សមាគមខ្មែរស្នើនាយករដ្ឋមន្ដ្រីវៀតណាមប្រគល់ដីវត្តមួយកន្លែងឲ្យខ្មែរក្រោមវិញ

នាយក​រដ្ឋមន្រ្តី​ថ្មី​វៀត​ណាម​លោក ង្វៀន សួនហ្វ៊ុក(រូបថតដោយAFP)

សមាគមខ្មែរកម្ពុជាក្រោមទទូចឲ្យនាយករដ្ឋមន្ដ្រីវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើការជួយអន្ដរាគមន៍ដោះស្រាយ ករណីរំលោភយកដីវត្តខ្មែរមួយកន្លែងក្នុងទឹកដីវៀតណាម។

យោងតាមសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជាបានស្នើនាយករដ្ឋមន្ដ្រីវៀតណាមដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាគឺលោក ង្វៀន សួនហ្វ៊ុក ធ្វើការពិនិត្យ និងសើរើឡើងវិញលើករណីរំលោភយកដីវត្ត «មុនីរង្ស៊ី មេពាំង» ដែលអាជ្ញាធរស្រុកកូវកែ (Cau Ke) និងគណកម្មការប្រជាជនខេត្តត្រាវិញ (វៀតណាម) សម្រេចកាត់ផ្នែកខ្លះឲ្យទៅគ្រួសារជនជាតិវៀតណាមឈ្មោះ ផាង វ៉ាន់កួរ។

បើតាមសេចក្ដីថ្លែងការណ៍ សមាគមនេះ បានជំទាស់នឹងសេចក្ដីសម្រេចរបស់អាជ្ញាធរវៀតណាមចំពោះករណីនេះ ដោយរំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៦ អាជ្ញាធរខេត្តត្រាវិញបានចេញប័ណ្ណកម្មសិទ្ធិទទួលស្គាល់ និងកាត់ដីវត្ត «មុនីរង្សី មេពាំង» មួយភាគក្នុងទំហំជាង១ពាន់ម៉ែត្រក្រឡា ឲ្យទៅជនជាតិវៀតណាមឈ្មោះ ផាង វ៉ាន់កួរ។ សមាគមខ្មែរកម្ពុជាថា ការចេញប័ណ្ណកម្មសិទ្ធិនេះ គឺរឿងអយុត្ដិធម៌ ដោយថា ទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធមិនបានចុះវាស់វែងលើព្រំដី ឬមានសាក្សីណាមួយទទួលស្គាល់ទេ និងថា នេះជាការឃុបឃិតគ្នារវាងអាជ្ញាធរវៀតណាម និងគ្រួសារ ផាង វ៉ាន់កួរ។

សមាគមខ្មែរកម្ពុជាក្រោមអះអាងថា «វត្តមុនីរង្ស៊ី មេពាំង» ជាវត្តរបស់ពុទ្ធបរិស័ទខ្មែរ តាំងពីអំឡុងទសវត្ស១៨ មុនឆ្នាំ១៨៥១មកម្ល៉េះ។ សមាគមនេះក៏បានផ្ញើលិខិតមួយជូនប្រធានរដ្ឋវៀត​ណាម ដើម្បីជួយអន្ដរាគមយកដីវត្តមកវិញ ដោយថា “អំឡុងឆ្នាំ១៩៩៣ និង ឆ្នាំ១៩៩៤ មានគ្រួសារ​ជនជាតិយួន​​​​មួយចំនួន​បានមកស្នើ​សុំដី​វត្ត​ស្នាក់​នៅ​បណ្តោះ​​អាសន្ន ហើយបានសន្យាថានឹងសងមកវិញនៅពេលដែល​វត្ត​ត្រូវការ ដោយពួកគេមិនទាន់បានសងដីវត្តផង ស្រាប​​តែ​ក្រោយមក ក៏ឃើញមានមួយគ្រួសារ ដែលមានឈ្មោះ ផាង​ វ៉ាំង​កួរ ដែលអាជ្ញាធរមូលដ្ឋានវៀតណាម​​​បាន​ចេញប្លង់កម្មសិទ្ធិស្របច្បាប់ទៅវិញ”  និងថា ដើមឡើយគ្រួសារឈ្មោះ ផាង វ៉ាំងកួរ មិនដែលមានវត្តមានលើដីវត្តនោះទេ។

នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា  គណៈកម្មការវត្តមុនីរង្ស៊ី មេពាំងបានប្ដឹងជំទាស់ជាបន្ដបន្ទាប់នឹងសេចក្ដីសម្រេចនេះ និងថា នៅឆ្នាំ២០១៦ តុលាការវៀតណាមបានសម្រេចម្ដងទៀត ដោយថា នៅតែប្រគល់ដីនោះឲ្យឈ្មោះ ផាង វ៉ាំងកួរ ដដែល។ លោកថា៖«ឆ្នាំ១៩៩៦ គេបានចេញប្លង់ឲ្យគ្រួសារវៀតណាម ​ដែលយកដីវត្តហ្នឹង។ ហើយដល់ពេលនៅបុកឌិញ ក៏មានការប្ដឹងផ្ដល់អត់ព្រម ដល់ប្ដឹងផ្ដល់ទៅ នៅឆ្នាំ២០១៣ ចាប់ផ្ដើមគេមកសម្របសម្រួល ដើម្បីសិក្សាពីការប្ដឹងផ្ដល់ហ្នឹង​ ក៏គេសម្រេចឲ្យទៅដីយួនដដែល គេអត់មានការអនុញ្ញាតឲ្យឈ្នះទេ។​ វត្តនៅមិនព្រមក៏ប្ដឹងទៅខាងតុលាការស្រុក (វៀតណាម) ដល់តុលាការស្រុក តុលាការស្រុកវត្ត ពុទ្ធបរិស័កចេញតែម៉ង»។

សមាគមខ្មែរកម្ពុជាក្រោម ក៏ទទូចឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញវៀតណាម និងច្បាប់អន្ដរជាតិនានា ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយ។

សូមជំរាបថា នាយករដ្ឋមន្រ្ដីវៀតណាម លោក ង្វៀន សួនហ្វ៊ុក កំពុងបំពេញទស្សនកិច្ចមកកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ ២៦មេសា ឆ្នាំ២០១៧ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតកម្ពុជានិងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ