អ្នកសារព័ត៌មានបង្ហាញការយល់ឃើញខុសគ្នា ករណីលោក ជុន ច័ន្ទបុត្រ

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

អ្នកធ្វើការផ្នែកវិស័យព័ត៌មានមួយចំនួន​បានលើកឡើងថា សំណុំរឿង​អ្នក​គ្រប់​គ្រង​វិទ្យុ​អាស៊ី​សេរី​ ដែល​រង​ការ​​ចោទ​​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធធនាគារសួរសុខទុក្ខសកម្មកជនបក្សប្រឆំាង​ កាល​ពេល​ថ្មីៗ​នេះ មិន​ខុស​ក្រម​សីល​ធម៌(វិជ្ជាជីវៈ)និងច្បាប់នោះទេ​។

កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ លោក ជុន ច័ន្ទបុត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​​លោក ឡុង រី នៅ​ពេល​ចូល​ទៅ​សួរ​សុខ​ទុក្ខ​​សកម្ម​ជន​ដទៃ​ទៀត​របស់​បក្ស​ប្រឆាំងចំនួន១៦នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ក្រោយ​មក​​តុលាការ​បានចេញដីកាកោះឲ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ខណៈ​មាន​ការ​សង្ស័យ​ថា ភូតកុហកសមត្ថកិច្ច​។

លោក ជុន ច័ន្ទបុត្រ ប្រាប់VODថាលោកចូលទៅពន្ធនាគារគោលបំណងធំចង់ជួបអ្នកវិភាគនយោបាយ​លោក គឹម សុខ ក្រោយពីលោកធ្លាប់លើកឡើងថា មានអ្នកបង្ខំឲ្យលោកទទួលយកលក្ខខ័ណ្ឌមួយចំនួន ជា​ថ្នូរ​បាននៅក្រៅឃុំ។

ពាក់ព័ន្ធនឹងករណីនេះ នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធ បានពន្យល់ជាទូទៅថា ករណីអ្នកសារព័ត៌មានបន្លំខ្លួន និងលាក់​អត្ត​សញ្ញាណ ក្នុងគោលបំណង​ស៊ើប​អង្កេតរកព័ត៌មាន យកទៅផ្សព្វផ្សាយប្រាប់សាធារណៈជន​មិនខុសក្រមសីលធម៌ និងមិនខុសច្បាប់​នោះ​ទេ​។

លោក ឈានណារិទ្ធ ក៏បាន​លើកឧទារណ៍ ករណីលោក ជុន ច័ន្ទបុត្រ ដូចនេះថា​ «លោក ជុន ច័ន្ទបុត្រ ​ចូល​ទៅពន្ធនាគារព្រៃស ដើម្បីទៅជួបលោក គឹម សុខ មានប្រយោជន៍ទំាងសាធារណៈជន មានប្រយោជន៍​ទំាងរដ្ឋាភិបាល ក៏ដូចជាមន្ត្រីនៅក្នុង​ពន្ធនាគារខ្លួនឯងទៀតផង​ ផលប្រយោជន៍​ទីមួយ​សម្រាប់​​សាធារណៈជន យើងចង់ដឹងថាតើសុខទុក្ខរបស់លោក គឹម សុខ យ៉ាងម៉េច​ ព្រោះ​អីព័ត៌​មាន​ទាក់ទងនិងលោក គឹម សុខ នេះគឺជាព័ត៌មានដែលមានតម្លៃ ទីពីរមានប្រយោជន៍ចំពោះរដ្ឋភិបាល ដើម្បីកុំ​ឲ្យ​មាន​ការចោទប្រកាន់​រដ្ឋាភិបាល ក៏ដូចជាចោទប្រកាន់មន្ត្រីពន្ធនាគារថា​លោក គឹម សុខត្រូវ​បាន​គេ​គម្រាម​កំហែង​ឬធ្វើ​ទុកបុកម្នេញណាមួយ»។

លើសពីនេះទៀត លោក ឈានណារិទ្ធ បង្ហាញជាចង្ងល់ថា ករណីលោក ច័ន្ទបុត្រ ហេតុអ្វីបានជាតុលាការ មិនកោះហៅអ្នកយាមនៅច្រកចូលពន្ធនាគារដែលអនុញ្ញាតឲ្យលោក ច័ន្ទបុត្រ ចូលនោះ បែរ​ជាកោះ​ហៅ​តែ​​តំណាងរាស្ត្របក្សប្រឆំាងលោកស្រី មួរ សុខហួរ លោក ឡុង រី និងលោក ច័ន្ទបុត្រ​។ លោកយល់ ករណី​នេះ​អ្នកដែលមានកំហុសគឺ​មន្ត្រីយាមនៅច្រកចូលនោះ ដែល​មិនបាន​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុ​​ង​​ជ្រោយ។

ប្រធានគម្រោងសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននៃអង្គការ UNESCO លោក ឆាយ សុផល បាន​សរ​សេរ​នៅ​លើហ្វេសប៊ុករបស់លោកមានខ្លឹមសារថា ការមិនបង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជា​អ្នក​សារ​ព័ត៌​មាន​​នៅក្នុងតំបន់គ្រោះថ្នាក់ ឬតំបន់ហាមឃាត់មួយចំនួន​សម្រាប់​ព័ត៌មានស៊ើបអង្តេត ដូចជា កន្លែង ជួញ​ដូរ​ផ្លូវភេទ រង្គ​សាល​មាន​ប្រើ​សារជាតិញៀនខុសច្បាប់ និងប្រព្រឹត្តអំពើ​អនាចារ អាស​អាភាស​ ជួញ​ដូរ​មនុស្ស កន្លែង​ដែល​មាន​មន្រ្តី​​​កឹបកេងលួចបន្លំ​សម្បត្តិ​រដ្ឋ​ធ្វើជាសម្បត្តិខ្លួន បង្កើត​អំពើ​ពុក​រលួយ និង​បង្ត​ភាព​​អយុត្តិ​ធម៌ជាដើម ​គឺមិនខុសនោះទេ។

លោកសរសេរថា «រឿង​ក្រម​សីល​ធម៌​សារព័ត៌មានគឺនៅត្រង់ថា តើការមិនបង្ហាញ​អត្ត​សញ្ញាណ​របស់​អ្នក​សារព័ត៌មាននោះ ក្នុង​បំណង​​បម្រើ​ឲ្យ​វិជ្ជាជីវៈ​ព័ត៌មាន​ស៊ើប​អង្កេត​ស្វែងរកការពិត ឬក៏​ផល​​ប្រយោជន៍​នយោបាយ និង​លាភ​សក្ការៈ​របស់ខ្លួន?” នៅក្នុងរបប ប៉ុល ពត ឆ្នាំ១៩៧៥ – ១៩៧៩ ការមិនបង្ហាញ​អត្ត​សញ្ញាណ​​របស់ខ្លួនក៏អាចរស់រានមាន ជីវិតបានដែរ។ ត្រូវចាំថា អ្នក​សារព័ត៌មានមិនមែនអ្នកនយោបាយទេ ព្រោះ​​អ្នក​ទាំង​ពីរ​មានជំនាញខុសគ្នា»។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាទីប្រឹក្សា​​បណ្តាញផ្សព្វផ្សាយ​កម្ពុជា លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ករណីលោក ជុន ច័ន្ទបុត្រ លោកមិនអត្ថាធិប្បាយច្រើនទេ​ ដោយថា​សំណុំរឿង​នេះបានដល់ដៃតុលាការហើយ។ ប៉ុន្តែលោកថា ករណី លោក ច័ន្ទបុត្រ ជាបទពិសោធន៍​មួយ​សម្រាប់​អ្នកសារព័ត៌មានត្រូវ​ប្រុងប្រយ័ត្ននៅពេលចុះប្រមូលព័ត៌មាន​។

លោកមានប្រសាសន៍ថា «សម្រាប់ខ្ញុំករណីលោក ជុន ច័ន្ទបុត្រ វាជាមេរៀនមួយដែល​ធ្វើឲ្យខ្ញុំ​ក្នុង​នាម​ជាអ្នកសារព័ត៌មាន ហើយនឹងធ្វើកិច្ចការសារព័ត៌មាន មានការគិតកាន់តែច្រើន​ ទៅលើសុវត្ថិភាព និង​ការ​បំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទំាងកន្លែងដែលស្ថាប័នអនុវត្តច្បាប់​ ទំាងកន្លែងដែលមាន​ប្រព្រឹត្ត​បទ​ល្មើស ឬកន្លែងដែលមានគ្រោះថ្នាក់ ដូចជាកន្លែងមានសារធាតុពុល​ ឬក៏​កន្លែងផ្ទុះ ឬក៏កន្លែងរំញ្ជួយផែនដី ដែល​គេហៅថា គិតពីសុវត្ថិភាពអ្នកសារព័ត៌មាន វាមិនមែនតែរឿងនិន្នាការនយោបាយតែមួយមុខទេ គឺរឿង​​គ្រប់ទំាងអស់ទាក់ទងនិងសុវត្ថិភាពអ្នកសារព័ត៌មាន»។

គួរបញ្ជាក់ថា តុលាការ​​សម្រេច​ចេញ​ដី​កា​កោះ​ហៅលោក ជុន ច័ន្ទបុត្រ ​គឺធ្វើឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VOD ​​ថា លោក ជុន ច័ន្ទបុត្រ អាច​ជាប់​ពន្ធនាគារ ប្រសិន​បើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចេតនា​បន្លំ​សមត្ថកិច្ច​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ