ពលរដ្ឋ​បុរីកីឡា​មួយ​ក្រុម​ទៀត​ស្វែង​រកអន្តរាគមន៍ពីលោក ហ៊ុន សែន ជុំ​វិញ​វិវាទដីធ្លី

អ្នកស្រី គឹម សារ៉ាន់ តំណាងរបស់អ្នកអតីតបុរីកីឡា

ពលរដ្ឋមួយក្រុមដែលអះអាងថា ជាអ្នក​រស់​នៅ​ក្នុង​សហគមន៍បុរីកីឡាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច​នោះ បាន​ស្វែង​រក​កិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ចប់វិវាទ​ដីធ្លីរបស់​ពួកគេ។

អ្នកស្រី អូន កងវិសាគ័រ ដែល​អះអាងថា តំណាងឲ្យពលរដ្ឋ ៤៧គ្រួសារ​នោះ បាន​ប្រាប់វីអូឌីថា ពួកគាត់​ចំនួន ១០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញ្ញត្តិ​នៅ​​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំជួយដោះស្រាយបញ្ចប់​ជម្លោះដីធ្លី ដោយថា វិវាទនោះអូសបន្លាយរយៈពេល ៦ឆ្នាំហើយ ដោយ​ថា អាជ្ញាធរមូលដ្ឋាន​មិនបានដោះស្រាយ​បញ្ចប់ឲ្យពួកគាត់នោះទេ។

អ្នកស្រី​បន្ថែម​ថា ពួកគាត់​ពុំ​ធ្លាប់​ចេញ​តវ៉ា​នោះ​ឡើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​ឈួស​ឆាយ​ផ្ទះ​សម្បែង​របស់​ពួកគាត់​នៅ​ឆ្នាំ​២០១២ ដោយ​ថា ពួកគាត់​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ៧មករា ដែលសន្យា​ដោះ​ស្រាយ​វិវាទ​នេះ។

អ្នកស្រីបន្ថែមថា៖ «កាលពីដំបូងហ្នឹង គេប្រាប់ថា កុំឲ្យដើរ កុំឲ្យអុកឡុក តែដើរឡុកឡុក គេអត់ដោះស្រាយឲ្យ​យើងទេ។ អញ្ចឹង យើងនៅ​ស្ងៀមទៅ។ អ្នកណាអាចជួលផ្ទះបាននៅៗសិនទៅ ចាំដល់ពេលដោះស្រាយ គេហៅ​យើងមកដោះស្រាយ។ ដល់ពេលអញ្ចឹង ប៉ុន្មានថ្ងៃមុខគេប្រកាសក្នុងទូរទស្សន៍ថា បុរីកីឡាគេដោះស្រាយចប់ ហើយពួកខ្ញុំក៏ភ្ញាក់ផ្អើល ដោះស្រាយចប់អី បើពួកខ្ញុំមិនទាន់បានផងហ្នឹង។ ការពិតគ្មានចប់ទេ ពួកខ្ញុំមានឯកសារត្រឹមត្រូវទាំងអស់»

ពលរដ្ធម្នាក់ទៀតអ្នកស្រី ភោគ សុភីន និយាយថា អាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាបំភ្លេចសន្យាដោយទុកពួកគាត់ចោលដោយមិនដោះស្រាយសំណងផលប៉ះពាល់ឲ្យពលរដ្ឋឡើយ។

អ្នកស្រីបន្ថែមថា៖ «ពេលអាជ្ញាធរដោះស្រាយ ពួកបងមិនដែលមានឈ្មោះដោះស្រាយម្តងណាទេ ពេលប្រជុំ​នៅ​សាលា​ក្រុង គេថា ខ្ញុំនៅក្រៅចេនឡា គេថា គាត់អត់ដោះស្រាយឲ្យទេ គេទទួលស្គាល់តែអ្នកនៅក្នុងចេនឡា។ ចុះ​ឈួសឆាយផ្ទះខ្ញុំហ្នឹងមានច្បាប់អីណាឲ្យឈួស ដែលខ្ញុំនៅទីនេះជិត ៣០ឆ្នាំហើយ មានដីមានផ្ទះត្រឹមត្រូវ»

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក គង់ ចំរើន មិនទទួលយកញត្តិរបស់ពលរដ្ឋទាំងនោះទេ ដោយលើកហេតុ​ផលការធ្វើសំណើរនោះខុសនីតិវិធីរដ្ឋបាល ដោយតម្រូវឲ្យធ្វើសារជាថ្មី។

ចំណែកអ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី មិនទាន់អាចឆ្លើយបានភ្លាមៗទេជុំវិញរឿងពលរដ្ឋមួយក្រុម​ទៀត​ចេញតវ៉ារឿងដីធ្លី​នៅបុរីកីឡានេះ ដោយប្រាប់​ថា ចាំ​ស្រាវជ្រាវ និងពិនិត្យ​មើល​សិន។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វិវាទដីធ្លីនៅបុរីកីឡា គឺ​មានពលរដ្ឋដែលរងផលប៉ះពាល់មួយចំនួនបានចេញតវ៉ា និងពលរដ្ឋខ្លះទៀតមិនបានចេញចេញតវ៉ានោះទេ ដោយសារស្តាប់តាមអាជ្ញាធរ។

លោកបាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​ដំណោះ​ស្រាយ​គ្មាន​តម្លាភាព​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យ​យកច្បាប់ជាគោលក្នុងការដោះស្រាយបញ្ចប់​វិវាទដីធ្លីនេះ ជាជាងប្រើអំណាចគំរាមកំហែងដើម្បី​ដោះស្រាយ។

លោកបន្ថែមថា៖ « លោកនាយរដ្ឋមន្រ្តីបានលើកឡើង ហើយមានការព្រមានដល់មន្រ្តីថ្នាក់ក្រោម ជាពិសេសរដ្ឋមន្រ្តីដែលពាក់ព័ន្ធហ្នឹងថា ឲ្យដោះស្រាយឲ្យប្រជាពលរដ្ឋ កុំទុកឲ្យប្រជាពលរដ្ឋហ្នឹងទៅតវ៉ាដល់ផ្ទះសម្តេច ហើយអីកុំចាំតែសម្តេចធ្វើការដោះស្រាយ។ អញ្ចឹង សំខាន់បំផុតអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ក្រោមហ្នឹង ត្រូវដោះស្រាយបញ្ហាទាំងអស់នេះ។ យើងជាសង្គមស៊ីវិល យើងតែងតែផ្តល់អនុសាសន៍​តាំងពីដើមមក យើង​ធ្វើការដោះស្រាយអ្វីក៏ដោយ យើងត្រូវយកច្បាប់មកធ្វើការដោះស្រាយ កុំដោះស្រាយតាមលក្ខណៈបុគ្គល តាមលក្ខណៈនៃអំណាច»

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះ ​សន្យាសង់អគារចំនួន ១០ ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្ស័យធនដែលបណ្តាលឲ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង ចេញ​តវ៉ារហូតមកដល់សព្វថ្ងៃនេះ៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ