អាមេរិកបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដល់ចុងឆ្នាំ ២០២០

លោក ហ៊ុន សែន និងលោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិកបានសម្រេចបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាបន្តទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានពិនិត្យឡើងវិញនូវប្រព័ន្ធនេះ ដែលសេចក្ដីសម្រេចថ្មីនេះ នឹងជួយជ្រោមជ្រែងដល់ការនាំចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់អាមេរិក។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសាកន្លងមកនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់បន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ហៅកាត់ថា GSP កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកនេះ ដោយមានសុពលភាពរហូតដល់ចុងឆ្នាំ២០២០ខាងមុខ។

ក្នុងលិខិតដដែលនោះ ក្រសួងពាណិជ្ជកម្មបានប្រាប់ទៅដល់ក្រុមហ៊ុនឯកជននានាដែលនាំផលិតផលទៅកាន់អាមេរិកនោះ ឲ្យទៅដកប្រាក់ពន្ធវិញនៅមុនថ្ងៃទី១៩ ខែកញ្ញាខាងមុខ បន្ទាប់ក្រុមហ៊ុនទាំងនោះ បានបង់ប្រាក់ពន្ធចាប់ពីដើមខែមករាឆ្នាំនេះមក។

ឆ្លើយតបនឹងវីអូឌីតាមប្រព័ន្ធអេឡិចត្រូនិចនៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានស្វាគមន៍ចំពោះសេចក្ដីសម្រេចបែបនេះពីសំណាក់រដ្ឋបាលអាមេរិក ហើយចាត់ទុកថា ជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា។

អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរ លោក កាំង ម៉ូលីកា បានបង្ហាញភាពរីករាយចំពោះការសម្រេចបែបនេះរបស់រដ្ឋាភិបាលអាមេរិក ដោយថា វានឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។
លោកថា៖ «ការពិតទៅ រដ្ឋាភិបាលអាមេរិកត្រូវស៊ីញ៉េ[ចុះហត្ថលេខា]តាំងពីចុងឆ្នាំ២០១៧ម៉្លេះ តែដោយសារគាត់ជាប់រវល់ជាមួយនឹងច្បាប់ផ្សេងៗទៀត ដល់អញ្ចឹងធ្វើឲ្យមានការយឺតយ៉ាវក្នុងការ Renew GSP ហ្នឹងឡើងវិញ»។

ក្រៅពីសាទរហើយនោះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន ក៏ចង់ឃើញផងដែរថា អាមេរិកអាចនឹងឈប់យកពន្ធទូទៅដូចសហភាពអឺរ៉ុប។

លោកថា៖ «នៅចុងឆ្នាំ២០១៦ ដើមឆ្នាំ២០១៧នេះ គឺគេអនុគ្រោះតែទំនិញកាបូបយូរដៃគ្រប់ប្រភេទ កាបូបស្បែកគ្រប់ប្រភេទដែលគេហៅថា Travelling Goods។ ហ្នឹងគឺថា ពន្ធនាំចូលទៅអាមេរិកហ្នឹង គឺពន្ធស្នើសូន្យ ហើយបើតាមទំនិញអីផ្សេងៗ បើតាមខ្ញុំដឹងប្រហែលជា ៩ភាគរយ។ បើគិតពីការយកពន្ធពេញវាប្រហែលជា ២០ភាគរយឯណោះ ហើយការនាំទៅសហគមន៍អឺរ៉ុប គឺគេអត់យកពន្ធទេ គឺស្មើសូន្យគ្រប់ប្រភេទតែម្តង(លើកលែងតែអាវុធ)»។

ប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានរដ្ឋាភិបាលអាមេរិកសម្រេចផ្ដល់ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក ដោយភ្ជាប់ជាមួយលក្ខណៈវិច្ឆន័យ ១៥ចំណុច ដែលធានាដល់ការគោរពសិទ្ធិកម្មករ ប្រឆាំងពលកម្មកុមារ ការពារកម្មសិទ្ធិបញ្ញា និងការបើកចំហរទីផ្សារប្រកបដោយសមធម៌សម្រាប់អាមេរិកវិញ។

តួលេខពីការិយាល័យស្ថិតិអាមេរិក បានឲ្យដឹងថា កម្ពុជាបាននាំទំនិញមានតម្លៃដល់ទៅជាង ៣ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ដែលភាគច្រើនលើសលប់ គឺជាផលិតផលសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលកម្ពុជានាំចូលទំនិញពីអាមេរិកមានតម្លៃជាង ៤០០លានដុល្លារ កាលពីឆ្នាំ២០១៧កន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ