អ្នកភូមិ​ថា​ពួកគេ​៣០​សហ​គន៍​នឹង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទប់ស្កាត់​ការបណ្តេញចេញ​

ពលរដ្ឋនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ អះអាងថា ពួកគេ៣០សហគមន៍ នឹងឡើងមករាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ធ្វើយុទ្ធនាការដាក់ញត្តិ ជំរុញឲ្យរដ្ឋាភិបាល កាត់ឃ្វៀលដីជិត៣០ហិកតា ចេញពីដីចំការកៅស៊ូ របស់ក្រុមហ៊ុនមួយ ដែលពួកគេថាដើម្បីទប់ស្កាត់ការបណ្តេញចេញ។

អ្នកស្រី អ៊ុន ស៊ូចេង ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី២៤ ខែមេសានេះថា នៅថ្ងៃទី២៧ ខែមេសា ពួកគេនឹងឡើងមកដាក់ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលស្ត្រីរូបនោះថា ដើម្បីជំរុញឲ្យស្ថាប័នទាំងនោះ កាត់ដីទំហំជាង២៨ហិកតាជូនពួកគាត់ជិត៧០០គ្រួសារ ធ្វើជាកម្មសិទ្ធិស្របច្បាប់ ទប់ស្កាត់ការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនចំការកៅស៊ូមេមុត។

អ្នកស្រី អ៊ុន ស៊ូចេង អះអាងទៀតថា ពួកគាត់ជិត៧០០គ្រួសារនោះបានមករស់នៅភូមិខ្នងក្រពើកើត និងក្រពើកើត ឃុំទ្រមូង ស្រុកមេមុត នេះតាំងពីឆ្នាំ១៩៧៩ បានកើតជាភូមិឃុំ ដែលស្ត្រីរូបនោះថា មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។

ប៉ុន្តែ អ្នកស្រី អ៊ុន ស៊ូចេង ថានៅឆ្នាំ២០០៨ទើបមានក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលមកប្រាប់ពួកគាត់ឲ្យចាកចេញទៅនៅកន្លែងផ្សេង ដោយអះអាងតំបន់នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ។

ស្រី្តរូបនោះថា៖តំបន់នេះកន្លងមកពីសង្គមចាស់នឹងជាចំការកៅស៊ូ របស់បារាំង ដល់ក្រោយមកឆ្នាំ១៩៨២ហ្នឹងរដ្ឋាភិបាលយើងបានប្រម៉ែប្រមូលប្រជាជនយើងនឹងមកនៅវិញ ដើម្បីបង្កើតចំការកៅស៊ូសាមគ្គីឡើងវិញ។ ចេះតែនៅៗទៅក្រទៅៗមានអ្នកណាទៅណារួច មាននរណាមានលុយទៅទិញដីឯណានៅ ងាប់ឳពុកកូនចេះតែធ្វើការបន្តទៀតទៅ ប៉ុន្តែមួយរយៈដែលមានការបណ្តេញចេញហ្នឹងប្រជាពលរដ្ឋភ្ញាល់ផ្អើល ដូចថាវាអត់ន័យ

VODមិនទាន់អាចទាក់ទងភាគីក្រុមហ៊ុនចំការកៅស៊ូមេមុតដើម្បីពន្យល់ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះបានទេ។

ប៉ុន្តែតាមអ្នកភូមិអះអាងថា កន្លងទៅពួកគេធ្លាប់ឡើងមកដាក់ញត្តិនៅក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ផងដែរ ដែលពួកគេថា រហូតមានលិខិតអន្តរាគមន៍ ពីរដ្ឋសភា ប៉ុន្តែពួកគេថា អាជ្ញាធរខេត្តបែរជាឆ្លើយថា ពួកគេមិនហ៊ានដោះស្រាយទេ ដោយអះអាងថា មិនមានលទ្ធិភាពដោះស្រាយ។

បើតាមពលរដ្ឋគិតថា យុទ្ធនាការដាក់ញត្តិជាថ្មីទៀតរបស់ពួកគេនេះនិងជំរុញឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយ ដែលអាជ្ញាធរខេត្ត មិនហ៊ានចេញមុខដោះស្រាយជូនពូកគេ និងជំរុញឲ្យមានដំណោះស្រាយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ