តំណាងអ្នកធ្វើការក្នុងវិស័យការងារនៅរក្សាជំហរហែក្បួននៅថ្ងៃ១ឧសភា

តំណាងសហភាព សហព័ន្ធសហជីព និងសមាគមធ្វើការក្នុងវិស័យការងារនៅប្រទេសកម្ពុជា នៅតែរក្សាជំហរហែក្បួនតាមការស្នើសុំរបស់ខ្លួន នៃកម្មវិធី ទិវាពលកម្មអន្តរជាតិ ថ្ងៃ១ ឧសភា ២០១៧ នេះ បើទោះជាសាលារាជធានីភ្នំពេញបដិសេធ។

នៅព្រឹកថ្ងៃទី២៤ មេសា ២០១៧នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ VOD ថា សាលារាជធានីអនុញ្ញាតឲ្យរៀបចំពិធីនៅទីស្នាក់ការរបស់សហជីពរៀងខ្លួន ឬទីតាំងឯកជនណាដែលមានការអនុញ្ញាតពីម្ចាស់ទីតាំង ដោយ​ពុំដង្ហែក្បួន ឬការជួបជុំតាមសួនច្បារមុខCDCទេ។ លោកបានបញ្ជាក់មូលហេតុថា សួនច្បារមិនមែនជាកន្លែងសំរាប់ធ្វើសកម្មភាពបែបនេះ និងចង់បញ្ចៀសការប៉ះពាល់ចរាចរណ៍ និងសណ្តាប់ធ្នាប់។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា ខាងលោកមិនទាន់ទទួលបានការឆ្លើយតបផ្លូវការពីសាលាក្រុងទេ ប៉ុន្តែលោកថា លោកនៅតែរក្សាជំហរធ្វើដដែល ហើយលោកនឹងប្រជុំគ្នាធ្វើការសំរេច។

កាលពីថ្ងៃទី១០ មេសា ២០១៧ តំណាងសហភាព សហព័ន្ធសហជីព និងសមាគមធ្វើការក្នុងវិស័យការងារនៅប្រទេសកម្ពុជា បានស្នើសាលារាជធានីភ្នំពេញ រៀបចំកម្មវិធីខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៧ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព» ដែលមានអ្នកចូលរួម៣០០០នាក់ គ្រោងនឹងជួបជុំគ្នានៅសួនច្បារCDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលព្រឹក រួចបន្តហែក្បួនទៅកាន់រដ្ឋសភាជាតិ ដើម្បីដាក់ញាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ