តងទៀតទៅ»។

ទោះជាយ៉ា​ងណាក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថា គណបក្សប្រឆាំង គួរកែសម្រួលបែបណា ទើបអាច​ឲ្យក្រសួងសា​មីមួយនេះ ផ្តល់​សុពល​ភាពដល់ក្បាលម៉ាស៊ីដឹកថ្មីនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យVODដឹងនៅថ្ងៃទី២៣មីនានេះថា លោកក៏មិនអាចប​ញ្ជាក់​លើ​បញ្ហា​​នេះបានដែរ ដោយថាទុកឲ្យបក្សប្រឆាំងជាអ្នកពិចារណាខ្លួនឯង។ប៉ុន្តែលោកថាបើបក្សប្រឆាំងយឺតយ៉ាវ កែស​ម្រួ​លបញ្ហានេះ លោកថាអាចប៉ះពាល់ដល់ការចុះបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់។

ការប្រោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ​២០១៧ពោលគឺនៅស​ល់មិនដល់ពីរខែទៀតទេ។

លោក យឿង សុធារ៉ា បានវិភាគជាទស្សនៈផ្ទាល់ខ្លួនថា គណបក្សប្រឆាំងនៅតែរងការគម្រាមកំហែងដោយយុទ្ធសាស្រ្តផ្សេងៗ ស្របពេលដែលលោក បានលើកយកការស្ទង់មតិរបស់អង្គការបរទេសមួយ​ដែលថា «គណបក្សប្រឆាំងនឹងអាចឈ្នះអាសនៈយ៉ាងហោចណាស់ ៦០ភាគរយ។ ការសិក្សានេះធ្វើទៅលើឃុំប្រហែល១ពាន់ឃុំ នៅតាមខេត្ត។ ដូច្នេះលទ្ធផលនេះអាចជាឥទ្ធិពលមួយ»។

លោកបន្តថា «លទ្ធ​ផលនេះប្រហែលអាចប្រែក្លាយជាការពិត ប្រសិនបើសាមគ្គីភាពផ្ទៃរបស់របស់គណបក្សប្រឆាំងដ៏ធំនេះ នៅតែរក្សាភាពរឹងមាំរបស់ខ្លួនដដែល»។

លោក យឿង សុធារ៉ា កត់សំគាល់ថា លទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ (តំណាងរាស្រ្ត) ឆ្នាំ២០១៣ ក្រោយបក្សសម រង្ស៊ី និងសិទ្ធិមនុស្សចាប់ដៃគ្នា បានធ្វើឲ្យមានមានការភ្ញាក់ផ្អើល ដោយក្នុងឃុំសង្កាត់នីមួយៗសំឡេងគណបក្សប្រឆាំងបានកើនឡើងយ៉ាងខ្លាំង។

លោកថា ទិដ្ឋភាពថ្មីមួយទៀតនៃនិន្នាការនេះ គឺ គណបក្សប្រឆាំងនេះមានលទ្ធផល អាចដាក់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ គ្រប់ឃុំសង្កាត់ទូទាំងប្រទេស ដូចគណបក្សកាន់អំណាចដែរ។

លោកថា «កាលពីមុន ពលរដ្ឋជាច្រើនមិនហ៊ានឈរឈ្មោះជាបេក្ខជនអោយបក្សប្រឆាំងទេ ហើយសូម្បីតែលើកស្លាកសញ្ញាគណបក្សមុខផ្ទះ ឬតាមដងផ្លូវក្បែរមុខផ្ទះ ក៏ភ័យខ្លាចដេកមិនលក់ដែរ។ តែនិន្នការនេះ បានផ្លាស់ប្តូរម្តងបន្តិចហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ