ស្រ្តីជិត៨០ឆ្នាំជាសកម្មជនដីធ្លីនៅបឹងកក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យក្រោយប៉ះទង្គិចជាមួយអាជ្ញាធរ

តំណាងអ្នកតវ៉ាអះអាងថា ស្ត្រីអាយុ៧៧ឆ្នាំម្នាក់ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៅយប់មិញនេះ បន្ទាប់ពីស្ត្រីរូបនោះបានប្រតាយប្រតប់ជាមួយអាជ្ញាធរដែលចុះបំបែកពួកគេមិនឲ្យធ្វើពិធីបួងសួងបែបសាសនាមួយនៅក្នុងសហគមន៍ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស។

តំណាងអ្នកតវ៉ាអ្នកស្រី ទេព វន្នី ឲ្យដឹងថានៅយប់ថ្ងៃទី២៣ខែឧសាវេលាម៉ោងប្រមាណជិត៨យប់ កម្លាំងចម្រុះជិត១០០នាក់របស់សាលារាជបានចុះទៅរឹបអូសយកស្គរ បដា និងជាន់កម្ទេច ទៀន ធូប និងផ្កាឈូក ដែលអ្នកភូមិកំពុងរៀបចំធ្វើពិធីបួងសួងនៅក្នុងសហគន៍ជំរុញឲ្យរដ្ឋភិបាលដោះលែងមន្ត្រីការពារសិទ្ធិអាដហុក៤នាក់និងមន្ត្រី គ.ជ.ប ម្នាក់។

អ្នកស្រី ទេព វន្នី ឲ្យដឹងទៀតថានៅពេលដែលអាជ្ញាធរចុះបំបែកពួកគេនោះ ស្រ្តីមា្នក់ឈ្មោះ ង៉ែត ឃុត អាយុ៧៧ឆ្នាំបានព្យាយាមការពារសម្ភារៈសក្ការៈបូជានោះមិនឲ្យអាជ្ញាធររឹបអូស ហើយក៏ត្រូវប៉ះទង្គិចបណ្តាលឲ្យចុកទ្រូង ដកដង្ហើមមិនរួចត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រទាំងយប់។ ស្ត្រីរូបនោះថាមកដល់ពេលនេះ លោកយាយ ង៉ែត ឃុត ហៅមាមីនោះ នៅបន្តព្យាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។

អ្នកស្រី ទេព វន្នី យល់ថាវិធានការនោះរដ្ឋាភិបាលបានរំលោភសិទ្ធិអ្នកភូមិដែលធ្វើការតវ៉ាដោយសន្តិវិធីនិងបានអះអាងថាយុទ្ធការទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនៅតែបន្តបើទោះបីមានការរំខាននិងព្រមានអីអាជ្ញាធរបែបនេះក៏ដោយ។

អ្នកស្រីនោះថា៖ “គាត់ធ្វើរូបភាពមកសហាវម៉ង ចូលមកដូចបំបិទសិទ្ធិសេរីភាពយើងម៉ង មកដល់ទីតាំងម៉ង មកដល់សហគមន៍សឹងថាមកដល់ផ្ទះយល់ម៉ង ចា! បំបិតសិទ្ធិយើងធ្ងន់ធ្ងរជាងមុនមែនទែន ប៉ុន្តែពួកខ្ញុំទាំងអស់គ្នាកាន់តែមានកំហឹងឈើចាប់កាន់តែមានការប្តេជ្ញាកាន់តែខ្ពស់ថា ពួកខ្ញុំអត់រាថយហើយអត់ចុះចាញ់

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់មានលោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០១៦ តាមការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយថាអ្នកទាំងនោះបានសមគំនិតនិងសូកប៉ាន់សាក្សី ខុម ចាន់តារ៉ាទី ឲ្យផ្តល់ចម្លើយកុហកតុលាការលើសំនុំរឿងស្នេហារអាថកំបាំងរបស់នាងដែលថាពាក់ព័ន្ធលោក កឹម សុខា។

ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យាដា អះអាងថាបើទោះបីការតវ៉ានោះដោយសន្តិវិធីក៏ដោយ ប៉ុន្តែលោកថាការតវ៉ានេះគ្មានច្បាប់អនុញ្ញាតិមានរូបភាពពាក់អាវពណ៌ខ្មៅប្រឆាំងរដ្ឋាភិបាលដែលលោកថាអាជ្ញាធរត្រូវតែប្រើវិធានការច្បាប់។

លោក មាន ចាន់យាដា ព្រមានថាបើអ្នកភូមិនៅតែបន្តធ្វើរូបភាពតវ៉ាបែបនេះទៀតលោកថាវិធានការពេលក្រោយនឹងរឹតតែធ្ងន់ធ្ងរជាងនេះ។

លោកថា៖ “បាទ! យើងធ្វើទៀត យើងដកហូតសម្ភារៈទៀត ហើយនឹងអប់រំគាត់ទៀត ហើយគាត់នូវតែប្រឆាំង ឈានទៅដល់កម្រិតធ្ងន់ធ្ងរណាមួយ យើងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់។ ហើយអារឿងហ្នឹងគាត់ដឹងច្បាស់ហើយតើបង ព្រោះគាត់ជាសកម្មជនតវ៉ាពហុវិស័យ។ នៅពេលVODសួរថា បងលើកឡើងថាការតវ៉ានោះអត់ច្បាប់ ចុះបើគាត់ដាក់លិខិតសុំច្បាប់សាលាក្រុងនឹងអនុញ្ញាតិទេ? គាត់ថា មិនអនុញ្ញាតិទេនេះជាយុទ្ធនាការប្រឆាំង ប្រឆាំង

ប៉ុន្តែមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ហៅវិធានការនោះថាជាការរំលោភសិទ្ធិបញ្ចេញមតិដោយសន្តិវិធីដែលធានាដោយរដ្ឋធម្មនុញ្ញនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកជំរុញឲ្យរដ្ឋាភិបាលពិពិនិត្យឡើងវិញពីច្បាប់ជាតិនិងអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជាបានផ្តល់សច្ចាប័ន។

លោកថា៖ “ខ្ញុំគិតថាវារំលោភធ្ងន់ធ្ងរ(រំលោភសិទ្ធិមនុស្ស) ពីព្រោះសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយគាត់ធ្វើដោយសន្តិវិធីនៅមូលដ្ឋានគាត់នៅផ្ទះសំបែងគាត់ ហើយយើង(អាជ្ញាធរ)បានប្រើប្រាស់នូវអំពើហិង្សា ហើយទៅបំផ្លិចបំផ្លាញទ្រព្យសម្យត្តិរបស់គាត់ទៀតនោះបាទ!

មាត្រា៣៧រដ្ឋធម្មនុញ្ញចែងថាសិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។ ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

លោកយាយ ង៉ែត ឃុត ដែលតំណាងអ្នកភូមិអះអាងថាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ធ្លាប់ចេញតវ៉ាជិត១០ឆ្នាំហើយប្រឆាំងនឹងការបណ្តេញពីបឹងកក់។

ការតវ៉ាច្រើនឆ្នាំមកនេះស្រ្តីអាយុ៧៧ឆ្នាំរូបនោះត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារយ៉ាងតិចពីរដង និងពេលខ្លះគាត់រងរបួសនៅពេលប៉ះទង្គិចជាមួយកម្លាំងសន្តិសុខខណ្ឌដែលមានដំបងនិងពេលខ្លះត្រូវឆក់ឲ្យដួលសន្លប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ