យុវ​ជន​ស្រី​ចំរើន​ទទូច​ឲ្យ​លោក ហេង សំរិន ដាក់វិន័យ​លោក កឹម សុខា រឿង​ស្នេហា

យុវជនមួយក្រុមដែលដឹកនាំដោយយុវជនស្រី ចំរើន ទទូចនៅថ្ងៃអាទិត្យនេះ ឲ្យប្រធានរដ្ឋសភាលោក ហេង សំរិន ដាក់វិន័យទៅលើអតីតអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ដោយអះអាងថា ការមានស្នេហា ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរដ្ឋសភា។

ប្រាប់អ្នកសារព័ត៌មាន មុនដាក់ញត្តិទៅកាន់រដ្ឋសភានៅថ្ងៃទី២៤ ខែមេសានេះ លោក ស្រី ចំរើន អះអាងថា យោងតាមចម្លើយសារភាពរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ ចំពោះមុខតុលាការ កាលពីថ្ងៃទី១៩ ខែមេសា លោកថា លោក កឹម សុខា ពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយកញ្ញារូបនោះពិតប្រាកដមែន។

ករណីនេះ លោកស្រី ចំរើន ទទូចឲ្យប្រធានរដ្ឋសភាលោក ហេង សំរិន មេត្តាអន្តរាគមន៍ និងចាត់វិធានការដាក់វិន័យលើលោក កឹម សុខា ដែលយុវជនរូបនោះគិតថា ជាអំពើពេស្យាចារ អសីលធម៌ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរដ្ឋសភាទាំងមូល។

ក្រៅពីដាក់ញត្តិនៅមន្ទីររដ្ឋសភា យុវជនប្រមាណជា១០នាក់ដែលដឹកនាំដោយលោកស្រី ចំរើននោះក៏បានទៅដាក់ញត្តិនៅស្ថានទូតអាមេរិកផងដែល។

យុជនស្រី ចំរើន បានបង្ហាញមុខយ៉ាងសកម្ម ដាក់ពាក្យប្តឹងលោក កឹម សុខា ទៅក្រសួងពាក់ព័ន្ធផ្សេងៗរូមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែល ប្រឆាំងមេបក្សប្រឆាំងលោក កឹម សុខា បន្ទាប់ពីមានគេបង្ហោះខ្សែរអាត់សំឡេងតាមបណ្តាញសង្គមចោទថា លោក កឹម សុខា មានទំនាក់ទំនងស្នេហាជាមួយ ខុម ចាន់តារាទី។

ប៉ុន្តែក្រុមយុវជននោះ បើទោះបីធ្លាប់អះអាងខ្លួនថា ការចេញមុខនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយក៏មកដល់ពេលនេះ យុវជនមួយក្រុមនោះ មិនទាន់បានដាក់ញត្តិឲ្យសភាកោះហៅមន្ត្រីរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភដីធ្លីពលរដ្ឋ ការបំផ្លាញធន់ធានធម្មជាតិ ឬបូរណភាពទឹកដី ដែលពលរដ្ឋកំពុងព្រួយបារម្ភនោះ មកសួរដេញដោលក្នុងសភានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ