​លោក អេង ឆៃអ៊ាង រិះគន់​លោក ឱម យ៉ិនទៀង ថា​ប្រើ​វិធាន​ការមិន​ខុស​ពី​ខ្មែរ​ក្រហម​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង(ឆ្វេង​) និង​ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ លោក ឱម យ៉ិន​ទៀង

តំណាងរាស្ត្របក្សប្រឆាំងមួយរូបគឺលោក អេង ឆៃអ៊ាង បានរិះគន់ចំៗទៅលើប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀងថា ការចុះឃាត់ខ្លួនមេឃុំម្នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកថាយន្តការចាប់ឃាត់ខ្លួននោះ មិនខុសពីរបបខ្មែរក្រហម។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី២៤ ខែមេសានេះថា នៅវេលាម៉ោង ១០:៣០ នាទី ព្រឹកមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្សុី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់។

លោក អេង ឆៃអ៊ាង សរសេរទៀតថា ការចាប់ខ្លួនមនុស្ស ដោយយោងតាមការឆ្លើយដាក់ពីមនុស្សម្នាក់បែបនេះ លោកថា មិនខុសពីរបបខ្មែរក្រហមឡើយ។

វីអូឌី(VOD)នៅមិនទាន់អាចរកប្រតិកម្មពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឳម យ៊ិនទៀង បានទេដោយលោកមិនលើកទូរស័ទ្ទ។

ប៉ុន្តែកាលពីថ្ងៃទី២៣ ខែមេសា ម្សិលមិញ ក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិ ចាត់វិធានការ ដល់អ្នកពាក់ព័ន្ធមួយចំនួន ដែលក្រសួងចោទក្នុងនោះមានលោក ស៊ាង ចែត ផងដែលថា បានឃុបឃិតគ្នា ជំរុញឲ្យកញ្ញា ខុម ចាន់តារាទី ផ្តល់ចម្លើយមិនពិត ដល់សមត្ថកិច្ច ទាន់ទិននឹងសំនុំរឿងដែលគេចោទថា កញ្ញារូបនោះ មានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

សម្រាប់អ្នកតាមដានសង្គម និងអង្គការសង្គមស៊ីវិលមួយចំនួនវិញ អះអាងថា កញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ត្រូវបានគេយកមកធ្វើជាឧបករណ៍ដើម្បីកេញចំណេញផ្នែកនយោបាយ ទាញទម្លាក់ប្រជាប្រិយភាពបក្សប្រឆាំង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ