មនុស្ស៨នាក់នៅខេត្តពោធិ៍សាត់ក្អួតចង្អោរសង្ស័យពុលនំមួយប្រភេទ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:35 PM | សន្ដិសុខសុខភាព | 0 | 994

យ៉ាងហោចណាស់មនុស្សក្មេងចាស់ចំនួន៨នាក់ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសង្ស័យថា ពុលនំមួយប្រភេទ។

អធិការស្រុកវាលវែងលោក ធាង លេង ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្ស៉ិលម៉ិញមនុស្សក្មេង ចាស់មានអាយុពីចន្លោះពី១ឆ្នាំដល់ជាង៣០ឆ្នាំចំនួន៨នាក់នៅ ភូមិក្រាំងរងៀង ឃុំអង្លង់រា ស្រុកវាលវែងខេត្តពោធិ៍សាត់ មានអាការៈក្អួតចង្អោរ បន្ទាប់ពីពួកគេញាំនំកញ្ចប់ម៉ាក់លីលី។

ទោះជាយ៉ាងណាលោកថា នៅថ្ងៃចន្ទនេះអ្នក ពុលទាំងនោះបានធូរស្បើយវិញអស់ហើយ។ ចំណែកវិធានការវិញលោកថា សមត្ថកិច្ចបាន ប្រមូលនំកញ្ចប់ម៉ាកលីលីទុកដោយមិនឲ្យពលរដ្ឋបរិភោគ ឬលក់ទៀតទេ ដើម្បីរងចាំឲ្យមន្រ្តីកាំកុង ត្រូលពិនិត្យមើលសិន។

លោកបន្ថែមថា «យោងតាមចំលើយជនរងគ្រោះ ហើយហ្នឹងការវិភាគខាងក្រៅហ្នឹងក្រុមការងារ យើងយល់ឃើញថាពិតជាពុលនំកញ្ចប់លីលីហ្នឹងមែន ព្រោះក្រោយពីហូបនំហ្នឹងទៅគឺមាន ការក្អួតចង្អោរខុសប្រក្រតី ប៉ុន្តែនេះគ្រាន់តែជាការសណ្ឋានទេយើងមិនទាន់មានឧបករណ៍ ពិនិត្យនៅឡើយទេ ប៉ុន្តែយើងបានធ្វើការដកហូតកន្លែងដែលលក់នំហ្នឹងហើយ ដើម្បីយកមករក្សាទុកដើម្បីប្រគាល់ឲ្យកាំកុងត្រូលគេពិនិត្យតាមក្រោយទៀត»។

ផលប៉ះពាល់នៃការបរិភោគអាហារដោយខ្វះការត្រួតពិនិត្យគុណភាព បាននាំឲ្យមនុស្សរាប់រយនាក់បានពុលនំប៉័ងដាក់សាច់ នៅខេត្តសៀមរាប និងពុលនំបញ្ចុក នៅខេត្ត ស្វាយរៀង ហើយពេលថី្មៗនេះមានព្រះសង្ឃ ប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់រយនាក់បានពុលចំណីអាហារនៅតាមបណ្ដាលខេត្តមួយចំនួនដូចជាខេត្ត ឧត្តរមានជ័យ កំពង់ចាម និងស្ទឹងត្រែង។

តាមរបាយការណ៏ទូទាំងប្រទេសរកឃើញថា បញ្ហាពុលចំណីអាហារនេះមាន កើនឡើងជារៀងរាល់ឆ្នាំ និងច្រើនកើតក្នុងពិធីបុណ្យផ្សេងៗ ដោយមិនទាន់គិតពីបញ្ហាពុលចំណី អាហារដែលប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជា រលាកក្រពះ ពោះវៀន តំរងនោម ថ្លើម ជំងឺមហារីកជាដើម​៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required