អ្នកមានជម្លោះដីធ្លីរកអន្តរាគម៍ពីព្រះមហាក្សត្រសុំដោះលែងអ្នកជាប់ឃុំ

អ្នកមានជម្លោះដីធ្លីដែលរងការបណ្ដេញចេញទាំងបង្ខំ នៅថ្ងៃចន្ទនេះ បានរកកិច្ចអន្តរាគម៍ពីព្រះមហាក្សត្រដោយសុំជួយជំរុញទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងដោះស្រាយបញ្ហាដែលសេសសល់នៅក្នុងសហគមន៍របស់ពួកគេ។

អតីតប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ កញ្ញា អ៊ីម ស្រីតូច ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មកដាក់ញត្តិនៅព្រះបរមរាជវាំងថ្ងៃនេះ គឺសុំព្រះមហាក្សត្រជួយអន្តរាគមន៍ទៅលោក ហ៊ុន សែន ឲ្យដោះលែងអ្នកជាប់ឃុំ និងដោះស្រាយបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញដែលនៅសល់នោះឲ្យបានឆាប់។ កញ្ញាបន្តថា កន្លងមកពួកគាត់បានរកកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗ ប៉ុន្តែគ្មានស្ថាប័នណាអាចដោះស្រាយបានទើបពួកគាត់មករកព្រះមហាក្សត្រឲ្យជួយ។

កញ្ញាថា «ខ្ញុំមានជំនឿជាក់ថាព្រះមហាក្សត្រលោកចង់និយាយថាបញ្ហាទាំងអស់ដែលកើតឡើងមកលើប្រជាពលរដ្ឋសម្ដេចនាយករដ្ឋមន្ត្រីគាត់មានលទ្ធភាពក្នុងការដោះស្រាយ។ បើសិនញត្តិពួកខ្ញុំទាំងអស់គ្នាដល់ដៃព្រះករុណា ហើយលោកបានជំរុញទៅសម្ដេច ហ៊ុន សែន គាត់ជួយដោះស្រាយបញ្ចប់រឿងបញ្ហារបស់ពួកខ្ញុំទាំងអស់គ្នាទាំងដីធ្លី អង្គការសង្គមស៊ីវិល ដែលជាប់ឃុំ និងមន្ត្រី គ.ជ.ប និងសកម្មជនដីធ្លីនេះគឺប្រាកដជាបានដំណោះស្រាយ»។

អ្នកស្រី អ៊ុំ ណារី រស់នៅបុរីកីឡាលើកឡើងប្រហាក់ហែលគ្នាដែរថា អ្នកស្រីចង់ឲ្យព្រះមហាក្សត្រជួយជំរុញទៅលោកនាយករដ្ឋមន្ត្រីឲ្យដោះស្រាយបញ្ហាដីធ្លីពួកគាត់ ដោយសារការអភិវឌ្ឍរបស់រដ្ឋាភិបាល។ អ្នកស្រីបន្តថា ពួកគាត់មករកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រនៅពេលនេះ ដោយសារតែ ព្រះមហាក្សត្របានលែងទោសពួកគេចំនួន១១នាក់កាលពីឆ្នាំ២០១៥។

អ្នកស្រីថា«ពួកខ្ញុំ៤សហគមន៍បានដាក់ញត្តិឲ្យព្រះករុណជួយអន្តរាគមន៍ទៅ សម្ដេច ហ៊ុន សែន ឲ្យដោះលែងអ្នកដែលជាប់ទោសជំនាន់ ទេព វន្នី និង អ៊ីម ស្រីតូច កន្លងមកបានលទ្ធផល។ ចឹងបានម្ដងហ្នឹងខ្ញុំសង្ឃឹមបើញត្តិបានទៅដល់ព្រះករុណាប្រហែលជាអន្តរាគមន៍ដូចមុនទៀតហើយ តែខ្ញុំខ្លាចញត្តិនេះមិនទៅសម្ដេចព្រះករុណា​ បើដល់មានលទ្ធផល ព្រោះខ្ញុំធ្លាប់ទទួលបានលទ្ធផលម្ដងហើយ ដោះលែង អ៊ីម ស្រីតូច ទេព វន្នី ប៉ុន្មាននាក់ ម៉ាមី»។

មន្រ្តីរដ្ឋបាលក្រសួងព្រះបរមរាជវាំង លោក អ៊ិត សុភាព បានចេញមកទទួលញត្តិរបស់ពលរដ្ឋដោយលោកថា នឹងបញ្ជូនញត្តិនោះតាមបែបបទរដ្ឋបាល។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ពលរដ្ឋរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ ដោយសារ ពួកគេអស់ជំនឿទៅលើអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

លោកថា «ជាធម្មតាប្រជាពលរដ្ឋគាត់យល់ដឹងច្រើនអំពីយន្តកាលនានានៅក្នុងប្រទេស ចឹងគាត់មានជំរើសច្រើន ចឹងនៅពេលដែលគាត់ទៅរកយន្តកាលថា្នក់ក្រោមជាតិមិនអាចដោះស្រាយបានចឹងគាត់ទៅរកយន្តកាលថ្នាក់ជាតិ ហើយនៅពេលនេះយន្តកាលថ្នាក់ជាតិក៏ដូចជាមានការយឺតយ៉ាវមិនឆ្លើយតបនិងសេចក្ដីត្រូវការចង់បានរបស់គាត់បានចឹងគាត់ទៅរកយន្តកាលមួយទៀតដែលលើយន្តកាលថ្នាក់ជាតិគឺ ព្រះមហាក្សត្រ»។

លោកបន្តថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាដីធ្លីនេះ និងដោះលែង មន្ត្រីការពារសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លីឲ្យមានសេរីភាព ដើម្បីកុំឲ្យប្រជាពលរដ្ឋនាំគ្នាដើរតវ៉ាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ