មនុស្ស​ប្រមាណ២០០នាក់​នឹងជួប​គ្នានៅ​មុខ​វាំង​ចំ​ថ្ងៃ​ខួប​៥​ឆ្នាំ​នៃ​ការ​ស្លាប់​ លោក ឈុត វុទ្ធី

អតីតប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះលោក ឈុត វុទ្ធី

ក្រុម​យុវជនដែល​ស្រលាញ់​បរិស្ថានអះអាងថា ពួកគេ​ប្រមាណ​២០០នាក់​នឹង​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​មើល​តាម​ទូរស័ព្ទ​នូវរឿង​ «ខ្ញុំជា​ឈុត វុទ្ធី» នៅ​មុខ​ព្រះ​បរម​រាជវាំងដើម្បី​រំលឹក​ដល់​សកម្ម​ជន​ព្រៃ​ឈើ​ដ៏​ល្បី​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​​ពី​៥ឆ្នាំ​មុន​។

​លោក​ ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់នៅ​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះកុងកាលពីថ្ងៃ​ទី២៦ មេសាឆ្នាំ២០១២។

ប្រធាន​បណ្តាញ​យុវជន​កម្ពុជាលោក ទឹម ម៉ាឡៃ​ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថាបណ្តាញ​យុវជន​កម្ពុ​ជា ជា​មួយ​នឹង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត​បាន​​រៀប​ចំយុទ្ធនាការ​ទាម​ទារ​រក​យុត្តិ​ធម៌​ដល់ ​លោក​ ឈុត វុទ្ធី ​តាម​រយៈការចូល​រួម​ប្រមូល​​គ្នាបង្ហាញ​នូវ​សារផ្សេង​ៗពីការ​ទាម​ទារ​ចង់​បាន​យុត្តិ​ធម៌លើ​ការ​ស្លាប់​ លោ​ក​ វុទ្ធី​ ទាំង​​ខាង​ក្រៅ និង​ខាង​ក្នុង​បណ្តាញសង្គម។ លោក​បន្ថែម​ថា​យុទ្ធនាការ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៦ ដែល​ជា​ថ្ងៃ​ខួប​ទី​៥​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី។ លោក​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នឹង​មាន​មនុស្ស​ប្រមាណ​ជា​២០០នាក់​នឹង​មក​ចូល​រួម​មើល​រឿង ខ្ញុំ​ជា​ឈុត វទ្ធី នៅ​មុខព្រះ​មរម​រាជវាំងរាជ​ធានីភ្នំពេញ ដើម្បី​រំលឹក​ពី​រវីរៈភាព​របស់​លោក វុទ្ធី។

លោក​ថា៖ «នឹង​មាន​ការ​ចេញ​នូវ​សេច​ក្តី​ប្រកាស ឬ​ក៏​លិខិត​ឬញាត្តិ​មួយ​ដែរ​ដើម្បី​ឲ្យមានការ​គាំទ្រនៅ​មុន​ថ្ងៃ​ទី​២៦។ នៅ​ថ្ងៃ​ទី​២៥​នេះ​នឹង​មាន​ការសុំ​ការគាំ​ទ្រ​ពី​អង្គការ​សង្គម​ស៊ី​វិល ពី​អ្នក​ពាក់​ព័ន្ធអំពីដំណើ​រ​ការ​ឲ្យ​មា​ន​យុត្តិ​ធម៌ចំពោះ​លោក​ ឈុត វុទ្ធី​ បន្តទៀត​ដែរ។ … តាមពិត​ទៅ​យើង​មាន​យុទ្ធនាការផ្លាស់​ប្តូរ​រួបភាព(ហ្វេសបុក) ពីរបី​ថ្ងៃ​មក​ហើយ​ ដើម្បីឲ្យ​អ្នក​ដែល​ធ្វើ​ការ​ខាង​បរិស្ថានធន​ធាន​ធម្មជាតិ ឬ​អ្នក​ដែល​ចង់​ឃើញ​សង្គមហ្នឹង​បន្ត​បាន​នូវ​ភាព​យុត្តិ​ធម៌​តទៅ​ទៀត​ក៏​អាចចូល​រួម​តាម​រយៈផ្លាស់​ប្តូរ​រួប​ភាព​របស់​គាត់​ផង​ដែរ»។

លោក​បាន​បញ្ជាក់​ថាលោក​​មិនបាន​​ដាក់​លិខិត​ទៅ​កាន់​សាលារាជធានី​ដើម្បី​សុំ​ការ​អនុញ្ញាត្តិ​ពី​ការ​ជួប​ជុំ​គ្នា​មើល​រឿង​នេះ​នោះ​ទេ ក៏ព្រោះ​តែការ​ប្រមូល​ផ្តុំ​នេះ​គ្រាន់​តែ​ជា​ការ​ចូល​រួម​បែប​ជា​សាធារណជន​ នៅ​ទីធ្លា​សា​ធារណៈប៉ុណ្ណោះ។

អ្នក​នាំពាក្យ​សាលា​រាជធានីភ្នំពេញលោក ម៉េត មាសភក្តី មាន​ប្រសាសន៍ ថា​រាល់​ការ​ប្រមូល​ផ្តុំ​មនុស្ស​ចំនួន​ច្រើន​បែបនេះ​គួរ​តែ​មាន​ការ​ស្នើ​សុំ​មក​កាន់​សាលា​រាជធានី​ភ្នំពេញ។ លោក​មាន​​ការ​សោក​ស្តាយ​ចំពោះ​ការ​ប្រមូល​ផ្តុំ​ដែល​ពុំ​បាន​សុំ​ច្បាប់អនុញ្ញាត្តិ​នេះ ហើយថា​​សាលា​​រាជធានី​នឹងត្រៀម​​ចាត់​វិធាន​ការ​​នៅ​ពេល​មាន​ការ​ប្រមូល​ផ្តុំ​នេះ។

លោក​ថា៖ «វាមិន​មែន​ធម្មតា​ទេ! វា​ជា​ការ​រៀប​ចំមនុស្ស២០០នាក់ ឧទាហរណ៍​បើ​បង​អញ្ចើញ​ទៅ​ខ្ញុំ​អញ្ចើញ​ទៅ​យើង​អង្គុយ​ចុច​ទូរស័ព្ទរបស់​យើង​ក្នុង​ក្រុម​ពីរ​បី​នាក់​អីទៅ អា​ហ្នឹង​ផ្សេង​ វា​ជា​សកម្មភាព​មួយ។ តែ​បើ​ដូ​ចជា​សម្តី​របស់​យើងថា​អត់​ជា​មាន​ជា​ការ​រៀប​ចំ​អី​ទេ ហេតុ​អី​បាន​ជាគៀង​គរមនុស្ស​ពីរ​បីរយ​នាក់​ទៅ។ អញ្ចឹង​វា​គួរ​តែ​ជា​សកម្មភាព​មួយ​ដែល​គួរមាន​ការ​ស្នើ​សុំ​មាន​ការ​អនុញ្ញាតិ្តពី​អជ្ញាធរ​ដែន​ដី!»។

សំណុំ​រឿងឃាតកម្ម​លើ​លោក ​ឈុត​ វុទ្ធី​ ត្រូវ​បានតុលាការបិទបញ្ចប់​ដោយ​អះអាង​ថា​អ្នក​ដែល​បាញ់​សម្លាប់លោក ឈុត វុទ្ធី នោះ​គឺមន្ត្រី​អាវុធហត្ថខេត្តកោះកុងម្នាក់លោក អ៊ិន រតនា ដែលលោក អ៊ិន រតនា ត្រូវ​មន្ត្រី​ស៊ើប​​អង្កេត​របស់​រដ្ឋា​ភិបាលអះអាងថាបានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់សម្លាប់លោក ឈុត វុទ្ធី ។

ទោះ​ជាយ៉ាង​ណាសម្រាប់​លោក​ម៉ាឡៃ លើក​ឡើង​ថា​ការ​បិទ​សំណុំ​រឿង​នៃ​ឃាត​កម្ម​នេះគឺជា​ការ​បង្វែ​រពី​ការ​ពិត​មួយ​ដែល​នៅ​ពីក្រោយ​ការ​ស្លាប់​លោក​វុទ្ធី ហើយថាលោក​នឹង​នៅ​តែ​ទាម​ទារ​រហូត​មាន​យុត្តិ​ធម៌​​មួយ​ដល់​លោក ឈុត ​វុទ្ធី។

តាមឯកសារនានាបញ្ជាក់ថាលោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពី​ប្រទេស​រុស្សី​។ បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​​នៅឆ្នាំ១៩៩២ លោកបានធ្វើការនៅជ្ឈមណ្ឌលកំចាត់មីន​កម្ពុជានិងធ្វើជាគ្រូបង្ហាត់​នាយទាហាន​នៅ​ក្រសួង​ការពារជាតិ។ លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបំរើការនៅអង្គការឃ្លាំ​មើលបរិស្ថាន​អន្តរជាតិ​មួយ​ឈ្មោះ គ្លូបល វីតនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការមួយនេះ ដែល​ធ្វើការឃ្លាំមើលការកាប់ព្រៃឈើនៅកម្ពុជា។

ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​បណ្តេញអង្គការ(Global Witness) ពីកម្ពុជាលោក ឈុត វុទ្ធី បានបង្កើត​អង្គកា​រ​មួយ​​ឈ្មោះអង្គការពារធនធានធម្មជាតិ ដែលធ្វើការផ្តោតលើការពារព្រៃឈើនៅកម្ពុជា ។ ប៉ុន្តែ​សកម្មជន​ការពារព្រៃឈើដ៏ល្បីរូបនោះ ត្រូវគេបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំណែក​ឯក្រុមគ្រួសារលោក ឈុត វុទ្ធី វិញកំពុងទន្ទឹងរង់ចំាយុត្តិធម៌ បើទោះ​បីរដ្ឋាភិបាល​ប្រកាស​បិទ​ការ​ស៊ើបអ​ង្កេតករណីនេះ ដោយ​បន្សល់​ទុក​នូវ​ការ​សង្ស័យ​ជា​ច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ